website_news:2020290614

អង្គការ OSCE អំពាវនាវឱ្យពង្រឹងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស

https://khmer.voanews.com/ 03 មេសា 2020

អង្គការសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុបបានអំពាវនាវនៅថ្ងៃសុក្រនេះឱ្យពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធនឹងការជួញដូរមនុស្ស ក្នុងពេលដែលមានវិបត្តិជំងឺកូវីដ១៩ជាសាកល។ លោក Valiant Richey តំណាងពិសេសអង្គការសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុប ទទួលបន្ទុកការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ដោយសហការជាមួយនឹងប្រទេសអាល់បានី ដែលជាប្រធានប្តូរវេន បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយពីទីក្រុងវីយែនថា៖ «ជាក់ច្បាស់ណាស់នៅពេលដែលសហគមន៍ពិភពលោករបស់យើងធ្លាក់ចូលក្នុងវិបត្តិដ៏ធំដូចនេះ គឺកាតព្វកិច្ចរបស់យើងប្រយុទ្ធនឹងការកេងប្រវ័ញ្ចពលរដ្ឋរងគ្រោះនៅតែខ្លាំងក្លា»។ ជនរងគ្រោះដោយការជួញដូរមនុស្សប្រឈមមុខនឹងគ្រោះថ្នាក់កាន់តែខ្លាំងដោយសារតែអ្នកជួញដូរកាន់តែសាហាវជាងមុនហើយប្រើប្រាស់ទម្រង់នៃការកេងប្រវ័ញ្ចថ្មីៗដើម្បីរក្សាប្រាក់ចំណូលរបស់ពួកគេ។ នេះបើតាមការបញ្ជាក់នៅសេចក្តីថ្លែងការណ៍នោះ និងបានបន្ថែមថា «ក្នុងគ្រាដែលធនធាននានាត្រូវបានបង្វែរទៅដោះស្រាយបញ្ហាសុខាភិបាល ពលរដ្ឋរងគ្រោះដែលរស់ក្នុងស្ថានភាពផុយស្រួយស្រាប់កំពុងតែជួបហានិភ័យកាន់តែខ្លាំងជាងមុន ក្នុងការធ្លាក់ចូលក្នុងស្ថានភាពត្រូវគេកេងប្រវ័ញ្ច»។ ក្នុងអំឡុងពេលមានវិបត្តិពិភពលោកកម្រិតនេះ ស្ត្រី និងកុមារ ដែលមាន៩០ភាគរយនៃជនរងគ្រោះដោយសារការកេងប្រវ័ញ្ចផ្លូវភេទ និងកុមារចំណាយពេលជាច្រើនម៉ោងតាមអ៊ីនធឺណិតដោយសារតែសាលារៀនបានបិទគឺកាន់តែធ្វើឱ្យពួកគេងាយរងគ្រោះ។ សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា៖ «ក្នុងករណីជួញដូរសរីរាង្គកាយមនុស្ស គឺផលប៉ះពាល់នៃជំងឺកូវីដ១៩កាន់តែគួរឱ្យព្រួយបារម្ភដោយសារតែការជួញដូរនេះមានទម្រង់អាក្រក់បំផុតប៉ុន្តែត្រូវបានគេយកចិត្តទុកដាក់តិចតួចបំផុត»៕

website_news/2020290614.txt · Last modified: 2020/06/29 13:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki