website_news:2020290403

ក្រសួងការងារប្រាប់ពលករខ្មែរនៅក្រៅប្រទេសកុំអាលមកកម្ពុជាក្នុងពេលនេះ ព្រោះខ្លាចគេលុបទិដ្ឋាកាចោល

http://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ: 28/04/2020 - 09:45 ដោយ៖វណ្ណ សុគន្ធា

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃអង្គារនេះបានអំពាវនាវដល់ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅកូរ៉េខាងត្បូង និង ប្រទេសផ្សេងទៀតកុំអាលមកលេងកម្ពុជាក្នុងពេលនេះ ព្រោះខ្លាចគេលុបទិដ្ឋាកាចោល។ ម្យ៉ាងវិញទៀត បើមក ក៏ត្រូវដាក់ដោយឡែករយៈពេល១៤ថ្ងៃសិនដែរ។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតឱ្យពលរដ្ឋខ្មែរ២២២នាក់នៅម៉ាឡេស៊ីវិលត្រឡប់មកស្រុកវិញ តែតម្រូវឱ្យធ្វើតេស្តរកជំងឺកូវីដ១៩ជាមុនសិន។ «បើមកត្រូវដាក់ដោយឡែក១៤ថ្ងៃ ពេលទៅវិញគេឃាត់១៤ថ្ងៃ ហើយអាចគេលុបទិដ្ឋាការចោលទៀត អត់ធ្មត់សិនទៅបងប្អូន!» នេះ គឺជាការលើកឡើងរបស់លោកហេង សួរ អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅលើទំព័រហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃអង្គារនេះ។ លោកហេង សួរ បានបន្តប្រាប់ពលករខ្មែរនៅកូរ៉េខាងត្បូង និង ប្រទេសផ្សេងទៀតថា ដំណាក់កាលការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ត្រូវប្រយ័ត្នប្រយ៉ែង ហើយខំថែរក្សាការងារដែលមានក្នុងដៃឱ្យគង់។ នេះក៏ព្រោះថា ក្នុងដំណាក់កាលនេះ និយោជកខ្លះមានការលំបាក ហើយចង់តែកាត់បុគ្គលិកចោលទេ ។ ដូច្នេះហើយ លោកហេង សួរ ដាស់តឿនដល់ពលករខ្មែរកុំផ្តល់លេសស្របច្បាប់ឱ្យទៅនិយោជក ហើយថា អនាគត គឺស្ថិតលើការសម្រេចចិត្តខ្លួនឯង បើសម្រេចចិត្តខុស កុំបន្ទោសគេ។

ពលករខ្មែរប្រមាណជាង៤ម៉ឺន៨ពាន់នាក់កំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង ប៉ុន្តែមិនមានពលករខ្មែរណាម្នាក់បានឆ្លងជំងឺកូវីដ-១៩នោះទេ។ ក្នុងអំឡុងបុណ្យឆ្នាំខ្មែរកន្លងទៅនេះ មានពលករប្រមាណពី៣ទៅ៥%បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ហើយពេលទៅវិញត្រូវដាក់ដោយឡែករយៈពេល១៤ថ្ងៃ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់លោកឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង។ លោកបានគូសបញ្ជាក់ទៀតថា ក្នុងចំណោមពលករទាំងនេះ មានពលករខ្មែរពីរទៅបីករណីដែរដែលត្រូវបានបញ្ឈប់ពីការងារ។

ក៏ដូចក្រសួងការងារដែរ លោកឡុង ឌីម៉ង់បានអំពាវនាវដល់ពលករខ្មែរទាំងអស់កុំអាលធ្វើដំណើរមកប្រទេសកម្ពុជា ឫ ទៅកន្លែងណាផ្សេង ព្រោះមានបញ្ហាប្រឈមខ្លាំងណាស់។ ប្រឈមទី១ គឺអាចឆ្លងជំងឺកូវីដ-១៩ ទី២ នៅពេលត្រឡប់ទៅកូរ៉េខាងត្បូងវិញ នឹងត្រូវស្នាក់នៅដោយឡែកពីគេដោយត្រូវជួលកន្លែងស្នាក់នៅដោយខ្លួនឯង។ ជាងនេះទៅទៀត បើសិនពលករនៅចង់មកស្រុកខ្មែរមិនស្តាប់ការហាមឃាត់របស់ចៅកែរបស់ខ្លួន នោះពួកគេប្រឈមនឹងការបណ្តេញចេញពីការងារដែលនឹងធ្វើឱ្យពួកគេក្លាយជាពលករមិនស្របច្បាប់នៅក្នុងប្រទេសកូរ៉េខាងត្បូង។

សូមបញ្ជាក់ថា ស្របពេលដែលក្រសួងការងារអំពាវនាវបែបនេះ រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃចន្ទបានសម្រេចអនុញ្ញាតឱ្យអ្នកនេសាទ និងអ្នកទោសជនជាតិខ្មែរចំនួន២២២នាក់នៅម៉ាឡេស៊ីវិលត្រឡប់មកប្រទេសកម្ពុជាវិញ។ ប៉ុន្តែ ពួកគេត្រូវទៅធ្វើតេស្តរកជំងឺកូវីដ-១៩នៅម៉ាឡេស៊ីជាមុនសិន។ ម្យ៉ាងវិញទៀត ពេលពួកគេមកដល់ប្រទេសកម្ពុជា គឺនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព និង ធ្វើតេស្តរកជំងឺកូវីដ-១៩៕

website_news/2020290403.txt · Last modified: 2020/04/29 15:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki