website_news:2020280704

ឃាត់ខ្លួនពលរដ្ឋជិតមួយពាន់នាក់ ដែលព្យាយាមឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ

https://www.cen.com.kh/ July 28, 2020

បាត់ដំបងៈ សមត្ថកិច្ចការពារព្រំដែន បានធ្វើការហាមឃាត់ប្រជាពលរដ្ឋខ្មែរជិតមួយពាន់នាក់ ដែលបានព្យាយាមលួចឆ្លងដែន ដោយខុសច្បាប់ចូលទៅក្នុងប្រទេសថៃនៅតាមច្រករបៀងនានាស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ខណៈពេលក្នុងអំឡុងមានការបិទព្រំដែនរវាងកម្ពុជា-ថៃ មិនឲ្យមានអ្នកធ្វើដំណើរឆ្លងកាត់ពីសំណាក់ពលរដ្ឋទាំងពីរប្រទេស ក្រៅពីការដឹកជញ្ជូនទំនិញចេញចូលនោះ ។ ការលើកឡើងបែបនេះ ក្នុងពិធីផ្សព្វផ្សាយ ស្តីពីការ បង្ក្រាបការជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និងវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅស្រុកសំពៅលូន ដែលរៀបចំដោយអាជ្ញាធរខេត្ត និងអង្គការ IOM នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកស្រី ស៊ុំ ចិន្តា អភិបាលរងខេត្តបាត់ដំបង។

លោកស្រី ស៊ុំ ចិន្តា អភិបាលរងខេត្តបាត់ដំបង បានមានប្រសាសន៍ថា អាជ្ញាធរខេត្តបាត់ដំបង នៅតែមានការព្រួយបារម្ភ ចំពោះការព្យាយាមលួចឆ្លងដែន ដោយខុសច្បាប់ពីសំណាក់ពលរដ្ឋខ្មែរ ចូលទៅក្នុងប្រទេសថៃ តាមច្រករបៀងនានា។ ព្រោះកាលពីពេលថ្មីៗនេះ កងកម្លាំងការពារព្រំដែន បានឃាត់ខ្លួនពលរដ្ឋដែលលួចចូលទៅថៃតាមច្រករបៀងនានាចំនួនប្រមាណជិតមួយពាន់នាក់ ដែលក្នុងនោះមានពលរដ្ឋរស់នៅខេត្តបាត់ដំបងផងនិងបណ្ដាខេត្តផ្សេងៗទៀតផង តាមរយៈមេខ្យល់បញ្ចុះបញ្ចូល។ លោកស្រី ស៊ុំ ចិន្តា បានអំពាវនាវយ៉ាងទទូច ដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធ្មត់ ដោយកុំឲ្យបន្តលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃទៀត ព្រោះទាំងមានហានិភ័យក្នុងការចាប់បញ្ជូនមកវិញ ពីអាជ្ញាធរប្រទេសថៃ ប្រឈមការជួញដូរកម្លាំងពលកម្ម ជួញដូរផ្លូវភេទ ពិសេសបញ្ហាឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលពិភពលោកកំពុងមានការព្រួយបារម្ភជាខ្លាំង។

គួរបញ្ជាក់ថា សម្រាប់ច្រកព្រំដែនជាប់នឹងខេត្តបាត់ដំបងគឺមានការអនុញ្ញាតឲ្យឆ្លងកាត់ដឹកទំនិញតែ ២ច្រកទ្វារអន្តរជាតិប៉ុណ្ណោះ គឺច្រកទ្វារអន្តរជាតិដូងស្ថិតក្នុងស្រុកកំរៀង និងច្រកទ្វារអន្តរជាតិភ្នំដីស្ថិតក្នុងស្រុកសំពៅលូន ដោយមិនមានការអនុញ្ញាតឲ្យមនុស្សឆ្លងកាត់ដូចមុននោះទេ ៕ ដោយៈអ៊ុងសារុំ

website_news/2020280704.txt · Last modified: 2020/07/28 14:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki