website_news:2020290504

បញ្ជូនមេខ្យល់២នាក់ឡើងតុលាការ ករណីកេងប្រវ័ញ្ចកម្លាំងពលកម្ម ដោយជួលក្មេងសុំទាន់តាមភ្លើងស្តុប

http://kampucheathmey.com/ 28/5/2020 7:38 Pm

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៨ ឧសភា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចជំនាញនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ បានបញ្ជូនមេខ្យល់២នាក់ ដែលពាក់ព័ន្ធការកេងប្រវ័ញ្ចពលកម្មកុមារមកតុលាការ។

ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចចុះអនុវត្តតាមចំណារអនុញ្ញាតិឲ្យបង្ក្រាបជាក់ស្តែង របស់លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លើករណីកេងប្រវ័ញ្ចពលកម្មកុមារ ក្នុងរូបភាពបង្ខំឲ្យក្មេងដើរសុំទានតាមភ្លើងស្តុប ឈានដល់ការឃាត់ខ្លួនមេខ្យល់២ នាក់ និងសង្គ្រោះកុមាររងគ្រោះ៦ នាក់។

ជនសង្ស័យជាមេខ្យល់ម្នាក់ឈ្មោះ ឆែ ធឿន ភេទស្រី អាយុ៥៨ឆ្នាំ ស្នាក់នៅភូមិ អន្ទុង៤ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងមុខរបរមិនពិតប្រាកដ។ ម្នាក់ទៀតឈ្មោះ នួន ទូច ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅភូមិ អន្ទុង៤ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងមុខរបរមិនពិតប្រាកដ។ លោកវរសេនីយ៍ឯក កែវ ធា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យ២នាក់ និងត្រូវសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងភ្នំពេញ នៅថ្ងៃទី២៨ ខែឧស ភា ឆ្នាំ២០២០ នេះ ចំណែកជនរងគ្រោះត្រូវបានប្រគល់ឲ្យទៅមន្ទីរសង្គមកិច្ច យកទៅគ្រប់គ្រង។

លោក កែវ ធា បន្តថា ករណីខាងលើនេះសមត្ថកិច្ចយើង បានសង្គ្រោះកុមាររងគ្រោះចំនួន៦នាក់ (ស្រី៣នាក់) ក្នុងនោះមានទារកចំនួន ២នាក់ប្រុស ដែលជាករណី កេងប្រវ័ញ្ចពលកម្មលើកុមារ (ក្នុងរូបភាពដើរសុំទាន) នៅចំណុចក្នុងផ្សារបឹងឈូក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ព្រះរាជអាជ្ញាអមតុលាការកំពុងធ្វើការសាកសួរជនសង្ស័យទាំង២នាក់ មុនធ្វើការចោទប្រកាន់ជាផ្លូវការ៕ មករា

website_news/2020290504.txt · Last modified: 2020/05/29 14:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki