website_news:2020300105

កម្ពុជាដាក់ឲ្យប្រើប្រាស់ក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសពលករផ្តល់សារៈសំខាន់ដល់ពលករ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២០ ម៉ោង ១៥:៣០ អ៊ាង ប៊ុនរិទ្ធ

រាជធានីភ្នំពេញ ៖ កម្ពុជាបានការដាក់ឲ្យប្រើប្រាស់ក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាដែលមានសារៈសំខាន់ណាស់ ដើម្បីធានាការធ្វើទេសន្តរប្រវេសន៍ការងាររបស់ពលករទេសន្តប្រវេសន៍ ។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងពិធីផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់ក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាបានលើកឡើងក្នុងពិធីប្រកាសឲ្យប្រើប្រាស់ក្រមនេះ នាព្រឹកថ្ងៃទី២៩ ខែមករានេះ នៅសណ្ឋាគាភ្នំពេញថា ក្រមនេះនឹងជួយពលករទទួលបានលទ្ធផលជោគជ័យ និងបទពិសោធន៍ជាវិជ្ជមានក៏ដូចជា ទទួលបាននូវការការពារសិទ្ធិ និងគាំទ្រដល់ពួកគេក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្នសម្រាប់ពលករផ្ទាល់ខ្លួនសមាជិកគ្រួសារ សហគមន៍ និងប្រទេសជាតិទាំងមូល ។ លោកបន្តថា ក្រមសីលធម៌នេះ គឺជាឧបករណ៍មួយដែលអាចអនុវត្តបានដោយទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាទាំងអស់ដោយបានដាក់ចេញនូវគោលការណ៍គ្រឹះ ជាមូលដ្ឋានស្របតាមច្បាប់ជាតិ និងបទដ្ឋានការងារអន្តរជាតិសម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាទាំងអស់អនុវត្តប្រកបដោយប្រសិទ្ធភាពការទទួលខុសត្រូវ និងគោរពក្រមសីលធម៌ខ្ពស់ក្នុងការគ្រប់គ្រងការជ្រើសរើសការបណ្តុះបណ្តាល ការបញ្ជូន និងការគ្រប់គ្រងពលករទៅធ្វើការនៅក្រៅប្រទេស ។ លោកបន្ថែមថា ក្រមសីលធម៌នេះនឹងរួមចំណែកពង្រឹងប្រសិទ្ធិភាពនៃការការពារការលើកកម្ពស់សិទ្ធិការងារក៏ដូចជា សុខុមាលភាពរបស់ពលករទាំងនៅក្នុងស្រុក និងនៅបរទេស ។ លើសពីនេះទៀតនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រការអនុវត្តរបស់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាប្រកបដោយគណនេយ្យភាពផង ហើយក៏ជាប្រភពដែលមានសារៈប្រយោជន៍សម្រាប់ពលករទេសន្តរប្រវេសន៍អាចបញ្ជាក់បានអំពីការរំពឹងទុករបស់ពលករពីទីភ្នាក់ងារជ្រើសរើសឯកជនដែលទាក់ទងទៅនឹងបទពិសោធន៍ទេសន្តរប្រវេសន៍ការងាររបស់ពួកគេ ។

លោក អ៊ិត សំហេង ក៏បានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបាននាំកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញស្ថិរភាពនយោបាយសម្រេចបាននូវកំណើនសេដ្ឋកិច្ចជាមធ្យម៧%ក្នុងមួយឆ្នាំកំណើនវិនិយោគិនទុន និងពាណិជ្ជកម្មបានបង្កើតនូវការងារក្នុងស្រុកជូនប្រជាពលរដ្ឋប្រមាណជិត១០លាននាក់ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលក៏បានខិតខំបើកច្រកទីផ្សារការងារនៅបរទេសជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីផ្តល់ឱកាសក៏ដូចជា ជម្រើសជូនពួកគាត់ស្វែងរកការងារដែលពួកគាត់ពេញចិត្ត និងទទួលបានប្រាក់ឈ្នួលខ្ពស់ ហើយថែមទាំងបានដាក់ចេញ និងអនុវត្តនូវគោលនយោបាយ និងយន្តការគាំពារពលករ ទេសន្តរប្រវេសន៍ប្រកបដោយជោគជ័យ ។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការគាំពារការការពារសិទ្ធ និងផលប្រយោជន៍ពលករខ្មែរយើងនៅបរទេសតាមរយៈកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលនៃប្រទេស ទទួល និងការពង្រឹងការអនុវត្តច្បាប់ និងបទដ្ឋាននានាដោយប្រើប្រាស់គោលការណ៍យន្តការ និងនីតិវិធីនានាផងដែរ ។ តំណាងជាន់ខ្ពស់របស់អង្គការ ILO លោកស្រី Anna Engblom បានលើកឡើងថា ពិធីដាក់ឲ្យផ្សព្វផ្សាយក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជននៅកម្ពុជានាថ្ងៃនេះថា ផលប្រយោជន៍នឹងទទួលបានដល់ប្រទេសដែលបញ្ជូនទៅផង និងប្រទេសដែលជាគោលដៅទទួលផង ។ ប្រទេសបញ្ជូននោះដូចជា ប្រទេសកម្ពុជា វាអាចកាត់បន្ថយភាពក្រីក្រ ចំណែកប្រទេសគោលដៅវិញអាចជួយដល់សកម្មភាពសេដ្ឋកិច្ច ផ្ទុយទៅវិញប្រទេសគោលដៅមិនអាចរីកចម្រើនបានឡើង បើសិនគ្មានការបញ្ជូនពលករទៅ ។

ចំណែកលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជាបានលើកឡើងដែរថា ការដាក់ឲ្យប្រើប្រាស់ក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជានៅពេលនេះពិតជាមានសារៈសំខាន់ណាស់ ហើយប្រទេសអូស្ត្រាលីជាមួយប្រទេសជាសមាជិកអាស៊ានបានខិតខំលុបបំបាត់ពលករទេសន្តប្រវេសន៍ដូចជា ការយកថ្លៃហួសហេតុ ការយកជំនួសកិច្ចសន្យា ពលកម្មដោយបង្ខំ និងការជួញដូរមនុស្សជាដើម ។ លោកសង្ឃឹមថា ពលករទេសន្តប្រវេសន៍អាចមានឱកាសចូលរួមនូវកម្លាំងពលកម្មប្រកបដោយអត្ថន័យ និងអាចផ្លាស់ទីដោយសេរីក្នុងតំបន់នេះ ដើម្បីច្បាមយកឱកាសការងារនៅពេលមានការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ។

ម្យ៉ាងវិញទៀត ពលករទេសន្តប្រវេសន៍ក៏អាចចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស និងក្រុមគ្រួសារផងដែរ ។ លោកបញ្ជាក់ថា ៖«អូស្ត្រាលីសង្ឃឹមថា ក្រមសីលធម៌នេះ គឺជាឧបករណ៍ធានាយ៉ាងណាឲ្យទីភ្នាក់ងារជ្រើសរើសពលករអនុវត្តឲ្យបានត្រឹមត្រូវទៅតាមការចាំបាច់ និងលើកកម្ពស់សិទ្ធិពលករទេសន្តប្រវេសន៍លើសពីនេះទៀតវាក៏ជាឧបករណ៍ដ៏មានអនុភាពដល់ពលករដឹងពីអ្វីដែលពួកគេអាចទទួលបានពីទីភ្នាក់ងារជ្រើសរើសពលករផងដែរ» ។

website_news/2020300105.txt · Last modified: 2020/01/30 14:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki