website_news:2020280506

នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនឃាត់ខ្លួននារីគ្រប់គ្រង២នាក់ និងកុមារ៦នាក់

http://btv.com.kh/nation-news/ 27/05/2020

ភ្នំពេញ៖ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះប្រតិបត្តិការស្រាវជ្រាវ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខ បានឃាត់ខ្លួនស្រ្តីសង្ស័យជាអ្នកគ្រប់គ្រង២នាក់ និងកុមារ៦នាក់ ក្នុងនោះមានទារក២នាក់ ពាក់ព័ន្ធករណី កេងប្រវ័ញ្ចពលកម្មលើកុមារ(ក្នុងរូបភាពដើរសុំទាន)។

ប្រតិបត្តិការនេះដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សម្របសម្រួលពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងមានការបញ្ជាផ្ទាល់ដោយលោក ឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ជនសង្ស័យជាអ្នកគ្រប់គ្រង២នាក់ និងកុមារ៦នាក់ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅចំណុច ផ្សារឈូកមាស មូលដ្ឋានសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មុនឈានដល់ការឃាត់ខ្លួនស្ត្រីសង្ស័យ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនធ្វើការស្រាវជ្រាវ ជាច្រើនថ្ងៃ រហូតដល់ស៊ីជម្រៅ បានចុះទៅឃាត់ខ្លួនស្រ្តីសង្ស័យ និងកុមារចំនួន៦នាក់ បានភ្លាមៗតែម្ដង នាំមកការិយាល័យជំនាញដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្ន ស្រ្តីសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននាំមកសាកសួរ រួចឃុំខ្លួនបណ្ដោះអាសន្នដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ចំណែកកុមារទាំង៦នាក់ ត្រូវបាននគរបាលប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕(ដោយ៖កុម្ភៈ)

website_news/2020280506.txt · Last modified: 2020/05/28 14:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki