website_news:2020290407

ប្រធានមន្ទីរសុខាភិបាល ស្នើសុំអាជ្ញាធរមូលដ្ឋាន ចុះពន្យល់ពីការធ្វើចត្តាឡីស័ក ដល់ពលរដ្ឋ កុំផ្ដោតតែលើពលករ

https://www.cen.com.kh/ April 29, 2020

បាត់ដំបង ៖ លោកឱសថបណ្ឌិត វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានស្នើសុំអាជ្ញាធរមូលដ្ឋាន ពេលចុះពន្យល់ពីការធ្វើចត្តាឡីស័ក ឬការដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ចំនួនរយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ កុំផ្ដោតលើតែពលករមកពីក្រៅប្រទេស ត្រូវធ្វើឲ្យទូលំទូលាយក្នុងសហគមន៍ ពន្យល់ឲ្យបានច្បាស់លាស់ ដើម្បីឲ្យពួកគាត់អនុវត្តត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ការលើកឡើងបែបនេះ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលតម្រង់ទិសស្តីពី ហានិភ័យនៃការប្រាស្រ័យទាក់ទង និងការចូលរួមរបស់សហគមន៍ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅស្រុករុក្ខគិរី កាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។ លោក វឿង ប៊ុនរេត បានលើកឡើងថា ការយល់ដឹងពីការធ្វើចត្តាឡីស័ក ឬសេចក្តីណែនាំផ្សេងៗ របស់ក្រសួងសុខាភិបាល មិនតម្រូវសម្រាប់តែពលករនោះទេ គឺពលរដ្ឋនៅក្នុងសហគមន៍ក៏ត្រូវតែយល់ដឹងគ្រប់គ្នា ដើម្បីពួកគាត់ងាយស្រួលក្នុងការអនុវត្តន៍វិធានការទប់ស្កាត់ នៃការរីករាលដាល់ជំងឺកូវីដ១៩នេះ ។

គួរបញ្ជាក់ផងដែរថា បើគិតត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ពលរដ្ឋ និងពលករនៅក្នុងខេត្តបាត់ដំបង បានវិលត្រឡប់មកពីប្រទេសនានា ក្នុងអំឡុងការរីករាលដាលខ្លាំងជំងឺកូវីដ១៩ មានចំនួន ១៦.២៥៤នាក់ ហើយពលករខេត្តបាត់ដំបង បានឆ្លងដែនពីថៃ មកនៅថ្ងៃទី២៨ ខែមេសានេះ មានចំនួន ៤២នាក់ ស្រី ១៥នាក់ និងពលករ ដែលមានទីលំនៅតាមបណ្តារាជធានី/ខេត្ត ចូលមកវិញតាមច្រកទ្វារព្រំដែន ក្នុងខេត្តបាត់ដំបង មានចំនួន ៦៨នាក់ ស្រី ៣៣នាក់ ៕ដោយ ៖ អ៊ុងសារុំ

website_news/2020290407.txt · Last modified: 2020/04/29 15:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki