website_news:2020290503

ពលករខ្មែរជាង១០០នាក់ត្រូវសមត្ថកិច្ចថៃចាប់បញ្ជូនមកកម្ពុជាវិញ ក្រោយឆ្លងព្រំដែនអំឡុងថៃបិទប្រទេស

https://khmer.voanews.com/ 28 ឧសភា 2020កាន់ វិច្ឆិកា

ភ្នំពេញ៖ ពលករខ្មែរជាង ១០០ នាក់ ត្រូវបានសមត្ថកិច្ចថៃចាប់បញ្ជូនមកកម្ពុជាវិញ ក្រោយឆ្លងព្រំដែនចូលទៅធ្វើការនៅប្រទេសនោះ ក្នុងអំឡុងពេលថៃកំពុងបិទប្រទេសក្នុងគ្រាអាសន្ន ដោយសារជំងឺកូវីដ១៩។ នេះបើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ។ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា គិតចាប់ពីចុងខែមីនាមក ពលករជាង ៩ ម៉ឺននាក់ បានត្រឡប់មកកម្ពុជាវិញ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩ នៅទូទាំងពិភពលោក។ លោកស្រីបន្តថា ពលករទាំងជាង ៩ ម៉ឺននាក់នោះ ភាគច្រើនមកពីប្រទេសថៃ បន្ទាប់ពីប្រទេសជាប់កម្ពុជាមួយនេះប្រកាសបិទច្រកព្រំដែន និងបិទប្រទេសក្នុងគ្រាអាសន្ន។ បើតាមលោកស្រី ជូ ប៊ុនអេង ក្នុងចំណោមពលករទាំងជាង ៩ ម៉ឺននាក់នោះ មានពលករតិចតួចប៉ុណ្ណោះដែលត្រឡប់មកពីប្រទេសវៀតណាម ជប៉ុន និងម៉ាឡេស៊ីជាដើម។ លោកស្រី ជូ ប៊ុនអេង លើកឡើងថា ពលករដែលមកពីប្រទេសថៃវិញត្រូវបន្តនៅកម្ពុជា រហូតដល់រយៈពេល ៦ ខែទៅ ១ ឆ្នាំ បន្ទាប់ពីប្រទេសថៃបានប្រកាសពន្យារបិទប្រទេសជាបណ្តោះអាសន្ន រហូតដល់ខែមិថុនា ឆ្នាំ ២០២០ ក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩ ។ លោកស្រី ជូ ប៊ុនអេង បន្ថែមថា ពលករចំនួន ១០៦ នាក់ ត្រូវបានសមត្ថកិច្ចថៃចាប់បញ្ជូន ត្រឡប់មកកម្ពុជាជាបន្តបន្ទាប់ ក្រោយពីពួកគេត្រូវបានមេខ្យល់នាំទៅប្រទេសថៃវិញ។ អ្នកស្រីបញ្ជាក់ថា ពលករដែលត្រូវបានមេខ្យល់នាំទៅប្រទេសថៃនោះ ត្រូវបង់ឲ្យមេខ្យល់ប្រមាណជា ៣ ពាន់បាត ដែលស្មើនឹងប្រមាណ ១០០ ដុល្លារអាមេរិក។

«ក្នុងរយៈពេលសប្តាហ៍មុនមកដល់ឥឡូវយើងបានរកឃើញតាមរយៈការបញ្ជូនត្រឡប់របស់ថៃ ដែលមួយចំនួនត្រូវបានគេចាប់នៅឯប្រទេសគេ ហើយនឹងមួយចំនួនទៀតត្រូវបានយើងឃាត់នៅប្រទេសយើង។ ប៉ុន្តែពេលឃាត់នៅប្រទេសយើង យើងមិនចាត់ទុកថា គាត់ចូលហើយទេ គ្រាន់តែយើងឃាត់ ហើយឲ្យគាត់ត្រឡប់មកភូមិស្រុកវិញ។ ប៉ុន្តែការបញ្ជូនត្រឡប់ពីខាងថៃហ្នឹង គឺគេរកឃើញនៅប្រទេសគេ ពេលឆ្លងដែនទៅ»។ រដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះបន្ថែមថា សមត្ថកិច្ចពាក់ព័ន្ធបាននិងកំពុងរៀបចំវិធានការគាំទ្រពលករដែលត្រឡប់មកពីក្រៅប្រទេសវិញ តាមរយៈវិធានការសុខភាព និងអាហារូបត្ថម្ភ សន្តិសុខស្បៀង។ ក្នុងនោះនឹងមានការកំណត់អត្តសញ្ញាណពលករ ដែលត្រូវទទួលបានបណ្ណក្រីក្រដើម្បីទទួលបានការឧបត្ថម្ភ ប៉ុន្តែអ្នកស្រីសុំមិនបញ្ជាក់លម្អិតពីចំនួនទឹកប្រាក់ដែលនឹងត្រូវផ្តល់ឲ្យជារៀងរាល់ខែនោះទេ។ «មិនមែនអ្នកដែលត្រឡប់មកទាំងអស់ហ្នឹងសុទ្ធតែក្រីក្រទាំងអស់ទេ គឺមានស្ថានភាពខុសៗគ្នា។ អ៊ីចឹងហើយបានជាឥឡូវនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការឲ្យធ្វើការស្រង់ស្ថិតិ រកអ្នកដែលកំពុងតែប្រឈមនឹងស្ថានភាពក្រីក្រហ្នឹង ដើម្បីដាក់បញ្ជូលក្នុងបញ្ជីបណ្ណក្រីក្រសម្រាប់ការឧបត្ថម្ភគាត់»។ លោកស្រី ជូ ប៊ុនអេង បន្ថែមថា ទឹកប្រាក់ដែលឧបត្ថម្ភនោះគឺមានចំនួនតិចតួចប៉ុណ្ណោះ ដូច្នេះអ្នកស្រីជំរុញឲ្យពលករទាំងអស់ស្វែងរកការងារធ្វើទាំងអស់គ្នា។

លោក ឌីថេ ហូយ៉ា មន្រ្តីកម្មវិធីនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លើកឡើងថា ពលករដែលត្រឡប់មកពីក្រៅប្រទេសវិញ កំពុងប្រឈមនឹងបញ្ហាធំៗពីរ គឺពួកគេមិនមានប្រាក់ចំណូល និងអាហារសម្រាប់ជីវភាព និងមិនមានលុយសម្រាប់បង់ធនាគារ ដែលពួកគេជំពាក់។លោកបន្តថា ប្រសិនបើស្ថានភាពជំងឺកូវីដនៅតែបន្ត ហើយពលករមិនមានការងារធ្វើគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាពរបស់ពួកគេ នោះពួកគេនឹងជួបវិបត្តិកាន់តែធ្ងន់ធ្ងរ ដែលចាំបាច់រដ្ឋាភិបាលត្រូវធ្វើអន្តរាគមន៍។ «រដ្ឋគួរតែពិចារណាទៅលើការពន្យារនូវការសងបំណុល ដែលគាត់ប្រឈមពីការរឹបអូសយកទ្រព្យសម្បត្តិអីផ្សេងៗជាដើម។ អ៊ីចឹងប្រសិនបើមានវិធានការមួយហ្នឹង ដើម្បីពន្យារនូវការបង់បំណុលសម្រាប់ពួកគាត់ដែលប្រឈមខ្លាំងពីការខ្ចីមីក្រូហិរញ្ញវត្ថុអ្នកឲ្យខ្ចីបុល ឬមួយធនាគារវាក៏ជាការចូលរួមចំណែកក្នុងការកាត់បន្ថយបញ្ហាគាត់ម្យ៉ាងដែរ»។ បើតាមលោក ឌីថេ ហូយ៉ា ក្នុងឆ្នាំ ២០១៩ ពលករកម្ពុជាដែលចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសទាំងស្របច្បាប់ និងមិនស្របច្បាប់ មានចំនួនជាង ២ លាន ២ សែននាក់។ ក្នុងនោះពលករធ្វើការនៅប្រទេសថៃមានចំនួនជាង ២ លាននាក់។

លោក ស៊ុន ចិន ពលករម្នាក់ដែលត្រឡប់មកពីស៊ីឈ្នួលលក់ស្បែកជើង នៅប្រទេសថៃ ប្រាប់ VOA ថា ក្នុងអំឡុងពេលលោកលក់ស្បែកជើងនៅទីនោះ លោកមានអាហារគ្រប់គ្រាន់ និងទទួលបានកម្រៃជិត ២០០ ដុល្លារក្នុងមួយខែ។ លោកបន្តថា លោកបានត្រឡប់មកពីប្រទេសថៃវិញ កាលពីថ្ងៃទី ២៣ ខែមីនា និងធ្វើជាជាងសំណង់នៅខេត្តកំពង់ចាម។ លោកថា លោកកំពុងប្រឈមនឹងការខ្វះខាតជីវភាព និងកំពុងទន្ទឹងរង់ចាំត្រឡប់ទៅប្រទេសថៃវិញ នៅពេលថៃបើកប្រទេស។ «អត់ទៀង! ទាល់តែលក្ខណៈថា មាត់ច្រកគេបើក បានទៅវិញ»។ នៅសប្តាហ៍នេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានជូនដំណឹងដល់ពលរដ្ឋកម្ពុជា ដែលកំពុងធ្វើការងារនៅប្រទេសថៃ អំពីការពន្យារពេលដាក់ប្រទេសក្នុងភាពអាសន្នចំនួន ១ខែទៀត រហូតដល់ថ្ងៃទី៣០ ខែមិថុនា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ ស្ថានទូតបានទទូចដល់ពលរដ្ឋខ្មែរឲ្យចូលរួមអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាលថៃឲ្យបានខ្ជាប់ខ្ជួន៕

website_news/2020290503.txt · Last modified: 2020/05/29 14:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki