website_news:2020281206

រយៈពេល១សប្តាហ៍ខេត្តចំនួន៣ទទួលបានពលករខ្មែរចេញពីថៃជិត ៣ ពាន់នាក់

https://kampucheathmey.com/ December 27, 2020 By Sonya

ក្នុងរយៈពេលមួយសប្តាហ៍នេះ ខេត្តចំនួន៣ ដែលជាប់ព្រំដែនជាមួយប្រទេសថៃរួមមាន ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តបាត់ដំបង ទទួលបានពលករខ្មែរឆ្លងមកពីថៃប្រមាណ ២៧២៣ នាក់។ លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងនៅរសៀលថ្ងៃទី២៧ ធ្នូនេះថា គិតចាប់ពីថ្ងៃទី ២០-២៦ ខែធ្នូឆ្នាំ ២០២០ ខេត្តបន្ទាយមានជ័យទទួលបានពលករខ្មែរឆ្លងមកពីថៃចំនួន ១៣២៣ នាក់ស្រី ៦៨៤ នាក់ ក្នុងនោះបានយកសំណាកសរុបចំនួន ១២៨១ ស្រី ៥៦៣ នាក់។ លោកបានបន្តថា ក្រៅពីនេះខេត្តបានបញ្ជួនប្រជាពលរដ្ឋចេញក្រៅខេត្តសរុបចំនួន ៥០៤ នាក់ ស្រី ២៤៣ នាក់ និងទទួលប្រជាពលរដ្ឋពីខេត្តឧត្តរមានជ័យចំនួន ៥២ នាក់ស្រី ២៩ នាក់។

រីឯលោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យបានឲ្យដឹងដែរថា រយៈពេល១សប្តាហ៍នេះចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៧ ធ្នូ ខេត្តឧត្តរមានជ័យទទួលបានពលករចូលមកតាមច្រកព្រំដែនអូរស្មាច់ប្រមាណ ១០០០ នាក់ ក្នុងនោះបានយកសំណាកទៅធ្វើតេស្តជិត ៣៣០ នាក់ រួមទាំងថ្ងៃទី ២៧ ធ្នូនេះ ជាង ៥៥ សំណាកនិងកំពុងធ្វើចត្តាឡីស័កចំនួន ៣០០ នាក់។ ក្រៅពីនោះខេត្តបានបញ្ជូនពលករទៅតាមបណ្តាខេត្តនានាដែលជាស្រុកកំណើតរបស់ពលករ។ លោកបានបន្តថា ក្នុង១ថ្ងៃជាមធ្យមមានពលករខ្មែរចូលតាមច្រកព្រំដែនអូស្មាច់ប្រមាណពី ១៤០ ទៅ ១៥០ នាក់ ក្នុងនោះមានពលករប្រមាណពី ៤០ ទៅ ៥០ នាក់ប៉ុណ្ណោះមកពីខេត្តដែលមានប្រឈមនឹងជំងឺកូវីដ១៩ដូចជាខេត្តសាមុតសាខននិងទីក្រុងបាងកកជាដើម។

ដោយឡែកលោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានឲ្យដឹងថា រយៈពេលមួយសប្តាហ៍នេះក្នុងខេត្តបាត់ដំបងទទួលបានពលករប្រមាណ ៤០០ នាក់ ដោយយកសំណាកទៅធ្វើតេស្តទាំងអស់និងទទួលពលករពីតាមបណ្តាខេត្តផ្សេងៗដែលមានស្រុកកំណើតនៅបាត់ដំបងជាង ៣០០ នាក់៕

website_news/2020281206.txt · Last modified: 2020/12/28 11:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki