website_news:2020280505

ឃាត់ពលករខ្មែរប្រុសស្រី១៥នាក់ពីរករណីផ្សេងគ្នាបម្រុងលួចឆ្លងដែនខុសច្បាប់ចេញទៅប្រទេសថៃ

http://nokorwatnews.com/ 27-05-2020

ខេត្តបន្ទាយមានជ័យ៖ ពលករប្រុសស្រីចំនួន១៥នាក់ ត្រូវបានកម្លាំងនគរបាលការពារព្រំដែនគោក៨៩១ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួននៅកន្លែងផ្សេងគ្នាដោយពួកគេបម្រុងលួចឆ្លងដែនខុសច្បាប់ចេញទៅប្រទេសថៃ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ករណីទី១ លោកអនុសេនីយ៍ឯក សែម សាមឿន នាយប៉ុស្តិ៍ក្បាលស្ពានបានប្រាប់ថា នៅពេលកម្លាំងនគរបាលការពារព្រំដែនគោក៨៩១ របស់លោកចុះល្បាតក៏ប្រទះឃើញពលករប្រុស.ស្រី៦នាក់ ក្នុងនោះស្រី១នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ចេញទៅទឹកដីថៃ ក៏ឃាត់នៅវេលាម៉ោង៦ និង៥០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅចំណុចមាត់អូរ ក្នុងភូមិ.សង្កាត់.ក្រុងប៉ោយប៉ែត។ ក្រោយពីសួរនាំពលករបានឲ្យដឹងថា ពួកគាត់មកតាមម៉ូតូឌុប ដែលគេយកតម្លៃ២.៥០០បាត(ប្រាក់ថៃ) ហើយសន្យាថា និងជូនឆ្លងចូលទៅក្នុងផ្សារុងក្លឿ ព្រោះថៅកែនៅចាំទទួលយកទៅធ្វើការ។ ក្រោយពីបានអប់រំណែនាំពីបញ្ហាប្រឈមនិងជំងឺកូវីដ-១៩ និងបញ្ហាប្រឈមនានាជុំវិញការលួចឆ្លងដែនខុសច្បាប់ កុំឲ្យចាញ់បោកមេខ្យល់ រួចធ្វើកិច្ចសន្យាឲ្យត្រឡប់ទៅស្រុកកំណើតវិញ។

ករណីទី២ នៅវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃខែដដែល កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនពលករខ្មែរប្រុស.ស្រីចំនួន៩នាក់ ក្នុងនោះមានស្រី៣នាក់បន្ថែមទៀត នៅចំណុចផ្សារមង្គល ស្ថិតក្នុងភូមិសង្កាត់កើតហេតុដដែល។ លោក អធិការនគរបាលក្រុងប៉ោយប៉ែតធិន ស៊ិនដេតបញ្ជាក់ថា ការឃាត់ខ្លួនពលករប្រុស.ស្រី៩នាក់នេះ កម្លាំងនគរបាលក៏បានឃាត់ខ្លួនបានមេខ្យល់ម្នាក់ផងដែរ។ លោកអធិការបញ្ជាក់ថា មេខ្យល់ និងពលករខ្មែរទាំងនោះ ត្រូវបានបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ហើយនិងកំពុងសួរនាំផងដែរ៕ ដោយ៖វណ្ណា

website_news/2020280505.txt · Last modified: 2020/05/28 14:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki