website_news:2020281208

ក្រុមគ្រូពេទ្យជួរមុខបង្កើនការយកចិត្តលើការធ្វើតេស្តបងប្អូនពលករមកពីក្រៅប្រទេស

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០២០ ម៉ោង ១៨:៤៨ ច័ន្ទ រស្មី

• ខេត្តសៀមរាប ៖ ក្នុងការប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់នៃជម្ងឺកូវីដ១៩ ទៅតាមការណែនាំរបស់ប្រមុខរាជ រដ្ឋាភិបាល និងការណែនាំវិធានការរបស់ក្រសួងសុខាភិបាល អាជ្ញាធរខេត្តសៀមរាប។ ក្រោមការដឹកនាំរបស់ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនពលករខ្មែរមកពីក្រៅប្រទេសក្នុងពេល ដែលនៅលើពិភពលោកបានកំពុងជួបនូវវិបត្តិកូវីដ១៩ ហើយត្រូវបានវិលត្រឡប់មកកាន់ប្រទេសខ្លួនវិញ គឺតម្រូវឲ្យបងប្អូនត្រូវធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាអនុវត្ត គរុកោសល្យខេត្តសៀមរាប ដែលគិតមកត្រឹមថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ មានចំនួន ២៦១នាក់ រួមទាំងកុមារតូចៗ ហើយអ្វីដែលជាវិធានចាំបាច់នោះបងប្អូនទាំងអស់ត្រូវធ្វើការយកសំណាកទៅវិភាគឲ្យបានគ្រប់ចំនួន៣ដង តាមការកំណត់របស់ក្រសួងសុខាភិបាល ។

• ក្នុងនោះដែរ រដ្ឋបាលខេត្តសៀមរាប ក៏បានធ្វើការផ្គត់ផ្គង់អាហារដល់ពួកគាត់ក្នុង១ថ្ងៃ៣ដងទៀតផង។ ជាមួយនឹងព្រឹត្តិការណ៍រីករាលដាលនៃជម្ងឺកូវីដ-១៩ ក្នុងសហគមន៍នៅប្រទេសជិតខាង ដែលផ្ទុះឡើងថ្មីៗនេះ សម្រាប់ការប្រុងប្រយ័ត្ននៅកម្ពុជា ក្រោមចំណាត់ការដ៏មានប្រសិទ្ធភាពនៃសម្តេចតេជោ ប្រមុខនៃរាជរដ្ឋាភិបាល ប្រជាពលរដ្ឋខេត្តសៀមរាប ដែលបានធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេសចំនួន២៦១នាក់ ក្នុងនោះរួមមាន ទាំងស្ត្រី និងកុមារតូចៗផងដែរនោះត្រូវបានអាជ្ញាធរខេត្តសៀមរាប ទៅទទួលយក ពីមណ្ឌលចត្តាឡីស័ក ខេត្តបន្ទាយមានជ័យ និងតាមច្រកអូរបីជាន់ និងច្រកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយអមដំណើរមកដល់មណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាអនុវត្តគរុកោសល្យ ដែលជាទីតាំងចត្តាឡីស័កធំជាងគេ ស្ថិតនៅក្នុងក្រុងសៀមរាប ក្រោមការដឹកនាំរបស់លោកជំទាវ យូ សុភា អភិបាលរងខេត្ត និងជាក្រុមការងារទទួលគ្រប់គ្រងពលករចំណាកស្រុកមកពីក្រៅប្រទេស ។

• តាមការបញ្ជាក់របស់លោកជំទាវ យូ សោភា បានឲ្យដឹងថា បងប្អូនទាំងអស់នេះ បានមកដល់គោលដៅប្រកបដោយសុវត្ថិភាព តាមក្បួនរថយន្តដឹកជញ្ជូនរបស់កងពល តូចដឹកជញ្ជូនលេខ៩០ នៃកងយោធពលខេមរភូមិន្ទ ដោយពុំមានអ្នករត់គេចវេសឡើយ ក្រោយពីបានទទួលពីមណ្ឌលចត្តាឡីស័កខេត្តបន្ទាយមានជ័យ និងតាមច្រកអូរបីជាន់ និងច្រកម៉ាឡៃ ។

• តាមការបញ្ជាក់របស់លោកវេជ្ជប ណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៦ ធ្នូនេះបានឲ្យដឹងថា បងប្អូនពលករទាំង២៦១ នាក់ ដែលចូលមកស្នាក់នៅមណ្ឌលចត្តាឡីស័កនេះ ត្រូវបានក្រុមគ្រូពេទ្យយើង បានយកចិត្តទុក ដាក់ខ្ពស់ក្នុងការថែទាំសុខភាពពួកគាត់ដែលកំពុងស្នាក់នៅក្នុងមណ្ឌលនេះ ។លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ក្នុងការស្នាក់នៅតាមដានសុខភាពនេះ ក្រុមគ្រូពេទ្យយើងក៏បានធ្វើការយកសំណាក ទាំងក្មេងទាំងចាស់ ហើយលទ្ធផល ដែលទទួលបាន គឺអវិជ្ជមានទាំងអស់ តែយ៉ាងណាក៏ដោយបងប្អូនទាំងអស់នេះ ត្រូវធ្វើចត្តាឡីស័កបន្តទៀត និងយកសំណាកវិភាគឲ្យបានគ្រប់៣ដងជាកំណត់។

ឆ្លៀតក្នុងឱកាសនោះដែរ លោកវេជ្ជបណ្ឌិតក៏បានធ្វើការណែនាំដល់ក្រុមគ្រូពេទ្យជួរមុខទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យ តាមដាននូវរាល់សុខភាពរបស់បងប្អូន ព្រមទាំងការយក និង ទុកដាក់សំណាក ក្នុងប្រអប់សុវត្ថិ ភាពឲ្យ បានត្រឹមត្រូវ ដើម្បីជៀស វាងនូវប្រការអាក្រក់ណាមួយកើតឡើង ។ សូមបញ្ជាក់ផងដែរថា ការដឹកជញ្ជូនបងប្អូនពលករមកពីក្រៅប្រទេស គឺនៅតែបន្តធ្វើការដឹកជញ្ជូនយកមកចូលមណ្ឌល ចត្តាឡីស័កជាប្រចាំផងដែរ ៕

website_news/2020281208.txt · Last modified: 2020/12/28 11:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki