website_news:2020290513

មន្ត្រីសង្គមស៊ីវិលធ្វើដែលការងារផ្នែកសិទ្ធិកម្មករ អំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជា ឈប់ឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩

https://www.rfa.org/khmer/news/ ដោយ ខែ សុណង 2020-05-28

មន្ត្រីសង្គមស៊ីវិលដែលធ្វើការងារផ្នែកសិទ្ធិកម្មករ អំពាវនាវឲ្យប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្នកុំចាញ់បោកគេ ចេញទៅស្វែងរកការងារធ្វើនៅប្រទេសថៃ ក្នុងអំឡុងវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ-១៩។ ការលើកឡើងនេះ បន្ទាប់ពីពលរដ្ឋ ៦នាក់ ជាអ្នកខេត្តកំពង់ធំ បានលួចចូលឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ តែត្រូវសមត្ថកិច្ចឃាត់ខ្លួននៅចំណុចខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៧ ខែឧសភា។ សង្គមស៊ីវិលផ្នែកសិទ្ធិការងារព្រួយបារម្ភពីពលរដ្ឋកំពុងជួបវិបត្តិសេដ្ឋកិច្ចគ្រួសារ និងដោះបំណុលធនាគារ ដែលប្រថុយលួចឆ្លងដែនខុសច្បាប់តាមមេខ្យល់ ដើម្បីទៅស្វែងរកការងារធ្វើនៅប្រទេសថៃ ហើយត្រូវអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចចាប់ខ្លួន។

ប្រធានមជ្ឈមណ្ឌលសម្ពន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា មានប្រសាសន៍ថា ពលរដ្ឋគួរតែប្រុងប្រយ័ត្នចំពោះការអន្ទងពីមេខ្យល់ឲ្យឆ្លងដែនខុសច្បាប់ទៅស្វែងរកការងារធ្វើនៅប្រទេសថៃ ក្នុងអំឡុងវិបត្តិជាសាកលជំងឺកូវីដ-១៩ ដែលថៃបន្តដាក់ប្រទេសក្នុងភាពអាសន្ន និងរឹតបណ្ដឹងខ្លាំងនោះ។ លោកថា ក្រៅពីការចាប់បញ្ជូនមកវិញ ភាគីថៃអាចនឹងអនុវត្តច្បាប់អន្តោប្រវេសន៍ចាប់ដាក់ពន្ធនាគារទៀតផង ខណៈព្រំដែនប្រទេសទាំងពីរបន្តបិទគ្មានកាលកំណត់ជាក់លាក់នៅឡើយ។ មួយវិញទៀត លោកថា ប្រទេសកម្ពុជានិងប្រទេសថៃតាមរយៈកិច្ចព្រមព្រៀង ឬ MOU ក៏បានបន្តផ្អាកការទទួលនិងបញ្ជូនពលករពីកម្ពុជាដែរ៖ «សម្រាប់ពេលនេះពលរដ្ឋយើងមិនគួរទាន់ប្រថុយប្រថានក្នុងការឆ្លងដែនទៅប្រទេសថៃទៅធ្វើការនៅហ្នឹងទេ។ ការអន្ទងណាមួយប្រជាពលរដ្ឋយើងអាចចាញ់បោកមេខ្យល់ណាមួយ ឬចាញ់បោកគេ»។

ក្ដីបារម្ភនេះ បន្ទាប់ពីសមត្ថកិច្ចខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៧ ឧសភា ចាប់បានពលរដ្ឋ ៦នាក់ ដែលមកពីខេត្តកំពង់ធំ ដែលក្នុងនោះមានកុមារម្នាក់អាយុ ៤ឆ្នាំ ឲ្យធ្វើកិច្ចសន្យា ព្រោះពួកគាត់មានបំណងលួចឆ្លងចូលតាមច្រករបៀងព្រំដែន ចូលទៅដីថៃ ដើម្បីទៅធ្វើការនៅខេត្តឈុនបុរី ប្រទេសថៃ ដោយថាមានថៅកែមករង់ចាំនៅផ្សាររ៉ុងគ្លឿ (ប្រទេសថៃ)តាមរយៈម៉ូតូឌុប ដោយយកលុយម្នាក់ ២.៥០០បាត ឬប្រមាណជិត ៩០ដុល្លារ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលោក ស ខេង កាលពីថ្ងៃទី២៧ ឧសភា ក៏បានស្នើសមត្ថកិច្ចនៅតាមបន្ទាត់ព្រំដែន ជាពិសេសរដ្ឋបាលដែនដី កម្លាំងកងយោធពលខេមរភូមិន្ទ កងកម្លាំងនគរបាលជាតិ និងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ សហការគ្នាទប់ស្កាត់កុំឲ្យមានករណីពលរដ្ឋបន្តលួចឆ្លងដែនចូលប្រទេសថៃ តទៅទៀត និងជំរុញឲ្យចាប់មេខ្យល់យកមកផ្តន្ទាទោស៖ «ការលួចឆ្លងកាត់ព្រំដែនត្រឡប់ទៅថៃវិញ សូមឲ្យបណ្ដាខេត្តជាប់ព្រំដែនខិតខំប្រមូលកម្លាំងដើម្បីជួយទប់ស្កាត់។ ការពិតហើយគឺយើងបិទច្រកផ្លូវការតែតាមរបៀងគឺគាត់ទៅបានរឿងនេះគឺច្បាស់លាស់ហើយកាលណាចាប់បានមេខ្លោងហ្នឹងគឺពិតជាអ្នកជួញដូរសូមឲ្យយកចិត្តទុកដាក់ ហើយព្រោះទៅដល់ហ្នុងគឺខុសច្បាប់ ថៃនៅប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ននៅឡើយមិនទាន់បើកទេ។ អ៊ីចឹងវាច្បាស់ណាស់ថាការលួចឆ្លងដែនទៅនេះគឺខុសច្បាប់ហើយ។ មន្ត្រីពាក់ព័ន្ធរួមគ្នាទប់ស្កាត់កុំឲ្យលួចឆ្លងកាត់ខុសច្បាប់ទៅប្រទេសថៃជាពិសេស»។

យ៉ាងនេះក្ដីលោក មឿន តុលា ថា ក្រៅពីចំណាត់ការអប់រំផ្សព្វផ្សាយ និងរាំងខ្ទប់ពលរដ្ឋដោយប្រើចំណាត់ការច្បាប់នោះ ផ្ទុយវិញរដ្ឋាភិបាលគួរតែមានវិធានការណាមួយក្នុងការជួយដោះស្រាយបញ្ហាឫសគល់ដែលជំរុញឲ្យពលរដ្ឋចេះតែបន្តលួចចេញទៅរកការងារធ្វើក្នុងអំឡុងពេលនេះ៖ «ជួយពលរដ្ឋខ្មែរយើងដែលបានធ្វើដំណើរត្រឡប់មកពីប្រទេសថៃឡើងវិញហ្នឹង ឬក៏កសិករខ្មែរយើងហ្នឹងឲ្យគាត់មានចំណូលណាមួយដែលអាចឲ្យគាត់រ៉ាប់រងក្នុងចំណាយប្រចាំថ្ងៃរបស់គាត់។ ធម្មតាទេតែគាត់អត់មានចំណូលគាត់ត្រូវចំណាយប្រចាំថ្ងៃ គាត់មានជំពាក់បំណុលគេផងអីផង អ៊ីចឹងបញ្ហាក្រពះគឺត្រូវប្រថុយហើយ ជារឿងមួយកត្តាជំរុញឲ្យគាត់ប្រថុយប្រថានក្នុងការធ្វើចំណាកស្រុកដោយមិនដឹងព័ត៌មានច្បាស់លាស់»។

អំឡុងពេលនៃការរីករាលដាលជាសាកលនៃជំងឺកូវីដ-១៩ ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ មានចំនួនជាង ១លាននាក់ បានអត់ការងារធ្វើ ព្រោះតែរោងចក្រ សហគ្រាសបានផ្អាកសកម្មភាព រហូតដល់បិទច្រកព្រំដែន និងដាក់ប្រទេសក្នុងភាពអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ។ ពលករខ្មែរដែលអត់ការងារធ្វើ និងបារម្ភខ្លាចឆ្លងជំងឺបានបង្ខំចិត្តវិលត្រឡប់មកស្រុកកំណើតវិញ ដោយខ្លះបានឆ្លងដែនតាមច្រករបៀងនានាដោយប្រថុយប្រថាន។

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃអះអាងថា តួលេខចុងក្រោយកាលពីចុងខែមីនា ឆ្នាំ២០២០ ត្រឹមរយៈពេល ២ខែ មានពលករសរុបជាង ៩ម៉ឺននាក់ បានវិលចូលស្រុកវិញ។ ប៉ុន្តែដោយសារពួកគាត់ប្រឈមការខ្វះខាតជីវភាព និងបំណុលធនាគារ មានសេចក្ដីរាយការណ៍ថា ព្រោះតែអាជ្ញាធរព្រំដែនប្រទេសទាំងពីររឹតបណ្ដឹង និងបិទច្រកព្រំដែន ពួកគាត់ទាំងនោះបានលួចឆ្លងចូលត្រឡប់ទៅដីថៃដោយខុសច្បាប់ម្ដងទៀតក្រែងលោមានការងារធ្វើ៕

website_news/2020290513.txt · Last modified: 2020/05/29 15:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki