website_news:2020291206

រយៈពេលមួយសប្តាហ៍ ខេត្តបាត់ដំបងទទួលពលករខ្មែរមកពីប្រទេសថៃ ប្រមាណ១ពាន់នាក់

https://www.rasmeinews.com/ 28 December, 2020

ដោយ: គ្រញូង / បាត់ដំបង: ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី២១ ដល់២៨ ខែ ធ្ឆ្នាំ២០២០ ខេត្តបាត់ដំបង ទទួលពលករខ្មែរមកពីប្រទេសថៃប្រមាណ១ពាន់នាក់ ហើយកំពុងដាក់ក្នុងមណ្ឌលចត្តាឡីស័កទាំងអស់ ព្រមទាំងយកវត្ថុសំណាកពីពលករខ្មែរទាំងអស់ជារៀងរាល់ថ្ងៃ ក្នុងនោះមួយចំនួនធំទទួលលទ្ធផលអវិជ្ជមាន និងមួយចំនួនតូចទៀត កំពុងរង់ចាំលទ្ធផលនៃការវិភាគធ្វើតេស្តបន្តទៀត។

លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបងបញ្ជាក់ថា ក្នុងចំណោមពលករប្រមាណ១ពាន់នាក់នេះ ភាគច្រើនរស់នៅតាមបណ្តាស្រុកជាប់ព្រំដែន ដូចជាស្រុកកំរៀង ស្រុកសំពៅលូន ភ្នំព្រឹក មោងឫស្សី សំឡូត បវេល ថ្មគោល និងស្រុករុក្ខគីរី នៃខេត្តបាត់ដំបង។ លោកប្រធានមន្ទីរបានឲ្យដឹងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ថា អាជ្ញាធរស្រុកកំរៀង និងអាជ្ញាធរខេត្តបាត់ដំបង បានទទួលយកពលករខ្មែរ និងរៀបចំធ្វើចត្តាឡីស័ក នៅតាមមណ្ឌលផ្សេងៗ សរុបចំនួន ៧៣២នាក់ ក្នុងនោះស្រី្ត និងក្មេង ២៩៥នាក់ ដែលបានសម្រុកចាកចេញពីប្រទេសថៃ កាត់តាមច្រកទ្វារព្រំដែនជាច្រើន ដូចជាច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ច្រកតំបន់មួយចំនួន ច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យជាដើម។ លោកបានបន្តថា អាជ្ញាធរខេត្ត បច្ចុប្បន្នបានរៀបចំមណ្ឌលធ្វើចត្តាឡីស័កដាក់ពលករខ្មែរ ឲ្យនៅដាច់ដោយឡែកមានជាច្រើនកន្លែងទៀត ពិសេសនៅតំបន់ជាប់ព្រំដែនដូចជាក្នុងបរិវេណវិទ្យាល័យកំរៀង មណ្ឌលសុខភាពត្រាង ក្នុងស្រុកកំរៀង នៅបរិវេណសាលាបឋមសិក្សាជ្រៃសីមាឃុំជ្រៃសីមាស្រុកសំពៅលូន និងមណ្ឌលចត្តាឡីស័ក នៅក្នុងបរិវេណវិទ្យាល័យព្រះមុនីវង្សក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាដើម។

គួរបញ្ជាក់ថា ក្នុងរយៈពេលធ្វើចត្តាឡឺរយៈពេល១៤ថ្ងៃ ពលករទាំងទទួលអាហារ៣ពេល និងព្យាបាលដោយឥតគិតថ្លៃ។ ពេលចប់ចត្តាឡឺស័ករួច មានរថយន្តដឹកពលករទៅកាន់ស្រុកដល់ស្រុកកំណើតទៀតផង៕

website_news/2020291206.txt · Last modified: 2020/12/29 12:03 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki