website_news:2020291209

មន្ត្រីអំពាវនាវកុំឱ្យពលករខ្មែរនៅថៃផ្លាស់ប្តូរកន្លែងស្នាក់នៅ ក្នុងអំឡុងកូវីដកំពុងរាលដាល

https://www.postkhmer.com/ មុំ គន្ធា | Publication date 28 December 2020 | 11:09 ICT

ភ្នំពេញៈ មន្ត្រីកម្ពុជាបានអំពាវនាវដល់ពលករខ្មែរ ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ សូមកុំផ្លាស់ប្តូរទីកន្លែងស្នាក់នៅ និងវិលត្រឡប់មកស្រុកកំណើតវិញ បើមិនមានការចាំបាច់ ដោយប្រាប់ថាក្នុងអំឡុងពេលដែលជំងឺកូវីដ ១៩ កំពុងរីករាលដាល អាជ្ញាធរថៃ មិនចាប់ខ្លួនពលករខ្មែរនោះទេ បើទោះបីជាកំពុងស្នាក់នៅ និងធ្វើការដោយខុសច្បាប់ក៏ដោយ។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវតាមបណ្តាញទំនាក់ទំនងសង្គមរបស់លោកថា ពលករដែលនៅប្រទេសថៃ ទោះខុស ឬត្រូវច្បាប់ សូមកុំផ្លាស់ប្តូរទីកន្លែងស្នាក់នៅ និងធ្វើការហើយមិនចាំបាច់វិលមកស្រុកកំណើតវិញទេ បើគ្មានធុរ:ចាំបាច់។ លោកថ្លែងថា៖ «អាជ្ញាធរថៃមិនចាប់ខ្លួនពលករដែលស្នាក់នៅមួយកន្លែងនោះទេ។ សូមបងប្អូនរក្សាភាពនឹងនរ និងសហការជាមួយអាជ្ញាធរថៃ»។

ចំណែកលោក កឹម ចំរើន ទីប្រឹក្សាស្ថានទូតកម្ពុជាទទួលបន្ទុកពលករនៅប្រទេសថៃបានឱ្យដឹងថា លោកបានជួបពិភាក្សាជាមួយលោក ស៊ូឆាត ឈុំគ្លីន រដ្ឋមន្ត្រីក្រសួងការងារថៃដើម្បីដោះស្រាយ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩។ លោកថ្លែងថា៖ «យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលថៃ ដោយភាគីថៃនឹងជូនដំណឹងផ្លូវការ បើមានករណីមានបងប្អូនខ្មែរមានឆ្លងជំងឺកូវីដ ១៩ ព្រមទាំងទទួលព្យាបាលដូចជនជាតិថៃផងដែរ»។ លោកអំពាវនាវសូមឱ្យពលករខ្មែរ រក្សាភាពនឹងនរ កុំចល័ត ឬរត់គេចពីមួយកន្លែងទៅមួយកន្លែងក្នុងអំឡុងមានការរីករាលដាលជំងឺកូវីដ ១៩ ថ្មីៗនេះ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩ ទាំងអស់គ្នា។ លោក ចំរើន បន្តថា៖ «ក្នុងអំឡុងពេលនេះ មិនមានការចុះចាប់ឃុំខ្លួន (ពលករ) ឡើយ ហើយអាជ្ញាធរថៃកំពុងរៀបចំគោលនយោបាយ ដើម្បីជួយបងប្អូនពលករដែលមិនមានឯកសារស្នាក់នៅ និងធ្វើការអាចបន្តស្នាក់នៅ និងធ្វើការជាបណ្តោះអាសន្នបន្តទៀតបាននៅក្នុងប្រទេសថៃ»។ ស្ថានទូតខ្មែរប្រចាំប្រទេសថៃ បានចែកអំណោយដល់ពលករខ្មែរនៅជាយទីក្រុងបាងកកជាប់ព្រំប្រទល់ខេត្តសាមុតសាខនកាលពីថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២០ ប្រមាណជាជិត ២០០ គ្រួសារ ដែលកំពុងរងផលប៉ះពាល់ចំពោះជីវភាពប្រចាំថ្ងៃ ក្រោយពីអាជ្ញាធរថៃបានរឹតបន្តឹងការចេញ-ចូល ក្នុងតំបន់មួយចំនួន។ អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជាចែកជូនទៅដល់ពលករទាំងនោះមានអង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ស្ករស អំបិល និងម៉ាស់។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលនៅថ្ងៃទី ២៥ ខែធ្នូ ក៏បានឱ្យដឹងថា ពលករខ្មែរម្នាក់ក្នុងចំណោមពលករប្រមាណ ១០ នាក់ បានធ្វើតេស្តវិជ្ជមានកូវីដ ១៩ កាលពីថ្ងៃទី ២៣ ខែធ្នូ ប៉ុន្តែពលកររូបនេះមិនមែនមានកូវីដ១៩ពីកម្ពុជារួចហើយឆ្លងទៅប្រទេសថៃនោះទេ។ លោកស្រីថ្លែងថា៖«អ្វីដែលខ្ញុំទទួលបានព័ត៌មាន គឺពលករទាំងនេះបានចេញពីខេត្តឈុនបូរីទៅទីក្រុងបាងកកនៅក្នុងពេលថ្មីៗនេះ ហើយត្រូវបានអាជ្ញាធរថៃរកឃើញមានកូវីដ ១៩ ម្នាក់។ ដូច្នេះមិនមែនគាត់មានកូវីដ១៩ពីកម្ពុជា រួចបានចូលប្រទេសថៃនោះទេ»។ ពួកគាត់បានចេញទៅថៃតាំងពីមុនមានហេតុការណ៍ផ្ទុះឡើងនូវការរកឃើញវីរុសកូវីដ ១៩ នៅខេត្តសាមុតសាខន។ ដោយមានបទបញ្ជាណែនាំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រសួងសុខាភិបាលបានសម្រេចអនុញ្ញាតឱ្យគ្រប់ភោជនីយដ្ឋាន និងហាងលក់ទំនិញដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា បើកដំណើរការឡើងវិញចាប់ពីថ្ងៃទី ២៧ ខែធ្នូ ប៉ុន្តែកន្លែងទាំងនោះត្រូវនៅបន្តអនុវត្តតាមវិធានអនាម័យកូវីដរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ។ បើតាមក្រសួងសុខាភិបាល អ្នកជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកាចំនួន ៣៧ នាក់ក្នុងចំណោមអ្នកជំងឺសរុបចំនួន ៤១ នាក់ ត្រូវបានព្យាបាលជាសះស្បើយដែលនៅសល់តែអ្នកជំងឺចំនួន ៤ នាក់ទៀតប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគិតត្រឹមថ្ងៃម្សិលមិញ។

ជាមួយគ្នានេះដែរ លោកស្រី ឱ វណ្ណឌីន បានចេញសេចក្តីណែនាំដល់ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ឱ្យសហការទប់ស្កាត់ កុំឱ្យមានការរាតត្បាតជំងឺកូវីដ ១៩ ទ្រង់ទ្រាយធំក្នុងសហគមន៍ដោយត្រូវបញ្ជូនអ្នកសង្ស័យមានជំងឺកូវីដ ១៩ ពីមូលដ្ឋានរបស់ខ្លួន ទៅមន្ទីរពេទ្យបង្អែករដ្ឋនៅទូទាំងខេត្ត និងមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត។ ក្រសួងមិនអនុញ្ញាតឱ្យធ្វើការពិនិត្យ និងព្យាបាល អ្នកជំងឺដែលសង្ស័យថា ជាជំងឺកូវីដ ១៩ នៅតាមកន្លែងពិនិត្យព្យាបាលអ្នកជំងឺឯកជនរបស់ខ្លួនឡើយ។ បើតាមក្រសួងសុខាភិបាលកាលពីថ្ងៃម្សិលមិញមានអ្នកជំងឺកូវីដ ១៩ ម្នាក់ ដែលជាអ្នកដំណើរបានជាសះស្បើយ និងមានអ្នកដំណើរម្នាក់មានតេស្តវិជ្ជមានកូវីដ ១៩។ អ្នកដែលជាសះស្បើយជាស្ត្រីជនជាតិខ្មែរអាមេរិក អាយុ ៦៦ ឆ្នាំស្នាក់នៅសណ្ឋាគារ ១ ក្នុងរាជធានីភ្នំពេញ ធ្វើដំណើរមកពីសហរដ្ឋអាមេរិកបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង បានព្យាបាលជាសះស្បើយ បន្ទាប់ពីធ្វើតេស្តអវិជ្ជមានកូវីដ ១៩ ចំនួន ២ ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យផងដែរ។ ចំណែកបុរសជនជាតិឥណ្ឌូនេស៊ីអាយុ ៤៣ ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញបានធ្វើដំណើរពីប្រទេសសិង្ហបុរីតាមជើងហោះហើរមកដល់កម្ពុជានៅថ្ងៃទី ២៥ ខែធ្នូ និងមានលទ្ធផលតេស្តវិជ្ជមានកូវីដ ១៩ ត្រូវបានដាក់សម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន។ អ្នកដំណើរចំនួន ៥០ នា ក់ដែលបានធ្វើដំណើរតាមជើងយន្តហោះជាមួយអ្នកដំណើររូបនេះត្រូវបានធ្វើតេស្តអវិជ្ជមានកូវីដ១៩ និងបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃនៅសណ្ឋាគារ ២ ផ្សេងគ្នាក្នុងរាជធានីភ្នំពេញ។ គិតត្រឹមថ្ងៃម្សិលមិញ កម្ពុជាមានអ្នកមានវីរុសកូរ៉ូណាចំនួន ៣៦៤ នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយសរុបចំនួន ៣៥៦ នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៨ នាក់៕

website_news/2020291209.txt · Last modified: 2020/12/29 12:10 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki