website_news:2020291205

ពលករខ្មែរត្រឡប់ មកពីថៃ ៤០ នាក់ កំពុងធ្វើចត្តាឡីស័ក តាមវិធានការរបស់ ក្រសួងសុខាភិបាល

https://www.rasmeinews.com/ 28 December, 20200

ដោយៈ ទេពង្រី / កំពង់ឆ្នាំងៈ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ២៨ ខែធ្នូនេះ បានថ្លែងឲ្យក្រុមអ្នក សារព័ត៌មានដឹងថាៈ គិតត្រឹមថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២០ នេះ មន្ទីរសុខាភិបាល កំពុងគ្រប់គ្រងពលករខ្មែរ ដែលត្រឡប់ មកពីប្រទេសថៃ ធ្វើចត្តាឡីស័ក ចំនួន ៤០ នាក់ ក្នុងនោះចំនួន ៣៧ នាក់ កំពុងធ្វើចត្តាឡីស័ក នៅក្នុងមណ្ឌល កម្រិត ២ សាលាគំរូក្រុងបាវិត ក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយឡែក ចំនួន ៣ នាក់ទៀត ធ្វើចត្តាឡីស័ក តាមផ្ទះនៅក្នុងស្រុក បរិបូណ៌។ លោកប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង ក៏សូមអំពាវនាវផងដែរ ដល់ពលករទាំងអស់ ដែលត្រឡប់មកពីប្រទេសថៃ សូមចូលរួមធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវ ទៅតាមវិធានការ របស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ ១៩ កុំឲ្យរាលដាលឆ្លងចូល ក្នុងសហគមន៍យើង ។

ដោយឡែក លោក ស៊ិន ចាន់សារ៉េត ប្រធានមណ្ឌលចត្តាឡីស័ក កម្រិត ២ សាលាគំរូក្រុង បានអោយក្រុមអ្នកសារព័ត៌មាន ឲ្យដឹងថាៈ នៅក្នុងមណ្ឌល ចត្តាឡីស័ក កម្រិត ២ សាលា គំរូក្រុង គិតត្រឹមថ្ងៃទី២៧ ខែធ្នូនេះ កំពុងគ្រប់គ្រង និងព្យាបាលពលករ ដែលធ្វើចត្តាឡីស័ក សរុបចំនួន ៣៦ នាក់ ក្នុងនោះមានស្រី ៧ នាក់ ហើយក៏មានកុមារ ពីរនាក់ផងដែរ គឺប្រុស ម្នាក់ ស្រីម្នាក់។ ប៉ុន្តែពលករទាំងអស់ ខាងលើនេះ ពុំមែនជាពលករ ដែលមកពីខេត្ត សាមុតសាខន ប្រទេសថៃនោះទេ គឺមកពីខេត្តផ្សេងទៀត ក្នុងប្រទេសថៃ។ ដោយឡែក មណ្ឌលចត្តាឡីស័កកម្រិតពីនេះ មានបន្ទប់សរុប ចំនួន ១0 បន្ទប់ ហើយក៏កំពុងរៀបចំ បន្ទប់ថែម ១0 ទៀត ដើម្បីត្រៀមទទួលអ្នកធ្វើចត្តាឡីស័ក ។ លោកប្រធានមណ្ឌលចត្តាឡីស័ក បានបញ្ជាក់ថា គ្រូពេទ្យដែលកំពុងប្រចាំការ ពិនិត្យ និងព្យាបាល អ្នកធ្វើចត្តាឡីស័ក ក្នុងមណ្ឌលសាលាគំរូក្រុងនេះ សរុបមានចំនួន ៣ ក្រុម ដែលក្នុងមួយក្រុមៗ មានពី ៣ នាក់ ទៅ ៤ នាក់ ក្នុងនោះដែរ ក៏មានអ្នកស្ម័គ្រចិត្ត ដែលជា គ្រូពេទ្យចូលនិវត្តន៍ ចំនួន ១១ នាក់ ។ ដោយឡែក ចំពោះពលករ ដែលកំពុងធ្វើចត្តា ឡីស័កនេះ គឺបានធ្វើតេស្តអវិជ្ជមាន ម្ដងរួចហើយ ពីព្រំដែន ។ ដូច្នេះគម្រប់ ១៤ ថ្ងៃ ក្រុមគ្រូពេទ្យ នឹងយកសំណាក ទៅពិនិត្យជាលើកទី២ ម្ដងទៀត បើពិនិត្យទៅអវិជ្ជមានកូវីដ ១៩ នោះ យើងនឹងអនុញ្ញាតឲ្យពួកគាត់ ត្រឡប់ទៅមូលដ្ឋានវិញ។ ប៉ុន្តែបើមានវិជ្ជមានកូវីដ ១៩ វិញនោះ យើងនឹងបន្តឲ្យពួកគាត់ ធ្វើចត្តាឡីស័ក យ៉ាងត្រឹមត្រូវ នៅក្នុងមណ្ឌលនេះ ជាបន្តទៀត។

ដោយឡែក ពលករ ២ នាក់ ដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងមណ្ឌលសាលាគំរូក្រុង បានបញ្ជាក់ឲ្យដឹងថាៈ ពួកគាត់ មកស្នាក់នៅធ្វើចត្តាឡីស័កនេះ ពុំមានផលលំបាកអ្វីទេ គឺត្រូវបានគ្រូពេទ្យ ឧបត្ថម្ភអាហារ ៣ ពេលយ៉ាងត្រឹមត្រូវ ហើយក៏មានកន្លែងសម្រាក កន្លែងមុជទឹក និងកន្លែងបត់ជើង បទដៃយ៉ាងត្រឹមត្រូវ។ ពួកគាត់ក៏សូមថ្លែងអំណរគុណ ដល់គ្រូពេទ្យ ក៏ដូចជា ប្រមុខរាជរដ្ឋាភិបាល ដែលបានជួយឧបត្ថម្ភថវិកា សម្រាប់ទិញអាហារ ដល់ពួកគាត់ ដែលកំពុងធ្វើចត្តាឡីស័ក តាមវិធានការក្រសួងសុខាភិបាល៕/V-PC

website_news/2020291205.txt · Last modified: 2020/12/29 12:01 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki