website_news:2020281201

ប្រធានព្រឹទ្ធសភាកម្ពុជា ស្នើឱ្យកូរ៉េខាងត្បូងបង្កើនចំនួនកូតាសម្រាប់ពលករខ្មែរបន្ថែមទៀត ដើម្បីអាចទៅបំពេញការងារនៅទីនោះបានកាន់តែច្រើន

https://business.khmernote.com.kh/ December 26, 2020 Khmernote

ប្រធានព្រឹទ្ធសភាកម្ពុជា ស្នើឱ្យសាធារណរដ្ឋកូរ៉េបង្កើនចំនួនកូតាសម្រាប់ពលករខ្មែរបន្ថែមទៀត ដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារ និងកាត់បន្ថយភាពក្រីក្ររបស់បងប្អូនពលករ។ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម ប៉ាក ហឺងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាបានមានប្រសាសន៍ថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត បានជួយ សម្របសម្រួលក្នុងការបង្កើនចំនួនកូតាសម្រាប់ពលករកម្ពុជាបន្ថែមទៀត ដើម្បីអាចទៅបំពេញការងារនៅប្រទេសកូរ៉េបានកាន់តែច្រើន។ សម្ដេចសេនាភក្ដីបានបញ្ជាក់ថា ពលករដែលបានទៅធ្វើការនៅកូរ៉េខាងត្បូង គឺបានរួមចំណែកដ៏សំខាន់ ដល់ការលើកកម្ពស់ ជីវភាពរស់នៅរបស់ក្រុមគ្រួសាររបស់ពួកគេ និងជួយលើកកម្ពស់សេដ្ឋកិច្ចកម្ពុជាផងដែរ។ សម្តេចប្រធានព្រឹទ្ធសភាក៏បានថ្លែងអំណរគុណរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានយកចិត្តទុកដាក់ ចំពោះពលករកម្ពុជា ដែលបច្ចុប្បន្នកំពុងបំពេញការងារនៅកូរ៉េ។

ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភាក៏បានស្នើឯកឧត្តមឯកអគ្គរដ្ឋទូតជួយចលនា និងលើកទឹកចិត្តអ្នកវិនិយោគនិង អ្នកទេសចរកូរ៉េ មកបណ្តាក់ទុនវិនិយោគនិងធ្វើទេសចរណ៍ឱ្យកាន់តែច្រើនបន្ថែមទៀតនៅកម្ពុជាផងដែរ។ ឯកឧត្តម ប៉ាក ហឺងឃ្យុង បានសម្តែងនូវសេចក្តីរីករាយដោយឃើញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ មានការរីកចម្រើនជាលំដាប់ ជាពិសេសក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានកត់សម្គាល់ថា ទំនាក់ទំនង និងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានឡើងដល់ចំនួន ០១កោដិ ដុល្លារ នៅឆ្នាំ២០១៩ ហើយក្នុងនោះទំហំនៃការវិនិយោគរបស់សាធារណៈកូរ៉េនៅកម្ពុជា ស្ថិតក្នុងលំដាប់ទីពីរ ដែលមាន ទឹកប្រាក់ ចំនួន ៥,៧ ប៊ីលានដុល្លារ។

ជាមួយគ្នានេះតាមរយៈការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ អ្នកទេសចរកូរ៉េបានមកទស្សនាកម្ពុជាមានជាង ៤សែននាក់ ជារៀងរាល់ឆ្នាំ។ ចំណែកឯពលករកម្ពុជាទៅធ្វើការនៅសាធារណៈរដ្ឋកូរ៉េមានចំនួន៤ម៉ឺននាក់ ហើយបើទោះបីជាឆ្នាំនេះ មានការផ្ទុះការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ ក៏សាធារណៈរដ្ឋកូរ៉េនៅតែបន្តទទួលយកពលករកម្ពុជាមកធ្វើការនៅសាធារណកូរ៉េដដែល។ ចំណែកការចរចាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងប្រទេសទាំងពីរ ត្រូវបានរៀបចំយ៉ាងយកចិត្តទុក ក្នុងឆ្នាំ២០២០នេះ ហើយសាធារណៈកូរ៉េបានផ្តល់សច្ចាប័នទៅលើច្បាប់ស្តីពីការមិនយកពន្ធត្រួតគ្នា លើការផ្លាស់ប្តូរ ពាណិជ្ជកម្មរវាងប្រទេសទាំងពីររួចហើយ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ឯកឧត្តមផ្ទាល់នឹងខិតខំឱ្យអស់ពីកម្លាំងកាយចិត្តដើម្បីពង្រឹងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត៕

website_news/2020281201.txt · Last modified: 2020/12/28 11:37 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki