website_news:2020281202

ឃុំខ្លួនជនសង្ស័យម្នាក់ជាមេខ្យល់ លួចនាំមនុស្ស ឆ្លងដែនចូលទៅក្នុងប្រទេសថៃដើម្បីចំណាកស្រុកធ្វើ ការងារ ដោយទទួលលុយចំនួន 1500បាត

https://www.cen.com.kh/ December 26, 2020

ខេត្តឧត្តរមានជ័យ៖ លោក វ៉េង ហ៊ត់ ចៅក្រមស៊ើបសួរ ចេញដីការបង្គាប់ឲ្យឃុំខ្លួនជនសង្ស័យម្នាក់ជា មេខ្យល់ ជាបណ្តោះអាសន្ននៅពន្ឋនាគារខេត្ត ដោយចោទពីបទ ការនាំយកចេញដោយមិនស្របច្បាប់ សម្រាប់ឆ្លងដែន និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

តាមបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង តាមការចង្អុលបង្ហាញ ដឹកនាំផ្ទាល់ពី សំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជា មេបញ្ជាការប្រចាំទិសភូមិភាគ 4 និង 5 ដែលបាន ដាស់តឿន ក្រើនរំលឹកជាប្រចាំ ដល់កងកម្លាំងនគរបាលការពារព្រំដែនគោកតាមខ្យែបន្ទាត់ព្រំដែន ឲ្យយកចិត្តទុកដាក់ រឹតបន្ដឹងការចេញចូលខុសច្បាប់តាមច្រករបៀង ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ19ពីប្រទេសថៃ។ នៅយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៩-២០នាទី កម្លាំងនគរបាលការពារព្រំដែនគោកលេខ702 របស់ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យដែលល្បាត នៅចំណុចច្រករបៀងអូរខ្លាឃ្មុំ ស្ថិតនៅភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យប បានបង្ក្រាប ករណី នាំមនុស្សឆ្លងដែនខុសច្បាប់ 01 ករណី ដែលបង្កឡើងដោយមេខ្យល់ ឈ្មោះ ទ្រី ឃុន ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង បានធ្វើសកម្មភាពនាំជនរងគ្រោះឈ្មោះ រ៉ន វល័ក្ខ ភេទស្រីអាយុ ៣០ឆ្នាំ មានទីលំនៅភូមិពង្រ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ លួច ឆ្លងដែនចូលទៅក្នុងប្រទេសថៃដើម្បីចំណាកស្រុកធ្វើ ការងារ ដោយទទួលលុយចំនួន 1500បាត ។

បច្ចុប្បន្ននេះ កម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយ ត្រូវបានលោក វ៉េង ហ៊ត់ ចៅក្រមស៊ើបសួរចេញ ដីការបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ឋនាគារខេត្ត ដោយចោទពីបទ ការនាំយកចេញដោយមិនស្របច្បាប់ សម្រាប់ឆ្លងដែន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

website_news/2020281202.txt · Last modified: 2020/12/28 11:40 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki