website_news:2020290402

អ្នកនាំពាក្យសង្គមកិច្ច៖ មានអ្នកស៊ីកម្លាំងញើសឈាម លើជនពិការ និងអ្នកសុំទាន

https://thmeythmey.com/ 28, Apr 2020 , 2:35 pm ដោយ: ធឿន បញ្ញាឬទិ្ធ

ភ្នំពេញ៖ ជនពិការ និងអ្នកសុំទានមួយចំនួនធំ ត្រូវបានជនទុច្ចរិត កេងប្រវ័ញ្ចកម្លាំងញើសឈាម តាមរយៈការប្រើពួកគេ ឱ្យដើរសុំប្រាក់ពីមហាជននៅតាមដងផ្លូវ។ នេះជាការបញ្ជាក់របស់លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា នៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី២៨ មេសា។ លោក តូច ចាន់នី ដែលធ្លាប់ជួបករណីនេះផ្ទាល់បាននិយាយថា មានជនទុច្ចរិតខ្លះ ជិះសុទ្ធតែរថយន្តទំនើប បានប្រើមនុស្សចាស់ និងកុមារ ជាពិសេសជនពិការ ឱ្យច្រៀង ឬដើរសុំទានគេតាមដងផ្លូវ ជាថ្នូរនឹងអាហារ និងថវិកាខ្លះ ក្រោយចប់ភារកិច្ចសុំទាននេះ។ បើតាមលោក តូច ចាន់នី ក្រសួងកំពុងតាមដានករណីនេះ។

ឆ្លើយតបនឹងករណីអ្នកសុំទាន និងជនអនាថា នៅតាមដងផ្លូវនេះ លោក តូច ចាន់នី បានបកស្រាយថា ពួកគេទាំងនោះ មិនព្រមចូលរួមសហការជាមួយអាជ្ញាធរនោះទេ បើទោះជាក្រសួងព្យាយាមដោះស្រាយបញ្ហាពួកគេ តាមរយៈរៀបចំកន្លែងឱ្យស្នាក់នៅក្តី។ បានន័យថា ពួកគេសុខចិត្តបន្តការដើរសុំទាន ។ ត្រង់ចំណុចនេះ អ្នកនាំពាក្យក្រសួងសង្គមកិច្ច ក៏បង្ហាញទស្សនផ្ទាល់ខ្លួនថា បើចង់លុបបំបាត់ជនអនាថា និងអ្នកសុំទាននោះ លុះត្រាតែមហាជន បញ្ឈប់សកម្មភាពឱ្យលុយទៅពួកគេ ព្រោះពួកគេទាំងនោះ ភាគច្រើនយករបរសុំទានធ្វើជាអាជីព ដែលនាំឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។

កាលពីខែតុលា ឆ្នាំ២០១៧ សមត្ថកិច្ច បានចាប់ខ្លួនមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរសង្គមកិច្ច និងបក្ខពួកសរុប៣នាក់ ពាក់ព័ន្ធករណីកេងប្រវ័ញ្ចពលកម្ម កុមារ មនុស្សចាស់ជរា និងញុះញង់អនីតិជន ឲ្យដើរសុំទានគេតាមផ្លូវផងដែរ។ ពួកគេទាំង៣នាក់នោះ កំពុងស្ថិតនៅក្នុងពន្ធនាគារ។ នេះបើតាមលោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច៕

website_news/2020290402.txt · Last modified: 2020/04/29 15:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki