website_news:2020290509

លោក សុខ លូ ថា ខេត្តកំពង់ធំកំពុងខ្វះកម្លាំងពលកម្មជាង ១ ម៉ឺននាក់

https://www.postkhmer.com/ សុទ្ធ គឹមសឿន | Publication date 28 May 2020 | 10:25 ICT

ភ្នំពេញ: ដោយសារតែពលរដ្ឋខ្មែរជាច្រើនបានធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេស បានធ្វើឲ្យខេត្តកំពង់ធំកំពុងខ្វះកម្លាំងពលកម្មជាង ១ ម៉ឺននាក់ ខណៈដែលមានក្រុមហ៊ុនចំនួន ២៧ (ក្រុមហ៊ុនបរទេស ៧) បាន និងកំពុងធ្វើការវិនិយោគដាំដុះលើវិស័យកសិកម្ម និងកសិឧស្សាហកម្មលើផ្ទៃដីសម្បទានសេដ្ឋកិច្ច ចំនួន ១១ ម៉ឺនហិកតា។ នេះបើតាមអភិបាលខេត្តកំពង់ធំលោក សុខ លូ។

លោក សុខ លូ បានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពង់ធំកាលពីព្រឹកម្សិលមិញថា ដំណាំស្រូវខេត្តកំពង់ធំមានផ្ទៃដីដាំដុះស្រូវសរុបជាង ២៩ ម៉ឺនហិកតា ក្នុងនោះស្រូវប្រាំងសរុបចំនួន ៦ ម៉ឺនហិកតា ដែលមានបរិមាណផលសរុបចំនួនជាង ៨៦ ម៉ឺនតោនដែលទិន្នផលជាមធ្យម ៣ តោនក្នុង ១ ហិកតា។ ជារួមតុល្យភាពស្បៀងប្រចាំឆ្នាំ ២០១៩ ក្រោយកាត់ទុក ១៣ ភាគរយសម្រាប់ធ្វើពូជ ចំណីសត្វ និងសម្រាប់តម្រូវការហូបចុកក្នុងខេត្តនៅសល់ស្រូវចំនួន ៥៨ ម៉ឺនតោនគិតជាអង្ករស្មើនឹង ៣៧ ម៉ឺនតោន។

លោកបញ្ជាក់ថា៖ «យើងមានការងារជាច្រើន ដែលមានតម្រូវការកម្លាំងពលកម្មក្នុង នោះមានក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ចចំនួន ២៧ ក្រុមហ៊ុន (ក្រុមហ៊ុនបរទេស ៧) អ៊ីចឹងមានតម្រូវការកម្លាំងពលកម្មបន្ថែម (ទូទៅ) ចំនួនជាង ១ ម៉ឺននាក់។ ការផ្ដល់សម្បទានសេដ្ឋកិច្ចនេះបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ខេត្តកំពង់ធំទាំងមូល ប៉ុន្ដែថ្មីៗនេះយើងមិនមានផ្ដល់ដីជូនទៅក្រុមហ៊ុនបន្ថែមទៀតទេគឺរាជរដ្ឋាភិបាលបានបិទហើយ»។លោក សុខ លូ បានបន្ថែមថា៖ «ដីសម្បទានទាំងអស់នៅខេត្តកំពង់ធំមិនមានទុកទំនេរចោលទេ ដោយបានដាំកៅស៊ូរាប់ម៉ឺនហិកតា។ បើយើងគិតគឺគ្រាន់តែកម្លាំងពលកម្មធ្វើការតែនៅក្នុងចម្ការកៅស៊ូ គឺយើងខ្វះកម្លាំងចំនួនជាង ៦ ពាន់នាក់ ហើយឥឡូវនេះយើងកំពុងតែខ្វះកម្លាំងពលកម្ម ហើយបើមានរោងចក្រត្រូវបង្កើតឡើងថ្មីៗទៀតគឺយើងខ្វះកម្លាំងពលកម្មកាន់តែច្រើនថែមទៀត»។

លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំក៏បានថ្លែងនៅក្នុងសន្និសីទកាសែតនេះដែរថា នៅក្នុងខេត្តកំពង់ធំមានផ្ទៃដីដាំដុះដំណាំកៅស៊ូសរុបចំនួនជាង៧០ម៉ឺនហិកតា (កៅស៊ូក្រុមហ៊ុនចំនួន ៦១ ម៉ឺនហិកតា និងកៅស៊ូគ្រួសារ ៩ ម៉ឺនហិកតា)។ ក្នុងនោះផ្ទៃដីកំពុងចៀរជ័រសរុបចំនួន ៤៥ ម៉ឺនហិកតា (ក្រុមហ៊ុន ៤០ ម៉ឺនហិកតា និងគ្រួសារ ៥ ម៉ឺនហិកតា) ដោយស្រូបយកកម្លាំងពលកម្មសរុបជិត ៦ ពាន់នាក់។ លោកបន្តថា ជាមួយគ្នានេះខេត្តកំពង់ធំមានរោងចក្រកែច្នៃជ័រកៅស៊ូចំនួន ៤ កន្លែង ខណៈគ្រោងបង្កើតឲ្យមានរោងចក្រកែច្នៃជ័រកៅស៊ូចំនួន ៧ កន្លែងផ្សេងទៀត។ លោកបានបន្តថា វិស័យកសិកម្មនៅក្នុងខេត្តកំពង់ធំបានដំណើរការល្អប្រសើរពី ១ ឆ្នាំទៅ ១ ឆ្នាំ ប៉ុន្ដែក៏មានឧបសគ្គខ្លះជុំវិញការបង្កបង្កើនផលពោលគឺនៅខ្វះប្រព័ន្ធធារាសាស្ត្រស្រោចស្រពដំណាំរបស់កសិករ។ លើសពីនេះមិនសូវមានទីផ្សារសម្រាប់លក់ផលិតផលកសិកម្មដែលពលរដ្ឋខិតខំផលិត។

លោកបញ្ជាក់ថា៖ នៅខេត្តកំពង់ធំយើងនេះគឺមានសក្ដានុពលខ្លាំងផ្នែកវិស័យកសិកម្ម អ៊ីចឹងបើមានក្រុមហ៊ុនមកវិនិយោគបន្ថែមទៀតគឺកាន់តែល្អ ដោយសារមានដំណាំជាច្រើនដែលកសិករកំពុងដាំដូចជា ស្វាយចន្ទី កៅស៊ូ ពោត សណ្ដែក ដំឡូងមី ស្វាយ និងដំណាំផ្សេងៗជាច្រើនប្រភេទទៀត។ម្យ៉ាងទៀតខេត្តកំពង់ធំជាខេត្តដែលស្ថិតនៅចំកណ្ដាលប្រទេសកម្ពុជា ដែលងាយស្រួលក្នុងការដឹកជញ្ជូនទៅកាន់ខេត្តផ្សេងៗបានយ៉ាងឆាប់រហ័ស។លោក ប៉ែន វណ្ណរិទ្ធ បន្ថែមថានៅខេត្តកំពង់ធំមានប្រព័ន្ធធារាសាស្ត្រចំនួន ២៦១ (បានស្តារ ជួសជុល កែលម្អ) ក្នុងនោះទើបសាងសង់ថ្មីចំនួន ៦៧ កន្លែង ដែលអាចស្រោចស្រពលើផ្ទៃដីកសិកម្មស្រូវវស្សាជាង ១៣ ម៉ឺនហិកតា ស្មើនឹង ៦២ ភាគរយ ស្រូវប្រាំងជាង ២ ម៉ឺនហិកតា ស្មើនឹង ៦៣ ភាគរយ។ ប្រភពទឹកសំខាន់ៗរួមមាន ស្ទឹងសែន ហូរកាត់ខេត្តកំពង់ធំប្រវែង ២៦៥ គីឡូម៉ែត្រ ស្ទឹងស្ទោងប្រវែង ១៥៣ គីឡូម៉ែត្រ ស្ទឹងតាំងក្រសាំងប្រវែង ១០៣ គីឡូម៉ែត្រ និងស្ទឹងជីនិតប្រវែង ២៩៣ គីឡូម៉ែត្រ៕

website_news/2020290509.txt · Last modified: 2020/05/29 14:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki