website_news:2020290906

ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែន អំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យលួចឆ្លងដែនខុសច្បាប់ទៅប្រទេសគេបន្តទៀត

http://cambodiapolice.com/policekh/ 2:29 pm 28 កញ្ញា 2020

ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែន បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ គប្បីកុំលួចឆ្លងដែនខុសច្បាប់ទៅប្រទេសជិតខាងបន្តទៀត ខណៈការលួចឆ្លងដោយប្រថុយប្រថាននេះវានឹងប្រឈមគ្រោះថ្នាក់ជាច្រើនដោយយថាហេតុណាមួយនោះ។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានបន្ទាប់ពីប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារអនុវត្តសម្រាប់ខែតុលា ឆ្នាំ២០២០នេះ នៅនាយកដ្ឋាននគរបាលការពារព្រំដែន ដែលស្ថិតនៅសង្កាត់ព្រែកឯក ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លៀង ភារម្យ បានលើកឡើងថា នគរបាលការពារព្រំដែនគ្រប់ច្រកទាំងអស់តែងតែធ្វើការឃាត់ខ្លួន និងអប់រំជាច្រើនលើកច្រើនសារមកហើយ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើង ដែលបានលួចឆ្លងដែនខុសច្បាប់ ដើម្បីទៅរកការងារធ្វើនៅប្រទេសជិតខាង។ ប៉ុន្តែពួកគាត់មួយចំនួនទៀតនៅតែបន្តលួចឆ្លងដែន ដោយខុសច្បាប់ដដែលតាមរយៈមេខ្យល់ ដោយមិនខ្លាចគ្រោះថ្នាក់ ខ្លាចឆ្លងនូវជំងឺផ្សេងៗ និងមិនខ្លាចអាជ្ញាធរថៃចាប់ខ្លួនជាដើមនោះ។

ទាក់ទងនឹងបញ្ហាតាមបណ្តោយព្រំដែនកម្ពុជា និងប្រទេសជិតខាងនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក លៀង ភារម្យ ក៏បានលើកឡើងផងដែរថា នាពេលបច្ចុប្បន្ននេះតាមបណ្តោយព្រំដែនរបស់កម្ពុជាមានសភាពស្ងប់ស្ងាត់ល្អពុំមានករណីអ្វីធំដុំនោះទេ ក្រៅពីបញ្ហាមួយចំនួនលើតំបន់មិនទាន់បានឯកភាពគ្នា។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ករណីនេះត្រូវបានថ្នាក់លើកំពុងដោះស្រាយគ្នាដោយសន្តិវិធី និងមិនមានការផ្ទុះអាវុធដាក់គ្នានោះឡើយ។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំប្រចាំខែនោះ ឯកឧត្តម ឧត្តមសេនីយ៍ លៀង ភារម្យ ក៏បានក្រើនរំលឹកឲ្យកងកម្លាំងទាំងអស់ត្រូវពង្រឹងសមត្ថភាព ជំនាញវិជ្ជាជីវៈ គោរពវិន័យរបស់កងកម្លាំង ជាពិសេសគោរពបទបញ្ជារបស់ថ្នាក់ដឹកនាំ និងបានអំពាវនាវដល់បងប្អូននគរបាលការពារព្រំដែនទាំងអស់ បន្តយកចិត្តទុកដាក់អនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនបន្ថែមទៀតផងដែរ នូវវិធានការការពារមេរោគកូវិដ១៩ ជំងឺគ្រុនឈីក និងមេរោគផ្សេងៗទៀត ស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ហើយមួយវិញទៀតក៏ត្រូវប្រុងប្រៀបជាប់និច្ចក្នុងកិច្ចការពារបូរណភាពទឹកដី និងសន្តិសុខសណ្តាប់ធ្នាប់ នៅតាមខ្សែបណ្តោយព្រំដែនជាមួយប្រទេសជិតខាងឲ្យបានល្អប្រកបដោយសន្តិវិធីផងដែរ៕

website_news/2020290906.txt · Last modified: 2020/09/29 14:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki