website_news:2020291204

ត្រឹម៨ថ្ងៃពលរដ្ឋខ្មែរត្រឡប់ពីថៃតាមច្រកអូរបីជាន់១.២៩៦នាក់

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០២០ ម៉ោង ១៧:១៥ ប៊ុន ធឿន

ខេត្តបន្ទាយមានជ័យ ៖ តាមរបាយការណ៍បានឱ្យដឹងថា ក្នុងរយៈពេល៨ថ្ងៃ គិតត្រឹមម៉ោង៥ល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ មានប្រជាពលរដ្ឋខ្មែរត្រឡប់ពីប្រទេសថៃចូលមកកម្ពុជា តាមច្រកអូរបីជាន់ ស្រុកអូរជ្រៅចំនួន១.២៩៦នាក់(ស្រី៥៧៨នាក់) ។ លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅ ថ្លែងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសារណែនាំដល់អាជ្ញាធរខេត្តជាប់ព្រំដែនថៃ ត្រូវពង្រឹងការត្រួតពិនិត្យប្រជាពលរដ្ឋខ្មែរត្រឡប់មកពីប្រទេសថៃ ខណៈដែលនៅប្រទេសនេះបានផ្ទុះជំងឺកូវីដ-១៩ ជាសហគមន៍ នៅខេត្តសាមុតសាខន ។ លោកឲ្យដឹងថា ពលរដ្ឋខ្មែរដែលត្រឡប់មកវិញតាមច្រកអូរបីជាន់ ស្រុកអូរជ្រៅមាន ៖

-ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ មានចំនួន១៨៣នាក់(ស្រី៩០នាក់)

-ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ មានចំនួន១៨៣នាក់(ស្រី៩០នាក់)

-ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ មានចំនួន២៣៥នាក់ (ស្រី១០៥នាក់)

-ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ មានចំនួន១៧៤នាក់(ស្រី៨០នាក់)

-ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ មានចំនួន៩៣នាក់(ស្រី៣៩នាក់)

-ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន១១០នាក់(ស្រី៤៩នាក់)

-ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ មានចំនួន១២២នាក់(ស្រី៤៤នាក់) និង

-ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ មានចំនួន១៩៦នាក់(ស្រី៨១នាក់)

សរុបក្នុងរយៈពេល៨ថ្ងៃនេះ ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃមានចំនួន១.២៩៦នាក់(ស្រី៥៧៨នាក់) ។

លោកវេជ្ជបណ្ឌិត ឡេ ចាន់សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្ត បានឱ្យដឹងថា ចំពោះប្រជាពលរដ្ឋដែលត្រឡប់ពីប្រទេសថៃតាមច្រកអូរបីជាន់ទាំង១.២៩៦នាក់នាក់នេះ ត្រូវបានធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ហើយធ្វើតេស្តសំណាកនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាលើកទី១ ត្រូវបានប្រកាសថាអវិជ្ជមានទាំងអស់ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានឲ្យដឹងថា នៅខេត្តបន្ទាយមានជ័យមានត្រៀមមណ្ឌលចំនួន៦កន្លែង នៅតាមក្រុង-ស្រុក សម្រាប់ធ្វើចត្តាឡីស័កប្រជាពលរដ្ឋខ្មែរត្រឡប់ពីប្រទេសថៃ ។ ចំណែកប្រជាពលរដ្ឋនៅតាមខេត្តដទៃត្រូវដឹកតាមរថយន្តក្រសួងការពាជាតិ ទៅធ្វើចត្តាឡីស័កនៅឯស្រុកកំណើត ៕

website_news/2020291204.txt · Last modified: 2020/12/29 11:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki