website_news:2020280814

មន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស និងសិទ្ធិការងារព្រួយបារម្ភពីបញ្ហាពលរដ្ឋខ្មែរបន្តឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ

https://www.rfa.org/ ដោយ ខែ សុណង 2020-08-27

មន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស និងសិទ្ធិការងារព្រួយបារម្ភថា ប្រសិនបើអាជ្ញាធរមិនបង្កើនការទប់ស្កាត់ពលរដ្ឋចូលទៅកាប់ឈើនៅតំបន់ព្រំដែន និងលួចឆ្លងដែនទៅរកការងារធ្វើដូចសព្វថ្ងៃទេ ប្រជាពលរដ្ឋអាចនឹងត្រូវទាហានថៃបាញ់ស្លាប់ ឬចាប់ដាក់គុកមិនដាច់ឡើយ។ ក្ដីបារម្ភនេះ បន្ទាប់ពីទាហានថៃ បានបាញ់ប្រជាពលរដ្ឋខ្មែរ ២នាក់ប្ដីប្រពន្ធរងរបួសកាលពីថ្ងៃទី១៨ កក្កដា ស្របពេលដែលមនុស្សជាច្រើននាក់នៅតែបន្តនាំគ្នាចូលទៅកាប់ឈើលក់នៅតំបន់ព្រំដែន ដោយពុំមានអាជ្ញាធរណាទប់ស្កាត់ឡើយ។ សង្គមស៊ីវិលដែលធ្វើការនៅតំបន់ជាប់ព្រំដែនកម្ពុជាថៃ អះអាងថា ពលរដ្ឋខ្មែរនៅតែប្រថុយឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ ថ្វីបើដឹងថា ប្រឈមគ្រោះថ្នាក់ អំឡុងពេល ភាគីថៃបន្តបិទច្រកព្រំដែនទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ក្ដី។

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តឧត្ដរមានជ័យ លោក ស្រី ណារ៉េន កត់សំគាល់ថា ដោយសារកត្តាបញ្ហាជីវភាពខ្វះខាតនិងគ្មានមុខរបរបានជំរុញឲ្យពលរដ្ឋខ្មែរបន្តលួចឆ្លងដែន ចូលកាប់ឈើ និងទៅស្វែងរកការងារធ្វើ នៅប្រទេសថៃជាប់ឥតដាច់ឡើយ៖«សំណាងល្អគេគ្រាន់តែដាក់ឲ្យជាប់ពន្ធនាគារទទួលទោសមួយឆ្នាំជាង ពីរឆ្នាំអីទៅ ហើយបើសំណាងអាក្រក់ភាគីថៃគេបាញ់អ៊ីចឹងទៅ។ បើកាលណាស្លាប់ហើយគ្មាននរណាគេរកខុសត្រូវអីទៀតតាំងពីយូរមកហើយតាំងពីយើងឃ្លាំមើលនៅឆ្នាំ២០០៨ ផ្ទុះរឿងបាញ់ពលករខ្មែរដែលឆ្លងព្រំដែនមកដល់ពេលបច្ចុប្បន្នគ្រាន់តែថាដាក់កំណត់ទូតទៅតែលទ្ធផលចុងក្រោយដូចមិនឃើញមានអីផង»។ កាលពីពេលថ្មីៗ នេះប្រជាពលរដ្ឋ ២នាក់ប្ដីប្រពន្ធគឺលោកស្រី ឡាយ វាសនា លោក ផល ឆៃ រស់នៅភូមិសំបួរមាស សង្កាត់បន្សាយរាក់ ក្រុងសំរោង ត្រូវបានទាហានថៃបាញ់ឲ្យរបួសក្នុងពេលដែលពួកគាត់ចូលព្រៃកាប់ឈើនៅលើភ្នំដងរែក ជាប់ព្រំដែនថៃ។ បុរសជាប្ដីត្រូវគ្រាប់កាំភ្លើងចំកដៃ ចំណែកប្រពន្ធត្រូវចំភ្លៅខាងស្ដាំ និងកដៃខាងឆ្វេងបណ្ដាលឱ្យរបួសធ្ងន់ ហើយត្រូវបានទាហានខ្មែរប្រចាំនៅតំបន់ព្រំដែនបញ្ជូនតាមរថយន្តទៅព្យាបាលនៅមន្ទីរឯកជន នៅក្រុងសំរោង។

ជុំវិញការលួចចូលកាប់ឈើនៅចំណុចព្រំដែនកម្ពុជាថៃនេះដែរ អាជ្ញាធរថៃក៏ទើបបញ្ជូនពលរដ្ឋខ្មែរ ៥នាក់ត្រឡប់ទៅកម្ពុជាវិញ បន្ទាប់ពីអនុវត្តទោសក្នុងពន្ធនាគារខេត្តស៊ីសាកេត ចំនួន ២ឆ្នាំ ពីបទឆ្លងដែនខុសច្បាប់ កាលពីល្ងាចថ្ងៃទី២៥ ខែសីហា ។ ពួកគាត់ជាអ្នករស់នៅខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តបន្ទាយមានជ័យ ត្រូវបានទាហានថៃ ចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ក្នុងគ្រាដែលពួកគាត់ចូលកាប់ឈើគ្រញូង តាមច្រកត្រពាំងបី ក្នុងភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ មន្ត្រីទទួលបន្ទុកផ្នែកពលករចំណាកស្រុកនៃអង្គការសង់ត្រាស់ (Central) លោក ឌី ថេហូយ៉ា ថ្លែងថា កត្តាចម្បងដែលពលរដ្ឋនៅតែបន្តឆ្លងដែនចូលថៃ គឺបញ្ហាជីវភាពក្រីក្រគ្មានដីស្រែចម្ការ រួមទាំងកត្តារនុកក្នុងជាជនជាតិថៃ ដែលអូសទាញឱ្យពួកគាត់ហ៊ានប្រថុយដើម្បីក្រពះ។ លោកថា មានករណីខ្លះពលរដ្ឋបានធ្លាក់ខ្លួនចាញ់បោកជនជាតិថៃដោយមិនបានប្រាក់កម្រៃថែមទៅទៀតផង។ ប៉ុន្តែអាជ្ញាធរតាមព្រំដែន និងរដ្ឋាភិបាលគួរតែធ្វើការសម្របសម្រួលណាមួយជាមួយអាជ្ញាធរថៃ ឬមានអនុសារណៈយោគយល់គ្នាឲ្យបានច្បាស់លាស់ឲ្យដាក់ទោសពលរដ្ឋត្រឹមអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ អប់រំផ្សព្វផ្សាយ និងពិន័យជាដើម មិនគួរឈានដល់ការប្រើហិង្សា និងបាញ់សម្លាប់នោះទេ៖ «ឧទាហរណ៍ថាអនុវត្តតាមច្បាប់ក៏ពិតមែនយើងអាចទទួលយកបាន បើយើងក្រឡេកមើលទៅមួយជ្រុងទៀត ក្នុងន័យមនុស្សធម៌ក្នុងន័យភាពជាមនុស្សយើងដឹងហើយគាត់ដាច់ក្រពះហើយ ដីស្រែដីចម្ការ បង្ខំចិត្តហើយថ្មីៗ នេះយើងឃើញថាជាន់មីនទៀតវាគួរតែមានការលើកលែងចំពោះអ្នកដែលស្លូតត្រង់ទាំងអស់នេះគាត់ក្រីក្រខ្លាំងណាស់»។ មន្ត្រីសិទ្ធិការងាររូបនេះបន្តថា ទន្ទឹមនឹងគ្នានេះ រដ្ឋាភិបាលគួរមានគោលនយោបាយគាំទ្រអ្នកក្រីក្រដោយផ្ដល់ឲ្យគាត់ទទួលបានដីស្រែចម្ការដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ដែលពួកគាត់កំពុងជំពាក់បំណុលធនាគារ ហើយកំពុងប្រឈមការដាច់ស្បៀងក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ នេះ៕

website_news/2020280814.txt · Last modified: 2020/08/28 15:23 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki