website_news:2020291207

ក្នុង១ថ្ងៃ មានពលករខ្មែរចេញពីថៃតាមច្រកទ្វារព្រំដែនអូរស្មាច់១៥០នាក់

https://kampucheathmey.com/ December 28, 2020 By Kang Tola

ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យបានឲ្យដឹងដែរថា ក្នុង១ថ្ងៃគិតជាមធ្យមមានពលករខ្មែរចូលតាមច្រកព្រំដែនអូរស្មាច់ប្រមាណពី១៤០ ទៅ ១៥០នាក់ ក្នុងនោះមានពលករប្រមាណពី៤០ ទៅ ៥០នាក់ ប៉ុណ្ណោះមកពីខេត្តដែលមានប្រឈមនឹងជំងឺកូវីដ១៩ ដូចជាខេត្តសាមុតសាខននិងទីក្រុងបាងកកជាដើម។ លោកវេជ្ជបណ្ឌិតបានបន្តថា រយៈពេល១សប្តាហ៍នេះ ខេត្តឧត្តរមានជ័យទទួលបានពលករចូលមកតាមច្រកព្រមដែនអូរស្មាច់ប្រមាណ១០០០នាក់ ក្នុងនោះបានយកសំណាកទៅធ្វើតេស្តចំនួនជាង៣៣០នាក់និងកំពុងធ្វើចត្តាឡីស័កចំនួន៣០០នាក់។ ក្រៅពីនេះខេត្តបានបញ្ជូនពលករទៅតាមបណ្តាខេត្តនានាដែលជាស្រុកកំណើតរបស់ពលករ។

ទាក់ទិននឹងការធ្វើចត្តាឡីស័កនេះដែរ លោកអភិបាលខេត្តឧត្តរមានជ័យព្រមានចាត់វិធានការតាមច្បាប់ចំពោះពលករណារត់ចេញឬគេចវេសពីការធ្វើចត្តាឡីស័ក លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តឧត្ដរមានជ័យមានធ្វើការព្រមានចាត់វិធានការតាមច្បាប់ចំពោះបងប្អូនពលករខ្មែរទាំងឡាយណាដែលបានរត់គេចវេសមិនព្រមធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ លោកបានមានប្រសាសន៍ថា«ប្រសិនបើបុគ្គលណាមិនគោរពតាមវិធានការរបស់ក្រសួងសុខាភិបាលដោយចត្តាឡីស័ក១៤ ថ្ងៃ ឬរត់ចេញ ឬគេចវេសពីការធ្វើចត្តាឡីស័កនឹងត្រូវផាកពិន័យចាប់ពី២០០,០០០ រៀលទៅ១,០០០,០០០ រៀលនិងទោសព្រហ្មទណ្ឌ»។ លោកបានមានប្រសាសន៍បន្តថា ការដាក់បងប្អូនពលករឲ្យនៅដាច់ដោយឡែករយៈពេល១៤ ថ្ងៃនេះគឺក្នុងគោលបំណងបង្កើន ការយកចិត្តទុកដាក់ខ្ពស់បំផុតដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ហើយចំពោះការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនេះដែរ រដ្ឋបាលខេត្តក៏បានយកចិត្តទុកដាក់ចំពោះការផ្គត់ផ្គង់ចំពោះការស្នាក់នៅចំណីអាហារ និងសម្ភារប្រើប្រាស់មួយចំនួនជូនពលករផងដែរ៕

website_news/2020291207.txt · Last modified: 2020/12/29 12:05 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki