website_news:2020280703

ព្រោះបញ្ហាជីវភាពសម័យកូវីដ១៩ បង្ខំឆ្លងដែនខុសច្បាប់ត្រូវឃាត់ខ្លួន

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២០ ម៉ោង ០៩:៤២ ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ ៖ ដោយសារតែបញ្ហាជីវភាពគ្រួសារសម័យកូវីត១៩ បានធ្វើឲ្យពលករខ្មែរមួយចំនួនសម្រេចចិត្តខុស ហ៊ានឆ្លងដែនខុសច្បាប់ចំណាយទាំងប្រាក់អត់ប្រយោជន៍ខាតទាំងពេលវេលា ព្រោះត្រូវគេចាប់លើទឹកដីថៃបញ្ជូនត្រឡប់ ។ ជាក់ស្តែង ពលករប្រុសស្រី២៦នាក់ មានទាំងកុមារផង ត្រូវបានសមត្ថកិច្ចថៃធ្វើការចាប់ខ្លួនជាប់បន្ទាត់ព្រំដែន ក្នុងឃុំផានស៊ឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ក្រោយឆ្លងព្រំដែនពីកម្ពុជា ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២៦ កក្កដា២០២០។ គេមិនទាន់ស្គាល់អត្តសញ្ញាណពលករទាំងនេះទេ ដឹងត្រឹមតែស្រី១១នាក់ កុមារម្នាក់ និងមកពីតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជានេះបើយោងតាមកាចុះផ្សាយរបស់គេហទំព័រ និងកាសែតក្នុងស្រុកថៃមួយ។

យោងការសាកសួរពលករខាងលើ ប្រាប់សមត្ថកិច្ចថាត្រូវមេខ្យល់ខ្មែរម្នាក់ នាំឆ្លងដែនកណ្តាលអធ្រាត្រ ដោយយកប្រាក់ម្នាក់៣០០០បាត។ ក្រុមពលករបន្តទៀតថា កន្លងមកធ្លាប់ធ្វើការនៅស្រុកថៃ ហើយពេលនេះចង់ទៅធ្វើការនៅកន្លែងដើម ព្រោះជីវភាពគ្រួសារក្រីក្រ តែមិនទាន់ដល់គោលដៅផង ក៏ត្រូវគេចាប់ខ្លួន។ ពលករទាំងនេះត្រូវសមត្ថកិច្ចថៃឡោមព័ទ្ធចាប់ក្នុងចំការអំពៅមួយកន្លែងចំណុចកើតហេតុខណៈពួកគេចូលទៅពួននៅទីនោះ។

លោកវរសេនីយ សួង សៅ មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ៨១៥ ប្រចាំនៅបន្ទាត់ព្រំដែន ក្នុងស្រុកម៉ាឡៃ ប្រាប់តាមទូរស័ព្ទថា ករណីខាងលើដំបូង ខាងលោកចុះល្បាតប្រទះឃើញមានដានជើងមនុស្សឆ្លងដែន ក៏ទាក់ទងទៅសមត្ថកិច្ចថៃឲ្យជួយទប់ស្កាត់ទើបគេចាប់បានពលករទាំងនេះក្នុងចំការអំពៅថៃ។ ក្រោយពិនិត្យសុខភាពនៅក្នុងបន្ទាយទាហ៊ានថៃ កងរយ១២០៦ពលករទាំងនេះត្រូវគេបញ្ជូនត្រឡប់មកកម្ពុជាតាមច្រករបៀងអូរបីជាន់ ដែលជាច្រកកិច្ចព្រមព្រៀងរវៀងខេត្តទាំង២ កម្ពុជា-ថៃ បន្ទាយមានជ័យ និងស្រះកែវ ។

គួរបញ្ជាក់ថា ពលករខុសច្បាប់ដែលភាគីថៃចាប់ក្រោយពួកគេឆ្លងព្រំដែន និងវិលត្រឡប់់ពីតាមបណ្តាខេត្តក្រុងក្នុងសម័យកូវីតមានរហូតជាង ២៥០០០នាក់នេះ បើយោងរបាយការណ៍របស់សមត្ថកិច្ចជំនាញខេត្តបន្ទាយមានជ័យ៕

website_news/2020280703.txt · Last modified: 2020/07/28 14:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki