website_news:2020290101

ការដាក់ឲ្យប្រើប្រាស់ក្រមសីលធម៌ សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា, ធានាបានការធ្វើទេសន្តរប្រវេសន៍ការងារ ការការពារសិទ្ធិ និងគាំទ្រដល់ពលករ

http://www.mlvt.gov.kh/ 29-01-2020

(ភ្នំពេញ)៖ ការដាក់ឲ្យប្រើប្រាស់ក្រមសីលធម៌ សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាពិតជាមានសារៈ សំខាន់ណាស់ដើម្បីធានាការធ្វើទេសន្តរប្រវេសន៍ការងាររបស់ពលករ ទទួលបានលទ្ធផលជោគជ័យ និងបទពិសោធន៏ជាវិជ្ជមាន ក៏ដូចជាទទួលបាននូវការការពារសិទ្ធិ និងគាំទ្រដល់ពួកគេក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន សម្រាប់ពលករផ្ទាល់ខ្លួន សមាជិកគ្រួសារ សហគមន៍ និងប្រទេសជាតិទាំងមូល។ នេះជាប្រសាសន៍លើកឡើង របស់ឯកឧត្តម បណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ក្រមសីលធម៌ សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា ដោយមានការគាំទ្រជំនួយបច្ចេកទេស និងកិច្ចសហប្រតិបត្តិការពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ (ILO) សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា (ACRA)និងសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា (MAC) បានបោះពុម្ពក្រមសីលធម៌នេះឡើងដើម្បីផ្សព្វផ្សាយ និងបង្កើនការយល់ដឹង ស្តីពីការជ្រើសរើសពលករប្រកបដោយយុត្តិធម៌ដល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារ ភ្នំពេញ។

ឯកឧត្តម បណ្ឌិត អ៉ិត សំហេង ក៏បានលើកឡើងពីគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សម្រេចបាននូវកំណើនសេដ្ឋកិច្ចជាមធ្យម៧% ក្នុងមួយឆ្នាំ កំណើនវិនិយោគិនទុន និងពាណិជ្ជកម្ម បានបង្កើតនូវការងារក្នុងស្រុកជូនប្រជាពលរដ្ឋប្រមាណជិត១០លាននាក់ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលក៏បានខិតខំបើកច្រកទីផ្សារការងារនៅបរទេសជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីផ្តល់ឱកាសក៏ដូចជាជម្រើសជូនពួកគាត់ស្វែងរកការងារដែលពួកគាត់ពេញចិត្ត និងទទួលបានប្រាក់ឈ្នួលខ្ពស់ ហើយថែមទាំងបានដាក់ចេញនិងអនុវត្តនូវគោលនយោបាយ និងយន្តការគាំពារពលករទេសន្តរប្រវេសន៍ប្រកបដោយជោគជ័យ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការគាំពារ ការការពារសិទ្ធ និងផលប្រយោជន៍ពលករខ្មែរយើងនៅបរទេស តាមរយៈកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលនៃប្រទេស ទទួល និងការពង្រឹងការអនុវត្តច្បាប់ និងបទដ្ឋាននានាដោយប្រើប្រាស់គោលការណ៍ យន្តការ និងនីតិវិធីនានាផងដែរ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងខិតខំបន្តជម្រុញការអនុវត្ត នូវយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ពិសេសការបន្តពង្រឹងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ និងពង្រីកកិច្ចសហប្រតិបត្តិការពហុភាគី និងទ្វេរភាគី ដើម្បីបើកទូលាយទីផ្សារការងារស្របច្បាប់ នៅក្រៅប្រទេស, ទប់ស្កាត់ទេសសន្តរប្រវេសន៍ការងារដោយខុសច្បាប់, លើកកម្ពស់ការគាំពារសិទ្ធិ និងផលប្រយោជន៍ សុខភាព និងសុវត្ថិភាពការងារ, កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ពលករ ការផ្តល់ការសម្របសម្រួលទំនាក់ទំនងជាមួយគ្រួសារ និងការធ្វើសមាហរណកម្មពលករទេសន្តរប្រវេសន៍ ដែលធ្វើមាតុភូមិនិវត្ត តាមរយៈការទទួលស្គាល់ជំនាញ, ការផ្ទេររបបសន្តិសុខសង្គមមកក្នុងប្រទេស, ការផ្តល់ប្រឹក្សាការងារធ្វើ និង ការបង្កើតមុខរបរ ដោយខ្លួនឯង។ ក្រសួង បានបន្តខិតខំយកចិត្តទុកដាក់ដល់ពលករដែលធ្វើការនៅក្រៅប្រទេស និងពង្រីកទីផ្សារនៅក្រៅប្រទេស ដោយបន្តផ្ដល់សេវា ៥យ៉ាង ជូនពលករកម្ពុជា នៅឯបរទេស៖

ទី១-អនុវត្តសេចក្តីថ្លៃងការណ៍អាស៊ានស្តីពី ការការពារនិងលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍។ បាននិងកំពុងខិតខំជួយពលករដែលធ្វើការនៅបរទេស ដើម្បីធានានូវផលប្រយោជន៍ស្របច្បាប់។ ជួយផ្តល់ភាពស្របច្បាប់ដល់ពលករដែលមិនស្របច្បាប់។ ចាត់តាំងទីប្រឹក្សាការងារនៅតាមស្ថានទូតនៃ ប្រទេសដែលមានពលករ ដូចជាថៃ កូរ៉េ ម៉ាឡេស៊ី និងជប៉ុន។

ទី២-សហការជាមួយប្រទេសដៃគូ ក្នុងការទទួលស្គាល់ជំនាញទៅវិញទៅមក ដូចជាកម្ពុជា-ថៃ បានទទួលស្គាល់ជំនាញផ្នែកសំណង់ ដូចជាជាងកំបោរ និងតបណ្តាញអគ្គិសនី។ នៅសាធារណរដ្ឋកូរ៉េ ផ្តល់ឱកាសឱ្យពលករទៅរៀនបន្ថែមនៅ តាមសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្តល់វិញ្ញាបនបត្រទទួលស្គាល់។ បន្ទាប់ពី ត្រឡប់មកប្រទេសកម្ពុជាវិញ អាចមានជំនាញច្បាស់លាស់។

ទី៣-កំពុងសហការជាមួយបណ្តាប្រទេសអាស៊ាន ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យរបបសន្តិសុខសង្គម

ទី៤-កំពុងសហការជាមួយបណ្តាប្រទេសអាស៊ាន ក្នុងការអនុវត្តរបបសោធនិវត្តដោយពលករអាចផ្ទេរ សមាជិកភាព អតីតភាពការងារ និងការបង់ភាគទានបេឡាសន្តិសុខសង្គម ពីប្រទេសមួយទៅប្រទេសមួយបន្ទាប់ពីចប់កិច្ចសន្យាការងារ និងដើម្បីធ្វើជាមូលដ្ឋានក្នុងការគិតប្រាក់សោធនិវត្ត។

ទី៥-បានសម្រួលបែបបទជូនពលករធ្វើការនៅបរទេសអាចផ្ទេរសិទ្ធិជូនគ្រួសារនៅក្នុងប្រទេស ធ្វើជាតំណាង សម្រាប់ស្នើសុំធ្វើលិខិតថ្កោលទោស ឬលិខិតរដ្ឋបាល ឬលិខិតបញ្ជាក់អត្តសញ្ញាណបណ្ណផ្ទាល់ខ្លួន ដោយមិនចាំបាច់សាមីខ្លួនវិលត្រឡប់មកស្រុកកំណើតវិញ។

គូសបញ្ជាក់ផងដែរថា បច្ចុប្បន្ន ប្រទេសកម្ពុជាបានបញ្ជូនពលករទៅបម្រើការងារនៅបរទេសបានចំនួន៦ ប្រទេសគឺ ប្រទេសថៃ សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី ជប៉ុន សឹង្ហបូរី និងហុងកុង ដែលមានពលករសរុបចំនួនប្រមាណ ១លាន២សែននាក់។ ហើយកន្លងមកពួកគាត់បានផ្ញើរថវិកាមកកម្ពុជា ដើម្បីជួយទ្រទ្រង់ជីវភាពក្រុមគ្រួសាររបស់ពួកគាត់ប្រមាណជាង២ពាន់លានដុល្លារក្នុង១ឆ្នាំៗ។ នៅពេលបញ្ចប់កិច្ចសន្យាការងារ និងវិលត្រឡប់មកកម្ពុជាវិញ ពួកគាត់នឹងក្លាយជាធនធានមនុស្សដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ពីព្រោះតាមរយៈ ការធ្វើការងារនៅបរទេស ពួកគាត់មិនត្រឹមតែអាចរកប្រាក់ចំណូលបានបន្ថែមទេ ថែមទាំងទទួលបាននូវជំនាញ បទពិសោធន៍ ចំណេះដឹងភាសា និងរបៀបរបបរស់នៅក្នុងប្រទេសអភិវឌ្ឍន៍ទៀតផង៕

website_news/2020290101.txt · Last modified: 2020/01/29 15:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki