website_news:2020290611

ពលករខ្មែរចំណាយម្នាក់៣០០០ បាត ដើម្បីទៅរកការងារធ្វើ

http://kampucheathmey.com/ 29/6/2020 8:16 Am

ប្រទេសថៃ ៖ ពលករខ្មែរ សរុបមានចំនួន ១៣ នាក់ ត្រូវបានក្រុមតម្រួតថៃតាមប្រមាញ់ និងឈានដល់ការឃាត់ខ្លួន នៅក្នុងទឹកដីថៃ បន្ទាប់ពីពួកគេបាននាំគ្នាលបឆ្លងដែនខុសច្បាប់ចូលទៅរកការងារធ្វើ ដោយម្នាក់ៗត្រូវចំណាយ ៣ ០០០ បាត ដើម្បីអោយរថយន្តដឹកជូលអោយដល់គោលដៅ ។ នៅព្រឹកថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ លោក អាទិត្យ យ៉ាកែវ មន្ត្រីនៃការិយាល័យ តម្រួតអន្តោប្រវេសន៍ ខេត្តស្រះកែវ បានទទួលបញ្ជាពីថ្នាក់ដឹកនាំ ឱ្យដឹកនាំកម្លាំងចេញប្រតិបត្តិការត្រួតពិនិត្យទៅលើការលបឆ្លងដែនដោយមិនស្របច្បាប់ របស់ប្រទេសជិតខាង ក្នុងបំណងចូលទៅរកការងារធ្វើនៅក្នុងប្រទេសថៃ ស្របពេលដែលក្នុងប្រទេសកំពុងទប់ស្កាត់នូវការរីរាលដាល នៃជម្ងឺ កូវីដ ១៩ ផងនោះ ។

នៅក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងអន្តោប្រវេសន៍ថៃ ដែលបានសហការជាមួយកម្លាំងសន្តិសុខផ្ទៃក្នុង បានប្រទះឃើញរថយន្តចំនួន ២ គ្រឿង ដែលកំពុងបើកបរតាមគ្នា នៅលើកំណាត់ផ្លូវ ពី ច័ន្ទបុរី ទៅស្រះកែវហើយកំពុងបត់ឆ្វេងចូលទៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង យីហោ ដួងសិទ្ធិ សឺវុីស ស្ថិតក្នុងស្រុកវុាំងណាំយិន ខេត្តស្រះកែវ ទើបសមត្ថកិច្ចឃាត់ និងសុំត្រួតពិនិត្យរថយន្ត ។ នៅទីបំផុតសមត្ថកិច្ចថៃបានរកឃើញថា ក្នុងរថយន្តទាំង ២ គ្រឿងនេះ សុទ្ធតែមានផ្ទុកពលករខ្មែរដែលគ្មានច្បាប់អនុញ្ញាតទាំងអស់ ទើបនាំខ្លួនអ្នកបើកបរ និងពលករទៅសាកសួរ។ រថយន្តទី ១ ម៉ាកនីសាន់ ព៌ណប្រផេះពាក់ស្លាកលេខបាងកក ៥៧៣៥ បើកបរដោយឈ្មោះ សង្ក្រាន សៃផូ ភេទប្រុស អាយុ ៥៧ ឆ្នាំ រស់នៅខេត្ត ឡាំងប៉ាង មានដឹកពលករខ្មែរចំនួន ៩ នាក់ និងរថយន្តទី ២ ម៉ាក តូយ៉ូតា ព៌ណស ពាក់ស្លាកលេខ រ៉ាក់យ៉ង ៦២១៤ បើកបរដោយឈ្មោះ ណុបដុន សែនមុខ ភេទប្រុស អាយុ ៥៨ ឆ្នាំ ដឹកពលករខ្មែរ ៤ នាក់ ។

ពលករខ្មែរទាំងអស់បានសារភាពថា ពួកគេបាននាំគ្នាដើរឆ្លងដែនតាមច្រករបៀង ក្នុងឃុំបានឡែម ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី និងចំណាយអោយរថយន្តក្នុងម្នាក់ ៣ ០០០ បាត ដើម្បីអោយជូនទៅរកការងារកសាងនៅក្នុងខេត្ត សមុទ្រប្រាកាន ។ ដោយឡែកអ្នកបើកបរទាំងពីរដែលជាជនជាតិថៃ បានសារភាពថា ការដឹកពលករខ្មែរនេះ គឺគ្រាន់តែស៊ីឈ្នួលអោយគេម្នាក់តែប៉ុណ្ណោះ ដោយដឹកចេញពីខេត្ត ច័ន្ទបុរី ឆ្លងកាត់ខេត្ត ស្រះកែវ ឆ្ពោះទៅកាន់ខេត្ត សមុទ្រប្រាកាន ។

បច្ចុប្បន្នទាំងអ្នកបើកបរ ក៏ដូចជាពលករខ្មែរទាំងអស់ ត្រូវបានកម្លាំងតម្រួតថៃ ប្រគល់ទៅអោយខាងជំនាញនាំយកទៅសាកសួរបន្ត ដើម្បីកសាងសំណុំរឿងបញ្ជូនតាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងការឆ្លងដែនចូលដោយមិនស្របច្បាប់ ទៅធ្វើការ ឬស្នាក់នៅក្នុងព្រះរាជាណាចក្រថៃ ៕ អត្ថបទ៖ សោ និយមរ័ត្ន

website_news/2020290611.txt · Last modified: 2020/06/29 13:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki