website_news:2020300316

រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បញ្ជាឱ្យអាជ្ញាធរបង្កើនការសហការជាមួយថៃ ដើម្បីទប់ស្កាត់ការឆ្លងដែនតាមបណ្ដាច្រករបៀង

https://www.information.gov.kh/ ថ្ងៃទី 28 ខែ មីនា ឆ្នាំ 2020 ៖លោក ជួន បូណា

MC៖ រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃបានបញ្ជាឱ្យអាជ្ញាធរបង្កើនការសហការជាមួយថៃ ដើម្បីទប់ស្កាត់ការឆ្លងដែនច្រករបៀងនានា ក្នុងគោលដៅធានាការត្រួតពិនិត្យសុខភាពឲ្យបានដិតដល់ទប់ស្កាត់ការរីករាលដាលជំងឺកូវិត១៩នៅក្នុងមូលដ្ឋាន។ សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យអាជ្ញាធរខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវបន្តតាមដានយកចិត្តទុកដាក់ចំពោះលំហូរ នៃការវិលត្រឡប់ចូលប្រទេសរបស់ពលរដ្ឋដោយត្រូវសហការជាមួយភាគីថៃ ដើម្បីកំណត់ច្រកទ្វារព្រំដែនជាក់លាក់សម្រាប់ការវិលចូលប្រទេសវិញ។

ជាមួយគ្នានេះក៏ត្រូវត្រៀមសម្រាប់លទ្ធភាព ដែលអាចមានពលរដ្ឋខ្លះងាកទៅឆ្លងកាត់តាមបណ្ដាច្រករបៀងនានា ដោយត្រូវកំណត់អត្តសញ្ញាណ និងពិនិត្យសុខភាពពួកគាត់ឱ្យអស់ពីលទ្ធភាព មុនពេលពួកគាត់បន្តដំណើរទៅស្រុកកំណើត។

សម្ដេចក្រឡាហោមបានជំរុញឱ្យអភិបាលរាជធានីខេត្តទាំងអស់ ត្រូវរៀបចំតារាងកត់ត្រាអំពីសវតានៃការធ្វើដំណើរ និងសុខភាពរបស់ពលរដ្ឋដែលបានទៅដល់មូលដ្ឋាន ហើយត្រូវរៀបចំការចុះអប់រំផ្សព្វផ្សាយដល់ពួកគាត់ឱ្យបានដឹងច្បាស់ អំពីវិធានការដាក់នៅដោយឡែករយៈពេល១៤ថ្ងៃ ក្រោមការសង្កេតតាមដានសុខភាពម៉ត់ចត់បំផុត ពិសេសគ្រោះថ្នាក់នៃការឆ្លងជំងឺនេះដល់ក្រុមគ្រួសារ និងសាច់ញាតិ ប្រសិនបើពួកគាត់មិនគោរពតាមវិធានណែនាំរបស់អាជ្ញាធរ និងក្រសួងសុខាភិបាល៕

website_news/2020300316.txt · Last modified: 2020/03/30 14:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki