website_news:2020300318

ក្រសួងការងារស្នើក្រុមហ៊ុនជប៉ុនបង្កើនការទទួលពលករខ្មែរផ្នែកថែទាំអគារ

https://www.rfa.org/khmer/ ដោយ ម៉ៅ សុធានី 2020-03-28

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ស្នើដល់ក្រុមហ៊ុនជប៉ុន ឱ្យបង្កើនការទទួលពលករពីកម្ពុជាឱ្យបាន ១០ម៉ឺននាក់ នាពេលខាងមុខ ខណៈដែលប្រទេសជប៉ុន មានគម្រោងជ្រើសរើសពលករជំនាញផ្នែកថែទាំអគារសំណង់ ប្រមាណ ៣ម៉ឺននាក់ ពីប្រទេសកម្ពុជា។ គេហទំព័រផ្លូវការរបស់ក្រសួងការងារឱ្យដឹងថា សំណើនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាមួយរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ជាមួយគណៈប្រតិភូនៃមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា (CIESF) និងសមាគមថែទាំអគារជប៉ុន កាលពីថ្ងៃទី២៦ ខែមីនា ថា នៅទីស្ដីការក្រសួងការងារ។

នាយកគ្រប់គ្រងសមាគមថែទាំអគារជប៉ុន លោក ហ៊ីរ៉ូស្សី ហូរីហ្គូឈិ (Hiroshi Horiguchi) ឱ្យដឹងថា ក្នុងមួយឆ្នាំៗ ប្រទេសជប៉ុន ត្រូវការកម្លាំងពលករជំនាញផ្នែកថែទាំអគារសំណង់ប្រមាណ ៩០ ម៉ឺននាក់ ក្នុងនោះ នាំចូលកម្លាំងពលករពីក្រៅប្រទេសប្រមាណ ៣ម៉ឺននាក់។ លោក ហ៊ីរ៉ូស្សី បន្តថា កន្លងទៅសមាគមលោកបានជ្រើសពលករជំនាញពីប្រទេស មីយាន់ម៉ា ឬភូមា (Myanmar) និងប្រទេសហ្វីលីពីន (Philippines) ប៉ុន្តែគម្រោងនៅឆ្នាំបន្ទាប់ទៅនេះ សមាគមលោក មានបំណងជ្រើសរើសពលករជំនាញពីប្រទេសកម្ពុជាវិញ។ លោក ហ៊ីរ៉ូស្សី បន្ថែមទៀតថា ការថែទាំអគារគឺជាកិច្ចការជំនាញចាំបាច់មួយនៅប្រទេសជប៉ុន រួមមាន ការគ្រប់គ្រងគុណភាព សុវត្ថិភាព សំណង់ ការថែទាំអនាម័យបរិស្ថាន ទាំងការសំអាតក្នុងអគារនិងបរិវេណជុំវិញអគារជាដើម។

ក្នុងជំនួបនេះដែរ លោក អ៊ិត សំហេង ក៏បានស្នើដល់ភាគីជប៉ុនឱ្យបង្កើនការទទួលពលករពីកម្ពុជាឱ្យបាន ១០ ម៉ឺននាក់ សម្រាប់រយៈពេលខាងមុខបន្តទៀត ពីព្រោះកម្ពុជាមានសក្ដានុពលក្នុងការជ្រើសរើសកម្លាំងពលកម្មគ្រប់គ្រាន់ ដែលមានស្រាប់ក្នុងប្រទេស និងអ្នកដែលត្រឡប់ពីក្រៅប្រទេស។ លោកក៏បានជំរុញឱ្យមន្ត្រីកម្ពុជា និងសមាគមថែទាំងអគារជប៉ុនសហការជាមួយក្រុមហ៊ុនភ្នាក់ងារបញ្ជូនពលកររបស់កម្ពុជា ដើម្បីប្រកាសជ្រើសរើស បណ្ដុះបណ្ដាលភាសាជប៉ុន និងជំនាញធ្វើការប្រឡងតេស្ត ដើម្បីបញ្ជូនពលករទៅធ្វើការនៅប្រទេសជប៉ុន។

មន្ត្រីកម្មវិធីផ្នែកសិទ្ធិពលករចំណាកស្រុកនៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារកម្ពុជា ហៅកាត់ ថា សង់ត្រាល់ ប្រាប់កាសែតក្នុងស្រុកថា កន្លងទៅពលករកម្ពុជា កម្រទទួលបានការងារដែលមានជំនាញច្បាស់លាស់ ព្រោះភាគច្រើន កម្លាំងពលកម្មទៅធ្វើការនៅក្រៅប្រទេស គឺធ្វើការដោយប្រើកម្លាំង ហើយត្រូវទទួលរងនៃការរំលោភបំពាន ថែមទៀតផង។ លោកបន្តថា រដ្ឋាភិបាល គួរផ្តោតការយកចិត្តទុកដាក់ បង្កើនសាលាជំនាញ ដល់ប្រជាពលរដ្ឋ ឬសិស្សណា ដែលចង់រៀនជំនាញបច្ចេកទេសណាមួយ។

របាយការណ៍របស់ក្រសួងការងារឱ្យដឹងថា បច្ចុប្បន្នមាននិស្សិត និងពលករជំនាញ ប្រមាណជិត ១ម៉ឺន ៥ពាន់នាក់ (១៥,០០០ ) ទៅរៀននិងធ្វើការនៅប្រទេសជប៉ុន ផ្នែកវិស័យកសិកម្ម នេសាទ សំណង់ កែច្នៃចំណីអាហារ និងវិស័យកាត់ដេរ ជាដើម៕

website_news/2020300318.txt · Last modified: 2020/03/30 14:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki