website_news:2020290612

ពលករខ្មែរ ៤ នាក់ ត្រូវថៃបាញ់បណ្តាលឲ្យរងរបួសធ្ងន់ មិនទាន់ដឹងថាស្លាប់ឬអត់ទេ ខណៈជួបជុំផឹកស៊ីថ្ងៃបើកលុយ

https://www.cen.com.kh/ June 29, 2020

ពលករខ្មែរ៤នាក់ ត្រូវបានអ្នកគ្រប់គ្រងជំរុំ (កន្លែងស្នាក់នៅរបស់ពលករ) ជាជនជាតិថៃ បាញ់បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ មិនដឹងថាស្លាប់ ឬ នៅមានជីវិតនោះទេ ខណៈឡានពេទ្យបានដឹកយកទៅសង្គ្រោះបន្ទាន់ កាលពីពេលថ្មីៗនេះ ។ រឿងរ៉ាវនេះ បានកើតឡើង គឺនៅពេលដែលពលករខ្មែរកំពុងជួបជុំផឹកស៊ី នៅថ្ងៃបើកលុយ។ បើតាមប្អូនស្រីម្នាក់ដែលជាពលករ បានរៀបរាប់ទាំងរំជួលចិត្តថា នៅយប់ថ្ងៃកើតហេតុ បងប្អូនពលករខ្មែរយើង បានជួបជុំផឹកស៊ីនៅក្នុងកន្លែងស្នាក់នៅ ក្នុងថ្ងៃបើកប្រាក់ខែ នៅពេលនោះស្រាប់តែអ្នកមើលការខុសត្រូវកន្លែងស្នាក់នៅជាជនជាតិថៃ បានរករឿង និងបាញ់គំរាម បណ្តាលឲ្យត្រូវពលករខ្មែរ ៤ នាក់ រងរបួសធ្ងន់ធ្ងរតែម្តង ដោយអ្នកខ្លះត្រូវរបួសត្រង់ដៃ ខ្លះទៀតត្រូវចំពោះ។ ប្អូនស្រីខាងលើដែលត្រូវជាក្មួយជនរងគ្រោះម្នាក់ក្នុងចំណោមនោះ បានបញ្ជាក់ផងដែរថា អ្នកដែលបានបាញ់ ក៏ត្រូវបានគេព្រួតចាប់វ៉ៃស្លាប់បាត់ទៅហើយផងដែរ។ យ៉ាងណាមិញ ហេតុការណ៍នេះផងដែរ យើងក៏ពុំទាន់ដឹងច្បាស់លើសពីនេះ និងបានកើតឡើងនៅក្នុងខេត្តណាមួយ នៃប្រទេសថៃនោះទេ ខណៈដែលវីដេអូនេះត្រូវបានចែករំលែកនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នេះដោយគណនីហ្វេសប៊ុកឈ្មោះ «កូន ខ្លាតូច ឬ ទេព សូលីដា» ។

គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ រដ្ឋាភិបាលថៃត្រូវបានដឹងថា ពុំទាន់អនុញ្ញាតឲ្យមានការជួបជុំដូចមុនទាំងស្រុង ឬ ការចេញដើរហើរនៅពេលយប់អធ្រាត្រនោះទេ ដោយសារស្ថានភាពវីរុសឆ្លង Covid-19 នៅពុំទាន់ធូរស្រាល។ កន្លងមក ព្រះសង្ឃថៃមួយអង្គ ក៏ត្រូវអាជ្ញាធរបាញ់បណ្តាលឲ្យស្លាប់ផងដែរ ដោយសាររឿងរំលោភបំពានបម្រាមចេញចូលពេលយប់ក្នុងម៉ោងហាមឃាត់។ ហេតុនេះ សូមបងប្អូនខ្មែរដែលជាពលករទាំងអស់ ត្រូវតែបន្តមានការប្រុងប្រយ័ត្នក្នុងជួបជុំផឹកស៊ី ខណៈរាជរដ្ឋាភិបាលយើងក៏បានអំពាវនាវផងដែរ បន្ទាប់ពីមានករណីពលករខ្មែរប្រុសស្រីមួយក្រុម ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីពេលកន្លងទៅនេះ ដោយសាររឿងជួបជុំផឹកស៊ីល្មើសនឹងបម្រាម៕ ដោយ៖ លឹម ហុង

website_news/2020290612.txt · Last modified: 2020/06/29 13:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki