website_news:2020290102

ក្រសួងសង្គមកិច្ចចុះកិច្ចព្រមព្រៀងជាមួយអង្គការ ១១ លើគម្រោងសុខុមាលភាពកុមារ

https://www.postkhmer.com/ វ៉ន ដារ៉ា | Publication date 27 January 2020 | 14:39 ICT

ភ្នំពេញៈ ក្រសួងសង្គមកិច្ចកាលពីថ្ងៃទី ២៤ ខែមករា បានចុះកិច្ចព្រមព្រៀងជាមួយអង្គការចំនួន ១១ ក្នុងទំហំថវិកាជាង ១២ លានដុល្លារ លើការអនុវត្ដគម្រោងរយៈពេល ៣ ឆ្នាំ (២០២០-២០២២) ដើម្បីជួយដល់វិស័យសង្គមកិច្ច សុខុមាលភាពសង្គម សុខុមាលភាពកុមារ ការប្រឆាំងការជួញដូរមនុស្ស និងការងារពិការភាព។

លោក តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស និងជាអ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍ កាលពីថ្ងៃអាទិត្យម្សិលមិញថា ការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងជាមួយអង្គការចំនួន ១១ ក្នុងទំហំទឹកប្រាក់សរុប ១២ ៧២៤ ៧៤៥ ដុល្លារអាមេរិកដែលជាថវិការបស់អង្គការក្រៅរដ្ឋាភិបាល និងប្រើប្រាស់ក្នុងរយៈពេល ៣ ឆ្នាំ (២០២០-២០២២) នេះ គឺដើម្បីជួយក្នុងវិស័យសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាដែលជាការងារស្នូលរបស់ក្រសួងសង្គមកិច្ចផងដែរ។ លោកថ្លែងថា៖ «ការចុះកិច្ចព្រមព្រៀងនេះ យើងបានផ្ដោតទៅលើកិច្ចការងារសុខុមាលភាពសង្គម សុខុមាលភាពកុមារ ការងារប្រឆាំងការជួញដូរ និងការងារពិការភាពនៅទូទាំងប្រទេសកម្ពុជា។ ការចុះកិច្ចព្រមព្រៀងជាមួយអង្គការទាំង ១១ នេះក៏បានចូលរួមជួយការងាររបស់ក្រសួងយើងច្រើនលើការអភិវឌ្ឍគោលនយោបាយរបស់រដ្ឋាភិបាលផងដែរ»។

លោក តូច ចាន់នី បញ្ជាក់ថារហូតដល់បច្ចុប្បន្ន អង្គការដែលបានចូលរួមសហការជាមួយក្រសួងសង្គមកិច្ច ធ្វើការងារលើផ្នែកសុខុមាលភាពសង្គម សុខុមាលភាពកុមារ ការងារប្រឆាំងការជួញដូរ ការងារពិការភាព និងមុខសញ្ញាផ្សេងៗទៀតដែលជាគោលនយោបាយក្រសួងកំពុងអនុវត្ដទូទាំងប្រទេសកម្ពុជា មិនមែនមានតែ ១១ អង្គការនោះទេ ប៉ុន្ដែមានអង្គការប្រមាណជាង ១៣៤ អង្គការទៀតនៅទូទាំងប្រទេស។ ក្នុងនោះអង្គការទាំង ១៣៤ ក៏បានសហការជាមួយក្រសួងធ្វើការងារលើគ្រប់មុខសញ្ញារយៈពេល ៣ ឆ្នាំ (២០២០-២០២២) ដែលអង្គការទាំងនេះមានថវិកាប្រមាណ ១៥០ លានដុល្លារផងដែរ។ លោកបញ្ជាក់ថា៖ «អង្គការទាំង ១៣៤ ដែលមានថវិកាប្រមាណ ១៥០ លានដុល្លារអាមេរិកនេះបានជួយគាំទ្រដល់មុខសញ្ញាការងារ ដែលក្រសួងសង្គមកិច្ច ទទួលខុសត្រូវ និងចូលរួមបដិភាគជួយសង្គមជាមួយគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល»។ បើតាមរបាយការណ៍ក្រសួងសង្គមកិច្ច អង្គការចំនួន ១១ ដែលបានចុះកិច្ចព្រមព្រៀងកាលពីថ្ងៃទី ២៤ ខែមករារួមមាន ១- អង្គការសម្ព័ន្ធចាប់ដៃ ២- អង្គការក្តីសង្ឃឹម និងយុត្តិធម៌ ៣- អង្គការសកម្មភាពដើម្បីកុមារ ៤- អង្គការក្តីស្រឡាញ់គ្មានព្រំដែន ៥- អង្គការសង្គ្រោះ និងថែទាំអន្តរជាតិស៊ីធីភញ ៦- អង្គការសមាគមសហប្រតិបត្តិការកម្ពុជា ជប៉ុន ៧- អង្គការតំណក់ទឹក ៨- អង្គការបេសកកម្មជីវិតថ្មី ៩- អង្គការបុគ្គលសារវន្តកម្ពុជា ១០- អង្គការ Joy Fountain Foundation និង ១១- អង្គការ World Togethe Cambodia។

លោក តូច ចាន់នី លើកឡើងថា ការចូលរួមសហការរបស់អង្គការដៃគូពិតជាសំខាន់ណាស់ក្នុងការលើកកម្ពស់វិស័យសង្គមកិច្ចនៅកម្ពុជា។ ប៉ុន្ដែលោកក៏បានស្នើឱ្យក្រុមការងារក្រសួង និងអង្គការដៃគូទាំងអស់គ្នាធ្វើការងារដោយយកចិត្តទុកដាក់ឱ្យខ្លាំងបំផុតតាមដែលអាចធ្វើបាន។ លោកថ្លែងថា ក្រសួងសង្គមកិច្ចនៅតែបន្តស្វាគមន៍ជាមួយដៃគូពាក់ព័ន្ធ ដើម្បីជួយដល់ជនរងគ្រោះ ងាយរងគ្រោះនៅកម្ពុជាឱ្យមានជីវភាព និងជីវិតរស់នៅល្អប្រសើរថែមមួយកម្រិតទៀត។ លោកបន្ថែមថា រាល់អង្គការដៃគូទាំងអស់ដែលបានចុះកិច្ចព្រមព្រៀងជាមួយក្រសួងសូមធ្វើប្រតិបត្តិការទៅតាមលក្ខខណ្ឌហើយសុំធ្វើតែកិច្ចការការងារសង្គមតែប៉ុណ្ណោះ មិនត្រូវធ្វើការងារនយោបាយឡើយ ប្រសិនបើក្រសួងរកឃើញថា អង្គការណាមួយមិនបានគោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង យកការងារសង្គមមកធ្វើជាការងារនយោបាយក្រសួងនឹងបញ្ចប់កិច្ចព្រមព្រៀងភ្លាមនឹងឈានដល់បញ្ឈប់សកម្មភាព។

លោក សំ សុវណ្ណរិទ្ធិ ប្រធានអង្គការតំណក់ទឹកថ្លែងកាលពីម្សិលមិញថា តាមរយៈគម្រោងរយៈពេល ៣ ឆ្នាំដែលសហការជាមួយក្រសួងសង្គមកិច្ចសម្រាប់អង្គការតំណក់ទឹកនឹងប្រើប្រាស់ថវិកាចំនួន ៩៥ ម៉ឺនដុល្លារដែលជាថវិកាជំនួយបានមកពីសហភាពអឺរ៉ុប និងអង្គការ unicef នឹងត្រូវយកទៅអនុវត្ដក្នុងខេត្ដចំនួន ៣ គឺខេត្ដបន្ទាយមានជ័យ ខេត្ដកែប និងខេត្ដព្រៃវែង សម្រាប់គាំទ្រដល់ការសង្គ្រោះកុមារងាយរងគ្រោះពីការជួញដូរពិការភាពកុមារត្រូវគេបោះបង់ និងកុមារដែលក្រីក្រនៅក្នុងសហគមន៍។ លោកថ្លែងថា៖ «យើងនឹងផ្ដល់សេវាថែទាំ និងការឧបត្ថម្ភដល់កុមារដែលរងគ្រោះដោយផ្ដល់ការអប់រំការរស់នៅដល់ពួកគេរហូតដល់ពួកគេបញ្ចប់ការសិក្សា ឬទទួលបានជំនាញវិជ្ជាជីវៈរហូតពួកគេមានអាយុលើសពី ១៨ ឆ្នាំ ទើបយើងធ្វើសមាហរណកម្មឱ្យពួកគេត្រឡប់ទៅកាន់សហគមន៍ ឬគ្រួសាររបស់ពួកគេវិញ»។ លោក សុវណ្ណរិទ្ធិ បញ្ជាក់ថាបច្ចុប្បន្នអង្គការតំណក់ទឹកកំពុងថែទាំកុមាររងគ្រោះប្រមាណ ១ ពាន់នាក់ក្នុងខេត្ដគោលដៅទាំង ៣ ខាងលើ។ បច្ចុប្បន្នអង្គការកំពុងបន្តតាមដាន និងពិនិត្យតាមខេត្ដគោលដៅដើម្បីស្វែងរកជនរងគ្រោះដើម្បីផ្តល់សេវាថែទាំផងដែរ៕

website_news/2020290102.txt · Last modified: 2020/01/29 15:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki