website_news:2020291210

ពលករខ្មែរម្នាក់ធ្លាក់ខ្លួនពិការបន្ទាប់ពីរងគ្រោះថ្នាក់ការងារក្នុងពេលធ្វើការនៅថៃ

https://www.rfa.org/khmer/ ដោយ វ៉ែន សុមេធ 2020-12-28

ពលករខ្មែរម្នាក់ធ្លាក់ខ្លួនជាជនពិការទាំងវ័យក្មេង បន្ទាប់ពីរូបគេជួបគ្រោះថ្នាក់ក្នុងពេលធ្វើការងារនៅប្រទេសថៃ កាលពីថ្ងៃទី២៣ ធ្នូ។ ពលកររូបនេះកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យក្បែរទីក្រុងបាងកកដោយគ្មានសាច់ញាតិនៅមើលថែឡើយ។ មន្ត្រីសង្គមស៊ីវិលយល់ថា រឿងនេះពលករមានសិទ្ធិបានទទួលការព្យាបាលរបួសដោយឥតគិតថ្លៃ និងបានប្រាក់សំណងពីថៅកែ។

ពលករមានស្រុកកំណើតនៅខេត្តព្រៃវែង លោក ឈុន ឌី ឱ្យអាស៊ីសេរីដឹងក្នុងពេលសម្រាកព្យាបាលរបួសថា ដៃស្ដាំរបស់គាត់ចូលក្នុងម៉ាស៊ីនកាត់ក្រដាសដាច់ម្រាម ៤ចំពាក់កណ្ដាលបាតដៃ ក្នុងពេលលោកបំពេញការងារសំអាតម៉ាស៊ីននៅចុងម៉ោងធ្វើការ កាលពីរសៀលថ្ងៃទី២៣ ធ្នូ។ពលករវ័យ២២ឆ្នាំរូបនេះបន្តថា នៅពេលនោះលោកដួលសន្លប់ដោយដៃរបស់លោកជាប់នៅក្នុងម៉ាស៊ីនកាត់ក្រដាស ដោយមានខ្មែរនៅធ្វើការក្បែរនោះមកជួយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យនៅឆាក់ឈើងសៅ (Chhak Cheurng Sao) ចម្ងាយប្រមាណ៦០គីឡូម៉ែត្រពីទីក្រុងបាងកក។ ពលកររូបនេះនិយាយដោយសំឡេងខ្សាវៗថា ស្ថានភាពរបួសរបស់លោកបានធូរស្រាលខ្លះហើយ បន្ទាប់ពីសម្រាកព្យាបាលអស់រយៈពេល ៥ថ្ងៃ ក៏ប៉ុន្តែលោកបានក្លាយខ្លួនជាជនពិការ បន្ទាប់ពីគ្រូពេទ្យកាត់ម្រាមដៃទាំង៤របស់លោកចេញ ដើម្បីព្យាបាលឱ្យឆាប់ជាសះស្បើយ៖ «ម៉ាស៊ីនហ្នឹងវាវិលទៅខ្ញុំមើលអត់ឃើញទៅម៉ាស៊ីនទាញដៃខ្ញុំចូលក្នុងម៉ាស៊ីនបណ្ដោយ វាគាបបែកខ្ទេច។ ខ្ញុំនៅតែឈឺ ហើយបើឈឺខ្លាំងហៅពេទ្យមកចាក់ថ្នាំឱ្យ។ ខ្ញុំមកធ្វើការស្រុកថៃចង់ស្គាល់ប្រទេសគេ ដល់មកទៅជួបគ្រោះថ្នាក់អីចឹង។ ម៉ាក់ខ្ញុំកាលដំបូងគាត់សន្លប់ ដល់ពេលឥឡូវគាត់លែងអីហើយ គាត់កាត់ចិត្តបាន គាត់អត់អាចមកកើតទេ គ្រាន់អ្នកនៅថៃនេះចង់មកលែងគេអត់ឱ្យចូលផង»។

ទោះជាយ៉ាងណា លោក ឈុន ឌី មិនទាន់សម្រេចចិត្តយ៉ាងណានៅឡើយទេ ដោយរង់ចាំមើលការដោះស្រាយរបស់ភាគីក្រុមហ៊ុនសិន ទើបលោកពិភាក្សាជាមួយឪពុកម្ដាយនៅស្រុកខ្មែរនៅពេលក្រោយ។ ពលកររូបនេះធ្វើការនៅប្រទេសថៃជាលើកដំបូង ដោយស្របច្បាប់ក្នុងរោងចក្រក្រដាសនៅខេត្តឆាក់ឈើងសៅ (Chhak Cheurng Sao) កាលពីចុងឆ្នាំ២០១៨ រហូតដល់ថ្ងៃគ្រោះថ្នាក់មិនទាន់បានត្រឡប់ទៅផ្ទះនៅឡើយទេ។ លោក ឈុន ឌី ឱ្យដឹងថា ក្នុងពេលសម្រាកព្យាបាលរបួសនោះ បានពលករខ្មែរម្នាក់នៅកំដរតាំងពីថ្ងៃដំបូងរហូតមក ដោយពុំមានសាច់ញាតិមកមើលថែលោកនោះទេ ដោយសារអំឡុងពេលនេះអាជ្ញាធរកម្ពុជា និងថៃបិទច្រកទ្វារព្រំដែនប្រទេសទាំងពីរបណ្ដាលមកពីវិបត្តិជំងឺកូវីដ១៩។ ពលករខ្មែរមានស្រុកកំណើតនៅកំពង់ធំដែលនៅកំដរជនរងគ្រោះ ប្រាប់អាស៊ីសេរីថា លោករន្ធត់ចិត្តយ៉ាងខ្លាំងនៅពេលឃើញជនរងគ្រោះពិការដៃទាំងវ័យក្មេងបែបនេះ។ ពលករវ័យ៣០ឆ្នាំរូបនេះប្រាប់ថា ក្នុងថ្ងៃកើតហេតុនោះ លោកធ្វើការចម្ងាយប្រមាណ ១៥ម៉ែត្រពីជនរងគ្រោះ និងបានឮសំឡេងលោក ឈុន ឌី ស្រែកហៅឱ្យគេជួយ ដោយប្រាប់ថា ដៃរបស់គាត់ចូលក្នុងម៉ាស៊ីនហើយ។ លោកនិយាយថា ភ្លាមៗនេះលោកបានទៅជួយ និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យជាមួយបុគ្គលិករោងចក្រមួយចំនួនទៀត ជាពលករខ្មែរដូចគ្នា៖ «ខ្ញុំភ័យហើយណា គឺអាណិតក្មេងណាស់គ្នាអត់មានអ្វីជាជំហរទៀតទេ ទៅអនាគតព្រោះអីគ្នាខូចដៃហើយទៅធ្វើអីកើត បើធ្វើការគ្រប់យ៉ាងគឺដៃស្ដាំហ្នឹងយើង។ ដល់ពេលអីចឹងខ្ញុំមានតែការសោកស្ដាយប៉ុណ្ណឹងហ្នឹង ព្រោះអីខ្ញុំមិនអាចជួយអីឱ្យលើសពីហ្នឹងទៀតបាន។ ដល់ពេលអីចឹងខ្ញុំសុខចិត្តបណ្ដោះពីការងារមកជួយមើលថែអីចឹងទៅ ដល់ពេលបានគ្រាន់អាចនៅក្នុងពេទ្យម្នាក់ឯងបានឬក៏អាចជាចេញបណ្ដោយអាហ្នឹងចាំគិតតទៅមុខទៀត»។

លោកឱ្យដឹងថា ថៅកែរោងចក្រធានាចេញថ្លៃព្យាបាលរបួសដល់ជនរងគ្រោះរហូតដល់ជាសះស្បើយ ក៏ប៉ុន្តែលោកពុំដឹងថា ខាងក្រុមហ៊ុនមួយនេះនឹងផ្ដល់សំណងជាប្រាក់ប៉ុន្មានដល់ជនរងគ្រោះនោះទេ។ ទោះជាយ៉ាងណាលោកថា កន្លងមកមានជនជាតិថៃជួបគ្រោះថ្នាក់ការងារដូចគ្នាដែរ ដោយទទួលបានប្រាក់សំណងពីថៅកែរោងចក្រ៖ «ប៉ុន្តែរោងចក្រគេនិយាយដែរថ្លៃថ្នាំ ថ្លៃសម្រាកពេទ្យហ្នឹងគេចេញឱ្យទាំងអស់ ហើយដល់ពេលដៃហើយគេឱ្យធ្វើការនៅកន្លែងគេហ្នឹងមួយជីវិត។យើងចង់ធ្វើមួយជីវិតក៏ធ្វើទៅ ហើយជាដៃហើយយើងចង់ទៅផ្ទះវិញក៏ទៅ។ ប៉ុន្តែគេថាឱ្យយើងនៅធ្វើហ្នឹងរហូតយើងមិនបាច់ចេញទៅណា គេដើររឿងឱ្យយើងនៅធ្វើការហ្នឹងរហូត ប៉ុន្តែរឿងលុយសំណងគេអត់និយាយត្រូវ។ ថៅកែអត់ទាន់មកផ្ទាល់ទេ តែអ្នករងថៅកែរោងចក្រគេមកនិយាយអីចឹង»។

អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ និងមន្ត្រីស្ថានទូតខ្មែរប្រចាំនៅទីក្រុងបាងកក ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៧ធ្នូ ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នក ទទួល។ ប៉ុន្តែមន្ត្រីស្ថានទូតខ្មែរនៅទីក្រុងបាងកកទទួលបន្ទុកផ្នែកពលករលោក គឹម ចំរើន និយាយនៅក្នុងហ្វេសប៊ុក ស្ថានទូតនៅរសៀលថ្ងៃទី២៧ ធ្នូ ថា អំឡុងពេលជំងឺកូវីដ១៩កំពុងតែផ្ទុះលើកទី២ នៅប្រទេសថៃនេះ ប្រសិនបើពលករខ្មែរណាមានបញ្ហាអ្វីអាចទាក់ទងមន្ត្រីស្ថានទូតតាមរយៈហ្វេសប៊ុកទីប្រឹក្សាស្ថានទូតទទួលបន្ទុកពលករប្រចាំនៅប្រទេសថៃ ដើម្បីផ្ដល់ប្រឹក្សានិងជួយដោះស្រាយបញ្ហាផ្សេងៗរបស់ពលករគ្រប់ពេលវេលា។ ទាក់ទិនបញ្ហាពលករគ្រោះថ្នាក់ការងារនេះ អ្នកបកប្រែភាសាថៃ និងជាអ្នកការពារសិទ្ធិពលករខ្មែរនៅប្រទេសថៃ លោក ប្រាក់ ចិត្រា មានប្រសាសន៍ថា ពលករខ្មែរដែលជួបគ្រោះថ្នាក់ការងារ និងរងការរំលោភសិទ្ធិការងារពីសំណាក់ថៅកែ ភាគច្រើនមិនហ៊ានប្ដឹងរកយុត្តិធម៌នោះទេ ដោយខ្លាចមានបញ្ហាដល់ពួកគេទៅថ្ងៃក្រោយ។ លោកថា ការធ្វើបែបនេះជារឿងមិនល្អឡើយ ពីព្រោះធ្វើឱ្យពលករខាតបង់អត្ថប្រយោជន៍ ហើយងាយរងការរំលោភបំពានសិទ្ធិការងារពីសំណាក់ថៅកែ។ លោក ឱ្យដឹងថា នៅក្នុងឆ្នាំ២០២០នេះ មានពលករខ្មែរប្រមាណ៣០នាក់ បានស្នើឱ្យលោកជួយអន្តរាគមន៍ដល់ពួកគេ ក្នុងនោះមានពលករខ្មែរ៦នាក់ប៉ុណ្ណោះ ដែលទទួលបានយុត្តិធម៌ ចំណែកអ្នកផ្សេងទៀតបានដកខ្លួនវិញ ដោយមិនហ៊ានប្រឈមមុខជាមួយថៅកែឡើយ៖ «ចំពោះករណីនេះខ្ញុំចង់ឱ្យពលករហ្នឹងព្យាបាលឱ្យជារួចរាល់សិន តើខាងភាគីក្រុងហ្នឹងដំណើរការបែបណាដល់គាត់។ បើសិនខាងក្រុមហ៊ុនមិនផ្ដល់សំណង ឬមិនផ្ដល់យុត្តិធម៌ដល់ពលករ គាត់អាចទំនាក់ទំនងដល់អង្គការអិលភីអ៊ិន(LPN)បានដើម្បីឱ្យអង្គការហ្នឹងចុះទៅពិនិត្យករណីនេះ។ ពីព្រោះនៅពេលនេះគឺជាស្ថានភាពមួយដែលជំងឺកូវីដកំពុងតែរាតត្បាត កាលណាពលករមានគ្រោះថ្នាក់អីគាត់មិនអាចដំណើររឿងរ៉ាវបានទេ ហើយសាច់ញាតិមកមើលថែ និងមកតាមដានគាត់វាលំបាក»។

ចំណែកមន្ត្រីអង្គការសង់ត្រាល់(CENTRAL) លោក ឌី ថេហូយ៉ា និយាយថា ច្បាប់ការងាររបស់ថៃ គឺពលករស្របច្បាប់នៅពេលពួកគេជួបគ្រោះថ្នាក់ការងារ ថៅកែត្រូវចេញថ្លៃព្យាបាលរបួសនិងផ្ដល់ប្រាក់សំណងដល់ពួកគេ។ លោកបន្ថែមថា រឿងនេះ ប្រសិនបើភាគីក្រុមហ៊ុនមិនបានអនុវត្តតាមច្បាប់ការងារទេ ជនរងគ្រោះត្រូវប្ដឹងទៅស្ថានទូតខ្មែរប្រចាំនៅទីក្រុងបាងកក ឬអង្គការសង្គមស៊ីវិលដើម្បីឱ្យជួយអន្តរាគមន៍ពួកគាត់។ បន្ថែមពីនេះលោកថា ពលករដែលមានបញ្ហាក្នុងពេលធ្វើការងារគួរតែបង្ហោះព័ត៌មានពីទុក្ខលំបាករបស់ពួកគេ ដើម្បីឱ្យស្ថាប័នពាក់ព័ន្ធបានដឹងនិងចុះទៅជួយពួកគេឱ្យទាន់ពេលវេលា៖ «លំបាកហ្នឹងគឺទីមួយគឺកើតចេញពីគាត់ខ្លួនឯងផ្ទាល់តែម្ដង អត់ដឹងថា ទាក់ទងទៅអ្នកណាស្ថាប័នណាអាចជួយគាត់បាន។ ទី២ការឆ្លងតបរបស់អង្គការរដ្ឋលើបញ្ហាកើតឡើងរបស់ពលករខ្មែរ ទី៣រដ្ឋទទួលហ្នឹងគឺមិនសូវយកចិត្តទុកស្វែងរកយុត្តិធម៌ឱ្យជនរងគ្រោះទេ។ កត្តាបីហ្នឹងដែលជាឧបសគ្គដល់ពលរដ្ឋខ្មែរយើងនិយាយរួមការទទួលបានយុត្តិធម៌ហ្នឹងហាក់ដូចជាជួបបញ្ហាលំបាក»។

website_news/2020291210.txt · Last modified: 2020/12/29 12:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki