website_news:2020281211

ពលករខ្មែរប្រមាណ ២៣០នាក់ ត្រូវបញ្ជូនមកពីខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ដើម្បីធ្វើចត្តាឡីស័កនៅបាត់ដំបង

https://www.cen.com.kh/ December 25, 2020

បាត់ដំបង៖ មន្ត្រីជំនាញ បាននិងកំពុងពិនិត្យសុខភាពនិងយកសំណាកជាបន្តបន្ទាប់ លើប្រជាពលករខ្មែររស់នៅខេត្តបាត់ដំបង ដែលធ្វើការនៅប្រទេសថៃចំនួនប្រមាណ ២៣០នាក់ ដោយពលករទាំងអស់នេះត្រឡប់មកស្រុកកំណើតវិញ ចាប់ពីមានការផ្ទុះឡើងនៃការឆ្លងរាលដាលជំងឺកូវីដ១៩ នៅខេត្តសាមុទសាខន នៃប្រទេសថៃ ជាច្រើនករណីហើយឆ្លងចូលមកតាមច្រកនានា ជាប់នឹងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ត្រូវបានអាជ្ញាធរ ខេត្តទាំង២នេះ បញ្ជូនតាមរថយន្តរបស់កងពលតូចដឹកជញ្ជូនលេខ៩៩ ឲ្យមកធ្វើចត្តាឡីស័ករយៈពេល ១៤ នៅក្នុងខេត្តបាត់ដំបង ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានមានប្រសាសន៍ថា ពលករខ្មែរ ដែលត្រូវបញ្ជូនមកពីខេត្តទាំង២ខាងលើ កំពុងសម្រាក់ធ្វើចត្តាឡីស័កក្នុងវិទ្យាល័យព្រះមុនីវង្ស ខណៈពួកគាត់ត្រូវបានយកចិត្តទុកដាក់ ក្នុងការរៀបចំកន្លែងស្នាក់នៅ ទទួលបានឃីតម្នាក់មួយ (មុង ភួយ ខ្នើយ) រួមទាំងអាហារ ៣ពេលផងដែរ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងក្នុងឱកាសចុះពិនិត្យការធ្វើចត្តាឡីស័កនិងទទួលពលករ ទើបមកពីខេត្តបន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យ កាលពីល្ងាចថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២០ បានជំរុញមន្ត្រីសុខាភិបាលនិងសមត្ថកិច្ចប្រចាំការ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការពិនិត្យសុខភាពឬការពារបងប្អូនពលករ ឲ្យពួកគាត់មានភាពកក់ក្ដៅនិងធ្វើយ៉ាងណាឲ្យពួកគាត់ ចូលរួមធ្វើចត្តាឡីស័កឲ្យបានចំនួន ១៤ថ្ងៃ។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអំពាវនាវដល់ពលករកំពុងធ្វើចត្តាឡីស័ក ត្រូវចូលរួមសហការជាមួយមន្ត្រីសុខាភិបាលនិងសមត្ថកិច្ច ក្នុងការអនុវត្តតាមការណែរនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរខេត្ត ដើម្បីទប់ស្កាត់កុំឲ្យមានរីករាលដាលនៃជំងឺកូវីដ១៩ កាន់តែខ្លាំងក្នុងសហគមន៍៕ រក្សាសិទ្ធិដោយ៖អ៊ុងសារុំ

website_news/2020281211.txt · Last modified: 2020/12/28 12:03 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki