website_news:2020290708

កិច្ចប្រជុំពង្រឹងវិធានការស្តីពីការទប់ស្កាត់ប្រជាពលរដ្ឋឆ្លងដែនដោយខុសច្បាប់ទៅប្រទេសវៀតណាម

https://gdlf-kh.com/ 2020/07/28/ Kao sophy ខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ នៅថ្ងៃចន្ទ ០៧កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពង្រឹងវិធានការ ស្តីពីការទប់ស្កាត់ប្រជាពលរដ្ឋឆ្លងដែន ដោយខុសច្បាប់ទៅប្រទេសវៀតណាម និងពង្រឹងវិធានការទប់ស្កាត់ និងគ្រប់គ្រងពលករឆ្លងដែន ដោយខុសច្បាប់ទៅប្រទេសវៀតណាម និងប្រទេសផ្សេង ៗ ទៀត ។

កិច្ចប្រជុំនេះរៀបចំនៅទីស្នាក់ការច្រកទ្វាព្រំដែនអន្តរជាតិបាវិត ដោយមានការអញ្ជើញចូលរួមពី លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជំនាញ លោកស្រីអភិបាលរងក្រុង លោកប្រធានទីស្នាក់ច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោកអធិការនគរបាលក្រុងបាវិត លោកនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ លោកមេបញ្ជាការវរសេនាតូចនគរបាលព្រំដែនគោក៦០៩ លោកបញ្ជាការវរសេនាតូចនគរបាលព្រំដែនគោក៦១១។

លោកជំទាវអភិបាលរងខេត្ត បានលើកឡើកថា បញ្ហានេះជាបញ្ហាមួយដ៏គួរឲ្យព្រួយបារម្ភ ដោយប្រទេសរបស់យើង ស្ថិតក្នុងស្ថានភាព នៃការរាតត្បាតនៃជំងឺកូវីត១៩ ច្រកព្រំដែនត្រូវផ្អាកការចេញចូលហើយ ប៉ុន្តែនៅតែមានប្រជាពលរដ្ឋបន្តការឆ្លងដែន ដោយខុសច្បាប់ចាកចេញទៅប្រទេសជិតខាង ។ ហើយទន្ទឹមនេះ នាពេលកន្លងមកក៏មានពលករមួយចំនួនវិលត្រឡប់មកស្រុកកំណើតវិញ ដែលយើងសង្កេតឃើញថា ពួកគាត់វិលត្រលប់មកវិញជារាងរាល់ថ្ងៃ ដូចនេះយើងត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយដល់ពួកគាត់បានយល់ដឹងពីវិធានការសំខាន់ៗមានជាអាទិ៍៖

-បន្តការការពារខ្លួន និងសហគមន៍ពីការឆ្លង និងចម្លងមេរោគកូវីដ ១៩

-អប់រំផ្លាស់ប្តូរផ្នត់គំនិត “បំណាច់ធ្វើការឲ្យគេ ត្រូវធ្វើឲ្យគេទទួលស្គាល់តម្លៃរបស់ខ្លួនក្នុងនាមជាពលរដ្ឋខ្មែរ ”

-លើកទឹកចិត្ត និងផ្តល់ការគាំទ្រ ដល់ការខិតខំផលិត ការប្រើប្រាស់ផលិតផលក្នុងស្រុកនិងប្រើប្រាស់សក្តានុពលដែលមានដើម្បីបង្កើតមុខរបរក្នុងស្រុក ជាជាងការផ្សងព្រេង ដោយគ្មានគោលដៅច្បាស់លាស់នៅក្រៅប្រទេសដែលប្រកបដោយគ្រោះថ្នាក់ខាតពេលវេលានិងមិនមានផលប្រយោជន៍។

លោកជំទាវក៏បានជំរុញឲ្យកងម្លាំងមានសមត្ថកិច្ច នៅតាមតំបន់ព្រំដែន ៖

-ត្រូវស្រាវជ្រាវ កំណត់មុខសញ្ញាបង្ក្រាប និងការចាប់ខ្លួនមេខ្យល់ ដែលមានចលនាអូសទាញប្រជាពលរដ្ឋឆ្លងដែន ដោយខុសច្បាប់ទៅប្រទេសជិតខាង។

-គួរមានវិធានការម៉ឺងម៉ាត់ក្នុងការគ្រប់គ្រងពលករឆ្លងដែន ព្រឹក ល្ងាច តាមរដូវកាលទៅប្រទេសវៀតណាម ។

-ត្រូវបន្តការយកចិត្តទុកដាក់អនុវត្តនូវវិធានការ និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និង ក្រសួងសុខាភិបាលក្នុងការបង្ការ ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ៕

website_news/2020290708.txt · Last modified: 2020/07/30 10:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki