website_news:2020280503

សាកសពពលរដ្ឋខ្មែរចំនួន១៨១សាកសព ត្រូវបាន បញ្ជូនមកពីក្រៅប្រទេស

https://www.rasmeinews.com/ May 27, 2020, 1:26 PM

ដោយៈមុនីរ័ត្ន/ភ្នំពេញ: សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បាន បញ្ជាក់ថា ការបញ្ជូនសាកសពពលរដ្ឋខ្មែរមកពីក្រៅប្រទេស ត្រឡប់មកកម្ពុជាវិញមានការថយចុះ គឺមាន ចំនួន៥៥សាកសព ក្នុងនោះបញ្ជូនមកពីកូរ៉េ ១២ សពថៃ ៣៥សព ជប៉ុន ១សព និងម៉ាឡេស៊ី ៧សព។ តែទិន្នន័យពីសមត្ថកិច្ចតាមច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា ថៃទទួលបាន ១២៦សាកសពបន្ថែមទៀត ក្នុងនោះសពស្ត្រី២៤នាក់ និងសពកុមារ២នាក់។ ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ។ សម្តេចក្រឡាហោមបានបន្តថា តាមរបាយការណ៍ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិពលរដ្ឋខ្មែរសង្ស័យរងគ្រោះដោយអំពើជួញដូរមនុស្ស ដែលត្រូវបានសម្របសម្រួលបញ្ជូនត្រឡប់មកកម្ពុជា តាម រយៈស្ថានទូត ស្ថានអគ្គកុងស៊ុលកម្ពុជានៅប្រទេស និងបានសហការជាមួយអង្គការដៃគូ មានចំនួន ៣៦.២៧១នាក់ (ប្រុស ២០.៤១៩នាក់ . ស្រី ១៥.៨៥២នាក់) ដែលភាគច្រើនដាច់ខាតជាពលករ ដែលចូលទៅធ្វើការក្នុងប្រទេសគោលដៅដោយខុសច្បាប់។ ទន្ទឹមនឹងនោះ តាមរបាយការណ៍នគរបាលប៉ុស្តិ៍អន្តោប្រវេសន៍បានឲ្យដឹងថាការបញ្ជូនពលករត្រឡប់តាមច្រកទ្វារអន្តរជាតិ ដោយអាជ្ញាធរបរទេសសរុប ១៤.៥៣៧នាក់ លើ ៣១.៦០៩នាក់ក្នុងឆ្នាំ២០១៨ ពោលគឺថយចុះ ៥៤%។ សម្តេចក្រឡាហោម ស ខេង បានថ្លែងថា លទ្ធផលការងារឆ្នាំ ២០១៩កន្លងទៅ បានបញ្ជាក់អំពីភាពរីកចម្រើន នៃកិច្ចខិតខំប្រឹងប្រែង ក៏ដូចជាភាពប្រឈម និងចំណុចសេសសល់ទាំងឡាយដែលយើងទាំងអស់គ្នាចាំបាច់ត្រូវបន្តខិតខំថែមទៀត មិនអាចធ្វេសប្រហែសបាន ។ ជនល្មើសនៅតែឆ្លៀតឱកាស និងរកគ្រប់មធ្យោបាយ បន្តធ្វើសកម្មភាពទាំងនៅក្នុង និងក្រៅប្រទេស តាមគ្រប់រូបភាព រីឯប្រជាពលរដ្ឋមួយចំនួនក៏នៅតែរងគ្រោះ ហើយផលវិបាកនៃភាពប្រថុយប្រថាននិងការធើ្វទេសន្តរប្រវេសន៍ខុសច្បាប់ ក៏នៅតែបន្តកើតមាន។

សម្តេចក្រឡាហោមបន្តថា ដូចរៀងរាល់ឆ្នាំដែរ យើងបានធ្វើការបង្ការទប់ស្កាត់តាមគ្រប់វិធានការ ទាំងវិធានការផ្សព្វផ្សាយអប់រំ និងវិធានការជំនាញ ។ ការអប់រំផ្សព្វផ្សាយ ត្រូវបានធ្វើឡើង៨៥.៧៥២លើក តាមទ្រង់ទ្រាយតូច ធំ ដោយផ្ទាល់ និងដោយប្រយោល បានទៅដល់មនុស្ស ៧.១១៥.៦២២ នាក់ ដែលក្នុងនោះ វេទិកាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ និងវេទិកាសាធារណៈនៅតាមមូលដ្ឋាន ជាពិសេស ការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព គឺជាមធ្យោបាយដ៏មានសក្តានុពល នៅគ្រប់ទីកន្លែងក្នុង ដែលបានធ្វើឲ្យជ្រួតជ្រាបដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ នៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចក្រឡាហោម ស ខេង បានបន្តទៀតថា ចំពោះការងារអនុវត្តន៍ច្បាប់ អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបានចំនួន១៦៩/១៣៤ករណី កើន៣៥ករណី ស្មើនឹង២៦,១១% ឃាត់ខ្លួនជនសង្ស័យ បានចំនួន២២៩/២២៤នាក់ (ស្រី៧២នាក់) ក្នុងនោះ ជនសង្ស័យជាអនីតិជន១១នាក់ និងជនបរទេសចំនួន៤០នាក់ មាន៧សញ្ជាតិ រួមមាន ៖ អូស្រ្ដាលី២នាក់ រុស្ស៊ី១នាក់ អង់គ្លេស២នាក់ ថៃ១នាក់ ចិន២៩នាក់ អាម៉េរិក៤នាក់ និងឥណ្ឌា១នាក់។ សង្គ្រោះជនរងគ្រោះបាន ចំនួន៤៥៦/២៣០នាក់ ក្នុងនោះ អាយុក្រោម១៥ឆ្នាំ ១៤១នាក់ អាយុ១៥-១៧ឆ្នាំ៥៥នាក់ និងអាយុ១៨ឆ្នាំឡើង ២៦០នាក់ ។ ព្រមទាំង ប្រគល់មន្ទីរសង្គមកិច្ច ចំនួន១៦៥នាក់ និងប្រគល់ឲ្យគ្រួសារជនរងគ្រោះវិញ បានចំនួន២៩១ករណី៕សរន/Ha

website_news/2020280503.txt · Last modified: 2020/05/28 14:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki