website_news:2020280708

ពលរដ្ឋខេត្តបាត់ដំបង ដែលរងគ្រោះដោយកូវីដ-១៩ ស្នើអាជ្ញាធរជួយស្វែងរកការងារឲ្យពួកគេធ្វើ

http://btv.com.kh/ 28/07/2020

បាត់ដំបង ៖ ប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ដែលបាននឹងកំពុងរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ដោយសារតែវិបត្តិ កូវីដ១៩ បានស្នើទៅអាជ្ញាធរខេត្ត ឱ្យជួយស្វែងរកការងារ និងផ្សព្វផ្សាយឲ្យទូលំទូលាយពីទីតាំងមានការ ងារធ្វើ ដើម្បីឲ្យពួកគេបានដឹង និងស្នើសុំធ្វើការ ដើម្បីបានចំណូលដោះស្រាយជីវភាពប្រចាំថ្ងៃ។ ក្នុងពេលចូលរួមក្នុងពិធីផ្សព្វផ្សាយ ស្តីពីការបង្ក្រាបការជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និងវិធានការទប់ស្កាត់កូវីដ១៩ នៅស្រុកសំពៅលូន កាលពីថ្ងៃទី២៧ ខែកក្កដា ប្រជាពលរដ្ឋ បានលើកឡើងថា ពួកគេធ្លាប់បានទៅធ្វើការងារនៅប្រទេសថៃ តែអំឡុងការផ្ទុះ ឡើងនៃជំងឺកូវីដ១៩ ក៏បានត្រឡប់មកស្រុកខ្មែរវិញ ប៉ុន្តែពេលត្រឡប់មកដល់ស្រុកកំណើត ប្រឈមការ អត់ការងារធ្វើ ហើយក៏មិនអាចត្រឡប់ទៅស្រុកថៃវិញ ព្រោះតែមានការបិទព្រំដែន មិនឲ្យពលរដ្ឋឆ្លងកាត់ ក្រៅពីទំនិញ។ ប្រជាពលរដ្ឋ បានបន្តថា បញ្ហាអត់ការងារធ្វើនេះ ធ្វើឲ្យពួកគេបានខិតខំស្វះស្វែង និងស៊ើបរកការងារពីទីកន្លែងផ្សេងៗ ទាំងតាមរយៈការសួរនាំពីអ្នកស្គាល់ តាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គមហ្វេសប៊ុកជាដើម នៅតែមិនទាន់មានការងារធ្វើទៀត។ ក្រៅពីការស្នើសុំឲ្យជួយរកការងារធ្វើ ពលរដ្ឋក៏បានស្នើអាជ្ញាធរ ជួយប្រាប់ពីទីតាំងនៃការរៀនវគ្គជំ នាញខ្លីៗ ដើម្បីអាចបើកអាជីវកម្មផ្ទាល់ខ្លួន និងរកចំណូលបាន សម្រាប់ចិញ្ចឹមជីវភាពប្រចាំថ្ងៃ ចៀសវាង ការធ្វើចំណាកស្រុកទៅក្រៅប្រទេស ។

ពាក់ព័ន្ធសំណើពលរដ្ឋ អ្នកស្រី ស៊ិប ស៊ីសូលី ប្រធានមជ្ឈមណ្ឌលការងារ ខេត្តបាត់ដំបង បានលើកឡើងថា ពលរដ្ឋនៅក្នុងខេត្ត ដែលចង់រកការងារធ្វើ គឺខាងមជ្ឈមណ្ឌលអាចរកការងារជូនពួកគេទៅតាមសមត្ថភាព ហើយនៅពេលមានអ្នកដាក់ពាក្យស្នើសុំ ខាងក្រុមការងារ នឹងបញ្ជូនឈ្មោះទៅខាងនិយោជក ឬស្ថាប័នផ្សេងៗ ដែលត្រូវការជ្រើសរើសបុគ្គលិក ខណៈបច្ចុប្បន្ននៅបាត់ដំបង ក៏មានតម្រូវការបុគ្គលិកច្រើន ។ អ្នកស្រី បានបញ្ជាក់ថា ដោយឡែក វគ្គបណ្ដុះបណ្ដាលខ្លីៗ នៅខេត្តបាត់ដំបង ក៏មានវិទ្យាស្ថាន បណ្ដុះបណ្ដាលវិជ្ជាជីវៈ ចំនួនបីកន្លែង មានបង្រៀនជួសជុលគ្រឿងចក្រ និងការធ្វើកសិកម្ម ជាដើម ដោយខាងសាលា ក៏មានផ្ដល់ជាអាហារូបករណ៍ ហើយពលរដ្ឋក៏អាចទាក់ទងស្នើសុំរៀនពីសាលាទាំងបីនោះ ដែលមានទីតាំងនៅក្រុងបាត់ដំបង៕

website_news/2020280708.txt · Last modified: 2020/07/28 14:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki