website_news:2020300107

ក្រមសីលធម៌ការពារសិទ្ធិពលករត្រូវបានបង្កើត សម្រាប់ភ្នាក់ងារជ្រើសរើសឯកជន

https://www.postkhmer.com/ ឡុង គីមម៉ារីតា | Publication date 30 January 2020 | 10:28 ICT

ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសគាំទ្រការដាក់ឲ្យប្រើប្រាស់ក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនដែលរំពឹងថា ទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់នៅកម្ពុជានឹងអនុវត្តឲ្យបានត្រឹមត្រូវ ខណៈបច្ចុប្បន្នកម្ពុជាបានបញ្ចូនពលករប្រមាណ ១ លាន ២ សែននាក់ ទៅកាន់ ៦ ប្រទេសតាមរយៈទីភ្នាក់ងាររដ្ឋ និងឯកជន។ កាលពីម្សិលមិញមានក្រុមហ៊ុនទីភ្នាក់ងារឯកជន និងមន្ត្រីរដ្ឋាភិបាលសង្គមស៊ីវិលប្រមាណជាង ១០០ នាក់ បានចូលរួមពិធីដាក់ឲ្យប្រើប្រាស់នូវក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជានៅសណ្ឋាគារភ្នំពេញដែលមានគោលការណ៍ចំនួន ១២ មាត្រារៀបចំដោយទីភ្នាក់ងារឯកជនចំនួន ២ គឺសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា និងសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងក្នុងឱកាសនោះថា ក្រសួងការងារត្រៀមខ្លួនជានិច្ចសម្រាប់ផ្ដល់ការគាំទ្រដល់ទីភ្នាក់ងារទាំងអស់ឲ្យអនុវត្តក្រមសីលធម៌នេះឲ្យបានពេញលេញប្រកបដោយប្រសិទ្ធភាពខ្ពស់ដើម្បីលើកកម្ពស់ និងការការពារសិទ្ធិពលករទេសន្តរប្រវេសន៍គ្រប់រូបទទួលបានសេវាយុត្តិធម៌ ខណៈកម្ពុជាមានច្បាប់ជាច្រើនសម្រាប់គ្រប់គ្រងរួចមកហើយ។ លោកបញ្ជាក់ថា៖ «ការរៀបចំឲ្យមានក្រមសីលធម៌នេះគឺជាការឆ្លើយតបមួយ ដែលផ្តើមចេញពីទីភ្នាក់ងារខ្លួនឯង សម្រាប់រំឭកខ្លួនឯងផ្ទាល់ចំពោះក្រមសីលធម៌នេះក្នុងការអនុវត្តដោយមានមនសិការត្រឹមត្រូវរបស់ខ្លួនក្នុងការប្រកបរបរដើម្បីរកកម្រៃផង និងគិតពីសិទ្ធិរបស់ពលករផង»។ លោក អ៊ិត សំហេង ថ្លែងថាបច្ចុប្បន្នប្រទេសកម្ពុជាបានបញ្ជូនពលករទៅបម្រើការងារនៅបរទេសចំនួន ៦ ប្រទេសគឺប្រទេសថៃ សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី ជប៉ុន សិង្ហបុរី និងហុងកុងដែលមានពលករសរុបចំនួនប្រមាណ ១ លាន ២ សែននាក់ ដែលកន្លងមកពួកគាត់បានផ្ញើថវិកាមកកម្ពុជា ដើម្បីជួយទ្រទ្រង់ជីវភាពក្រុមគ្រួសាររបស់ពួកគាត់ប្រមាណជាង ២ ពាន់លានដុល្លារក្នុង ១ ឆ្នាំៗ។ ក្នុងនោះទីភ្នាក់ងារឯកជនដែលបានចុះបញ្ចីនៅក្រសួងការងារក្នុងការនាំពលករទៅធ្វើការនៅក្រៅប្រទេសមានចំនួន ១២០ ដែលពួកគេក៏បានរួមចំណែកក្នុងការធ្វើឲ្យប្រសើរឡើងចំពោះការនាំពលករកម្ពុជាទៅក្រៅប្រទេសនេះផងដែរ។

តាមសៀវភៅក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជាបានឲ្យដឹងថា ទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ត្រូវតែគោរព អនុវត្តច្បាប់ជាតិ និងអន្តរជាតិជាមូលដ្ឋាន ហើយត្រូវអនុវត្តប្រកបដោយប្រសិទ្ធភាព ការទទួលខុសត្រូវ និងគោរពក្រមសីលធម៌ខ្ពស់ក្នុងការគ្រប់គ្រងការជ្រើសរើស ការបណ្តុះបណ្តាល ការបញ្ជូន និងការគ្រប់គ្រងពលករទៅធ្វើការនៅក្រៅប្រទេសធ្វើឲ្យមានសុវត្ថិភាព សេរីភាពនៃការបំផ្លាស់ទី ការពារសិទ្ធិពលករ។

សៀវភៅក្រមសីលធម៌ដដែលក៏បានកំណត់ឲ្យទីភ្នាក់ងារឯកជនទាំងអស់ គោរព និងអនុវត្តឲ្យមានតម្លាភាពក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម និងការផ្តល់ព័ត៌មានឲ្យបានត្រឹមត្រូវស្តីពីទេសន្តរប្រវេសន៍ ហើយក៏ត្រូវធ្វើជាទីភ្នាក់ងារមួយដែលចូលរួមកាត់បន្ថយថ្លៃចំណាយបន្ទាប់បន្សំ និងថ្លៃសេវារបស់ពលករក្នុងការធ្វើចំណាកស្រុកផងដែរ។

បើទោះជាក្រមសីលធម៌នេះមិនបានកំណត់ពីការដាក់ទណ្ឌកម្ម ប៉ុន្តែលោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជាបានថ្លែងថា វានឹងចូលរួមចំណែកក្នុងការពង្រឹងប្រសិទ្ធភាពសម្រាប់ទីភ្នាក់ងារទាំងអស់អាចអនុវត្តតាម និងទទួលខុសត្រូវចំពោះមុខច្បាប់។ លោកថា៖ «កន្លងទៅមានទីភ្នាក់មួយចំនួន អនុវត្តមិនបានត្រឹមត្រូវក្នុងការបញ្ចូនពលករទៅក្រៅប្រទេសទេ។ ក្រមសីលធម៌នេះនឹងជាឧបករណ៍អនុវត្ត និងជាឯកសារយោងសម្រាប់ប្រើប្រាស់នៅក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ទីភ្នាក់ងារជ្រើសរើសឯកជនក្នុងការជ្រើសរើស បណ្តុះបណ្តាល និងគ្រប់គ្រងប្រកបដោយការទទួលខុសត្រូវ»។

លោក ម៉ា ច័ន្ទស៊ីម អគ្គនាយកក្រុមហ៊ុននាំពលករទៅប្រទេសជប៉ុន Bridge JC Co,Ltd បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ក្រមសីលធម៌នេះអាចដើរតួនាទីក្នុងការគាំទ្រការអនុវត្តរបស់ទីភ្នាក់ងារជ្រើសរើសឯកជនឲ្យមានគណនេយ្យភាពក្នុងការប្រកួតប្រជែងស្របទៅតាមច្បាប់។ ប៉ុន្តែលោកផ្ទាល់មិនមានជំនឿ ១០០ ភាគរយនោះទេថា គ្រប់ទីភ្នាក់ងារទាំងអស់នឹងអាចអនុវត្តបានទាំងស្រុងតាមក្រមសីលធម៌នេះដែលទាមទារឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់បន្ថែមទៀត។ លោកបញ្ជាក់ថា៖ «ទីភ្នាក់ងារយើងអាចធ្វើតាមក្រមសីលធម៌នេះខ្លះៗ កន្លងមកហើយពេលនេះទីភ្នាក់ងារឯកជនអាចនឹងមិនអាចអនុវត្តបានទាំងស្រុងទៅតាមក្រមសីលធម៌នេះទេ ព្រោះវាថ្មីដោយត្រូវការពេលវេលាច្រើនទៀត»។

លោកស្រី Anna Engblom ប្រធានជាន់ខ្ពស់នៃកម្មវិធីត្រីកោណក្នុងតំបន់អាស៊ាន ILO បានថ្លែងដោយយោងតាមការស្រាវជ្រាវរបស់អង្គការ ILO ថា ការចំណាយរបស់ពលករទេសន្តរប្រវេសន៍ដើម្បីបានទៅធ្វើការនៅក្រៅប្រទេស នៅតែមានកម្រិតខ្ពស់ដែលអាចស្មើនឹងប្រាក់ខែដែលពួកគេទទួលបានចន្លោះពី ៩ ទៅ ១២ ខែ។ ដូច្នេះលោកស្រីនិយាយថា ក្រមសីលធម៌ថ្មីនេះក៏បានបញ្ញត្តិជុំវិញការកាត់បន្ថយថ្លៃចំណាយបន្ទាប់បន្សំ និងថ្លៃសេវារបស់ពលករក្នុងការធ្វើចំណាកស្រុកដែលផ្តើមចេញពីទីភ្នាក់ងារខ្លួនឯង។ លោកស្រីបានបញ្ជាក់ថា៖ «ក្រមសីលធម៌នេះអាចឲ្យទីភ្នាក់ងារខ្លួនឯង គ្រប់គ្រងខ្លួនឯង និងគោរពតាមគោលការណ៍ដែលបានចែងទុកដែលជាសមាជិកនៃទីភ្នាក់ងារទាំងអស់នៅកម្ពុជា។ ដើម្បីឲ្យក្រមសីលធម៌នេះ មានតម្លៃ យើងត្រូវតែមានប្រព័ន្ធត្រួតពិនិត្យតាមដាន និងវាយតម្លៃដែលយើងនឹងបង្កើតវានៅឆ្នាំក្រោយ»៕

website_news/2020300107.txt · Last modified: 2020/01/30 15:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki