website_news:2020280502

សម្ដេច ស ខេង៖ បញ្ហាកូវីដ១៩ ធ្វើឱ្យពលរដ្ឋជួបបញ្ហាជីវភាព និងងាយរងគ្រោះក្នុងអំពើជួញដូរមនុស្ស

https://thmeythmey.com/ 27, May 2020 , 10:29 pm

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បញ្ជាឲ្យមន្រី្តនៅតាមច្រកព្រំដែនទប់ស្កាត់ពលរដ្ឋ ដែលលួចឆ្លងដែនត្រឡប់ទៅក្រៅប្រទេស ដើម្បីជៀសវាងការឆ្លងដែនខុសច្បាប់ ។ សម្ដេច ក៏បញ្ជាឱ្យអាជ្ញាធរមេក្លោងដែលឆ្លៀតឱកាសនាំពលរដ្ឋឆ្លងដែលខុសច្បាប់ ខណៈដែលជំងឺកូវីដ១៩រាតត្បាតទូទាំងពិភពលោកនេះ។ សម្ដេច ស ខេង បានបញ្ជាក់ថា បញ្ហាកូវីដ១៩ ធ្វើឱ្យពលរដ្ឋជួបបញ្ហាជីវភាព និងងាយរងគ្រោះក្នុងអំពើជួញដូរមនុស្ស ដូច្នេះអាជ្ញាធរទាំងអស់ ត្រូវទប់ស្កាត់ និងបង្ក្រាបការឆ្លងដែនខុសច្បាប់ ឱ្យខានតែបាន។

ថ្លែងក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិដៅការងារឆ្នាំ២០២០ ថ្ងៃទី២៧ ឧសភា សម្ដេច ស ខេង បានបញ្ជាក់ដូច្នេះថា៖«បញ្ហាថ្មីៗ(កូវីដ១៩និងផ្សេង)ចុងក្រោយនេះ គឺជាការប្រឈមមុខនឹងបញ្ហាជីវភាពរបស់ពលរដ្ឋ ពិសេសមុខសញ្ញាងាយរងគ្រោះក្នុងអំពើជួញដូរមនុស្ស និងក្រុមប្រជាពលរដ្ឋជាពលករ ដែលប៉ុនប៉ងលួចឆ្លងដែនចូលទៅប្រទេសថៃ»។ កន្លងមក អាជ្ញាធរក៏បានបិទច្រកព្រំដែនផ្លូវការដែរ ប៉ុន្តែពលរដ្ឋនៅតែបន្តព្យាយាមឆ្លងតាមច្រករបៀង ខណៈដែលប្រទេសថៃកំពុងដាក់ប្រទេសក្នុងគ្រាអាសន្ន។សម្ដេច ស ខេង ស្នើឱ្យអាជ្ញាធរតាមបណ្ដាខេត្តជាប់ព្រំដែន ខិតខំប្រមូលកម្លាំងទប់ស្កាត់សកម្មភាពពលរដ្ឋនេះ។ «សមត្ថកិច្ចតាមព្រំដែនទាំងអស់ ពិសេសរដ្ឋបាលដែនដី កម្លាំងកងយុទ្ធពលខេមរភូមិន្ទ កងកម្លាំងនគរបាលជាតិ និងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត រួមសហការគ្នាទប់ស្កាត់ពលរដ្ឋលួចឆ្លងដែនចូលប្រទេសថៃ និងចាប់មេខ្យល់យកមកផ្តន្ទាទោស»។ នេះជាបញ្ជារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានលើកឡើងថា មេខ្យល់ដែលនាំពលករខ្មែរត្រឡប់ចូលប្រទេសថៃវិញ មានជាហូរហែរ ហើយត្រូវបានសមត្ថកិច្ច ថៃចាប់បញ្ជូលត្រឡប់មកកម្ពុជាវិញជាបន្ដបន្ទាប់។ នៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិដៅការងារឆ្នាំ២០២០ថា លោក ជូ ប៊ុនអេង បានថ្លែងថា៖ «នេះជារលកថ្មីនៃ អំពើជួញដូរមនុស្សឆ្លងដែនដែលនាងខ្ញុំ ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សូមអំពាវនាវ ទៅដល់ក្រុមការងារទាំងអស់ជាពិសេសថ្នាក់ក្រោមជាតិ បង្កើនការយកចិត្តទុកដាក់និងអនុវត្តជាមួយរាជរដ្ឋាភិបាល»។

គិតត្រឹមថ្ងៃទី២៥ ឧសភា ពលរដ្ឋ១០៧នាក់ (ស្រី៣៩នាក់) នៅខេត្តបន្ទាយមានជ័យ បានឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ហើយត្រូវអាជ្ញាធរថៃបញ្ជូនត្រឡប់មកវិញ។ ពលរដ្ឋជាង១០០នាក់នេះ ក៏មានអ្នកខ្លះរងការធ្វើបាបពីអាជ្ញាធរថៃដែរ។ មិនតែប៉ុណ្ណោះសមត្ថកិច្ច ក៏ធ្លាប់ចាប់មេក្លោងនាំពលរដ្ឋឆ្លងដែនទៅប្រទេសថៃដែរ ហើយសមត្ថកិច្ចគ្រាន់តែអប់រំប៉ុណ្ណោះ។ ប៉ុន្តែក្រោយមានការប្រជុំជាមួយក្រុមការងារកាលពីពេលថ្មីៗនេះ អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់លើពលរដ្ឋឬបុគ្គលណា ដែលព្យាយាមឆ្លងដែនខុសច្បាប់ទៀត។ នេះបើតាមបញ្ជាក់របស់លោក មែ សុខំ ជំនួយការនាយករដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅថ្ងៃទី២៧ឧសភា។ ចំណែកនៅខេត្តបាត់ដំបងវិញ មានអ្នកឆ្លងដែលខុសច្បាប់ ដែលត្រូវអាជ្ញាធរថៃចាប់បញ្ជូនត្រឡប់មកវិញ១០៦នាក់ ក្នុងនោះមានស្រី៤០នាក់ និងក្មេង៦នាក់។ នេះបើតាមរបាយការណ៍ដែលសារព័ត៌មានថ្មីៗ ទទួលបានពីនាយករដ្ឋបាលខេត្តបាត់ដំបងលោក ឆាយ ម៉ាទីណាល់។

ជុំវិញបញ្ហានេះ សម្ដេច ស ខេង ជំរុញឱ្យអាជ្ញាធរបង្កើនការផ្សព្វផ្សាយអំពីហានីភ័យដល់ពលករនៅក្រៅប្រទេស ដោយត្រូវសហការជាមួយស្ថានទូតខ្មែរប្រចាំប្រទេសនីមួយៗ ដែលមានពលករទៅធ្វើការនៅទីនោះ ចំពោះបញ្ហាងាយរងគ្រោះដោយអំពើកេងប្រវញ្ញ និងការជួញដូរក្រោមរូបភាពផ្សេងៗ។

កាលពីឆ្នាំ២០១៩ សមត្ថកិច្ច បានបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ សរុបចំនួន១៦៩ករណី កើនឡើង៣៥ករណី ស្មើនឹង២៦,១១ភាគរយ បើធៀបនឹងឆ្នាំ២០១៨ ដែលមានតែ១៣៤ករណីប៉ុណ្ណោះ។ ក្នុងនោះសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ២២៩លើ២២៤នាក់ និងបានសង្គ្រោះជនរងគ្រោះចំនួន៤៥៦នាក់លើ២៣០នាក់ ព្រមទាំងបានផ្ដន្ទាទោសជនល្មើស ជាច្រើនករណីទៀតផង បើធៀបនឹងឆ្នាំ២០១៨។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ៕

website_news/2020280502.txt · Last modified: 2020/05/28 14:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki