website_news:2020300315

កូវីដ១៩៖ អាជ្ញាធរថ្នាក់ក្រោមជាតិបង្កើតក្រុមការងារដើរស្រង់ឈ្មោះពលរដ្ឋខ្មែរ ដែលមកពីក្រៅប្រទេស

http://www.rfi.fr/km/ 25/03/2020 - 08:08 អ៊ឹង ប៊ុនថន

បន្ទាប់ពីពលករខ្មែររាប់ពាន់នាក់សម្រុកវិលចូលប្រទេសកម្ពុជាវិញនាប៉ុន្មានថ្ងៃមកនេះអាជ្ញាធរថ្នាក់ក្រោមជាតិបានបង្កើតក្រុមការងាររបស់ខ្លួនដើម្បីដើរស្រង់ឈ្មោះពលរដ្ឋខ្មែរទាំងនោះដែលភាគច្រើនមកពីប្រទេសថៃ។ ចំណាត់ការនេះធ្វើឡើងដើម្បីស្វែងរកមុខសញ្ញាជនសង្ស័យដែលមានឆ្លងជំងឺកូវីដ១៩ ឲ្យនៅដាច់ដោយឡែកពីគេ១៤ថ្ងៃ ខណៈអាជ្ញាធរមិនអាចត្រួតពិនិត្យបានល្អិតល្អន់នៅតាមច្រកព្រំដែន។

ផ្តើមចេញពីខេត្តសៀមរាប រដ្ឋបាលក្រុងទេសចរណ៍មួយនេះ បានបង្កើតក្រុមការងារសរុបជាង១០០នាក់ ចុះស្រង់ស្ថិតិពលករត្រឡប់មកពីក្រៅប្រទេសនៅក្នុងសង្កាត់ទាំង១២ របស់ក្រុងសៀមរាប ដោយមួយក្រុមៗមានគ្នាពី៨ទៅ១១នាក់។ ក្រៅពីក្រុងសៀមរាប នៅតាមស្រុកនីមួយនៃខេត្តសៀមរាបក៏ត្រូវបានបង្កើតក្រុមការងារដូចគ្នានេះដែរដោយមួយក្រុមៗមានគ្នាប្រមាណ១០ដើម្បីដើរស្រង់ឈ្មោះមនុស្សដែលមកពីក្រៅប្រទេសជាពិសេសពលករខ្មែរដែលមកពីប្រទេសថៃនៅពេលថ្មីៗនេះ។ ចំណែកសមត្ថកិច្ចនៅខេត្តកំពតវិញក៏បានដើរស្រង់ឈ្មោះពលករខ្មែរដែលមកពីប្រទេសថៃនេះផងដែរដើម្បីស្វែងរកមុខសញ្ញាជនសង្ស័យណាដែលឆ្លងជំងឺកូវីដ១៩ ឲ្យនៅដោយឡែកពីគេ។

បញ្ហាកូវីដ១៩នេះ បានធ្វើឲ្យអាជ្ញាធរថៃបិទព្រំដែនជាមួយកម្ពុជា បានញាំងឲ្យពលរដ្ឋខ្មែរប្រមាណជាង១ម៉ឺន៥ពាន់នាក់ បានវិលចូលមកក្នុងប្រទេសកម្ពុជាវិញ កាលពីថ្ងៃទី២៣ ខែមីនា។ បើតាមលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អាជ្ញាធរកម្ពុជានៅតាមព្រំដែនមិនមានលទ្ធភាពពិនិត្យសុខភាពរបស់ពលករត្រឡប់មកពីប្រទេសថៃវិញ ឱ្យបានដិតដល់នោះទេ ទើបលោកស្នើសុំគោលការណ៍ពីនាយករដ្ឋមន្ត្រី ឲ្យមានមន្ត្រីសុខាភិបាលទៅពិនិត្យសុខភាពពួកគេនៅតាមភូមិនីមួយៗ។ ហើយប្រសិនបើរកឃើញករណីកើតមានជំងឺកូវីដ១៩នៅភូមិណាមួយ២ឬ៣ករណី គឺអាចឈានទៅបិទការចេញចូលបណ្តោះអាសន្ននៅភូមិនោះតែម្តង។ នេះជាការលើករបស់លោក ស ខេង កាលពីថ្ងៃទី២៤មីនា។

ទោះជាយ៉ាងណា បើតាមរដ្ឋមន្ត្រីមហាផ្ទៃដដែល កម្ពុជាមិនទាន់មានវិធានការចាប់បង្ខាំងមនុស្សទុក ដូចនៅតាមបណ្តាប្រទេសផ្សេងនោះឡើយ ប៉ុន្តែកម្ពុជានៅប្រើវិធានការអំពាវនាវជាមុនសិន តាមរយៈការឃោសនាតាមមេក្រូ ដើម្បីផ្សព្វផ្សាយប្រាប់ប្រជាពលរដ្ឋពីវិធានការបង្កា និងការដាក់ខ្លួនឯងនៅដាច់ដោយឡែកពីគេ១៤ថ្ងៃសម្រាប់ពលករដែលមកពីក្រៅប្រទេស៕

សារព័ត៌មាន ភ្នំពេញ

website_news/2020300315.txt · Last modified: 2020/03/30 14:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki