website_news:2020300319

ពលករខ្មែរមួយក្រុមធ្វើការលើទូកនេសាទនៅម៉ាឡេស៊ី ស្នើសុំអាជ្ញាធរកម្ពុជា ជួយបញ្ជូនពួកគេមកកម្ពុជា

https://www.rfa.org/khmer/ ដោយ វ៉ែន សុមេធ 2020-03-29

ពលករខ្មែរចំនួន១២នាក់ ដែលកំពុងធ្វើការនៅលើទូកនេសាទនៅក្នុងប្រទេសម៉ាឡេស៊ី អំពាវនាវដល់អាជ្ញាធរកម្ពុជា ជួយសម្របសម្រួលបញ្ជូនពួកគេមកកម្ពុជាវិញ។ ពួកគេចង់វិលមកកម្ពុជាវិញនេះ ដោយសារតែថៅកែទូកនេសាទ បានផ្អាកការងារមួយរយៈហើយ ក្រោយផ្ទុះរីករាលដាល ជំងឺកូវីដ-១៩នៅក្នុងប្រទេសម៉ាឡេស៊ី។ មន្ត្រីសង្គមស៊ីវិលអះអាងថា រដ្ឋាភិបាលមានកាតព្វកិច្ចដោះស្រាយចំពោះសំណើរបស់ពលករទាំងនេះ។ ពលករ១២នាក់ អះអាងថា ពួកគេកំពុងរស់នៅលើទូកនេសាទក្នុងប្រទេសម៉ាឡេស៊ី ប៉ុន្តែពុំមានការងារធ្វើ ដើម្បីបានប្រាក់ខែសម្រាប់ផ្គត់ផ្គង់គ្រួសារដូចមុនឡើយ ដូច្នេះហើយទើបពួកគេ ចង់វិលត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីស្វែងរកការងារ ក្រែងបានប្រាក់ចំណូលខ្លះសម្រាប់ជួយគ្រួសាររបស់ពួកគេដែលកំពុងខ្វះខាត។

ពលករលើទូកនេសាទម្នាក់ គឺលោក ជា វណ្ណៈ អាយុ៣៥ ឆ្នាំ រៀបរាប់ថា ថៅកែទូកនេសាទរបស់លោក បានផ្អាកការងារមួយរយៈ ហើយលោកមិនដឹងថា ថៅកែនឹង បើកដំណើរការវិញពេលណានោះទេ។ ពលកររូបនេះ បន្តថា ពួកលោកចង់វិលត្រឡប់ទៅស្រុកកំណើតវិញ ប៉ុន្តែពួកលោក មិនអាចចាកចេញពីម៉ាឡេស៊ី ត្រឡប់ទៅប្រទេសកម្ពុជាវិញដោយខ្លួនឯងបានទេ ដោយសាររដ្ឋាភិបាលម៉ាឡេស៊ី បានបិទប្រទេសបណ្តោះអាសន្នដើម្បីបង្ការជំងឺឆ្លងកូវីត១៩។ លោកអំពាវនាវឲ្យអាជ្ញាធរកម្ពុជា ជួយសម្របសម្រួលជាមួយអាជ្ញាធរម៉ាឡេស៊ី ដើម្បីបញ្ជូនពួកលោកទាំង១២នាក់ ត្រឡប់ទៅកម្ពុជាវិញ៖ «ខ្ញុំចង់ឲ្យអាជ្ញាធរជួយដោះស្រាយឲ្យពួកខ្ញុំបានទៅផ្ទះវិញឆាប់ៗនេះ ព្រោះឥលូវគេបិទអស់ហើយ។ គេលែងទិញត្រីអស់ហើយ គេផ្អាកមួយរយៈពេល។ យើងអត់មានការងារធ្វើហើយយើងនៅដេក តែថៅកែឲ្យអង្ករ បាយទឹកអីហូបរហូតដែរ។ គ្រួសារយើងនៅស្រុកខ្វះខាតច្រើន ដូច្នេះយើងមិនអាចនៅទីនេះបានទេ»។

ពលករខ្មែរទាំងពីរ១២ នាក់ គឺជាអ្នករស់នៅក្នុងឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ។ ពួកគេទើបតែចាកចេញពីស្រុកកំណើត ធ្វើដំណើរតាមរថយន្តឈ្នួលឆ្លងកាត់ប្រទេសថៃ ដើម្បីទៅធ្វើការជាកម្មករលើទូកនេសាទនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០។ ប៉ុន្តែនៅពេលពួកគេទៅដល់ថៅកែទូកនេសាទ បានផ្អាកការនេសាទតែម្ដង។ ពួកគេធ្លាប់ធ្វើជាកម្មករលើទូកនេសាទនៅប្រទេសម៉ាឡេស៊ីជាច្រើនឆ្នាំមកហើយ។ កម្មករលើទូកនេសាទម៉ាឡេស៊ីម្នាក់ទៀត និយាយថា ពួកលោក គឺសុទ្ធតែជាអ្នកក្រីក្រខ្វះខាតក្នុងជីវភាព ហើយប្រសិនបើពួកគាត់ខំចំណាកស្រុក ប៉ុន្តែគ្មានការងារធ្វើដដែល គឺកាន់តែធ្វើឲ្យពួកគាត់ ជួបការលំបាកក្នុងជីវភាពបន្ថែមទៀត៖ «យើងនៅក៏មិនដឹងធ្វើអីដែរ ខាតតែពេលវេលា។ យើងនៅនេះមានតែគ្នាយើងប៉ុន្មាននាក់នេះ គ្មានការព្រួយបារមភរឿងឆ្លងជំងឺកូវីដអីទេ ប៉ុន្តែយើងនៅទីគ្មានការងារធ្វើ ដូច្នេះវិលទៅជួបគ្រួសារវិញក៏ល្អដែរ។សំណូមពរចង់ឲ្យគេជួយរកផ្លូវចេញទៅផ្ទះវិញ»។ កម្មករលើទូកនេសាទទាំងនេះ មិនទាន់ដឹងថា ត្រូវទាក់ទងទៅអាជ្ញាធរតាមប្រភពណានៅឡើយទេ។

អាស៊ីសេរី បានព្យាយាមទាក់ទងលេខទូរស័ព្ទបីខ្សែ សម្រាប់កិច្ចការកុងស៊ុល និងកិច្ចការពលករ របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ប៉ុន្តែពុំមានអ្នកទទួលនោះទេ នៅថ្ងៃទី២៨ ខែមីនា។ ចំណែកអ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង ក៏មិនទទួលទូរស័ព្ទដែរ។ មន្ត្រីកម្មវិធីផ្នែកទេសន្តរប្រវេសក៍នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់(CENTRAL) លោក ឌី ថេហូយ៉ា មានប្រសាសន៍ថា ការងារចុះទូកនេសាទគឺជាប្រភេទការងារប្រឈមគ្រោះថ្នាក់ខ្លាំងជាងគេបំផុតក្នុងចំណោមការងារចំណាកស្រុកនៅក្រៅប្រទេស ខណៈស្ថានទូតកម្ពុជាប្រចាំនៅបរទេស ហាក់មិនសូវយកចិត្តទុកដាក់ដោះស្រាយនោះទេ។ លោកបន្តថា ចំពោះសំណើសុំអន្តរាគមន៍របស់ក្រុមពលករទាំងនោះ រដ្ឋាភិបាលកម្ពុជា ត្រូវមានកាតព្វកិច្ចដោះស្រាយជាបន្ទាន់៖ «វាគឺជាកាតព្វកិច្ចរបស់រដ្ឋ ដែលត្រូវការពារផលប្រយោជន៍ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ប៉ុន្តែនៅខាងក្រៅយើងស្តាប់ទៅហាក់ដូចជាគេយកចិត្តទុកដាក់ល្អណាស់ ប៉ុន្តែអ្នកដែលធ្វើការផ្ទាល់ និងអ្នកជួបរឿងផ្ទាល់លើរឿងនេះ ហើយទៅសុំអន្តរាគមន៍គឺពិបាកណាស់ គេមិនអើពើ គេមិនឲ្យតម្លៃលើអាយុជីវិតរបស់ពលរដ្ឋខ្មែរយើងទេ ។ តែជាកាតព្វកិច្ចក្នុងនាមជារដ្ឋាភិបាល ត្រូវតែការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ នៅពេលដែលពលរដ្ឋមានបញ្ហាបែបនេះ គួរតែត្រូវមានវិធានការហើយ ទោះបីជាក្នុងកាលៈទេសៈនេះ ប្រទេសម៉ាឡេស៊ី បិទបម្រាមគោចរក្ដី ព្រោះបើយើងមើលទៅលើជាតិសាសន៍ដទៃ នៅពេលដែលជាតិសាសន៍គេមានបញ្ហាកន្លែងណាមួយ គឺគេត្រៀមនឹងជួយសង្គ្រោះរហូតដល់បញ្ជូនយន្តហោះទៅយកមកទៀតផង»។

រដ្ឋាភិបាលម៉ាឡេស៊ី បានប្រកាសបិទប្រទេសមិនឲ្យមានការចេញចូលចាប់ពីថ្ងៃទី១៨ ខែមីនា ដល់ថ្ងៃទី១៤ ខែមេសា ។ ទោះជាយ៉ាងណា កាលពីថ្ងៃទី២៥ ខែមីនា រដ្ឋាភិបាលម៉ាឡេស៊ី ទើបតែសម្របសម្រួលជាមួយអាជ្ញាធរកម្ពុជា ដើម្បីបញ្ជូនយន្តហោះពិសេសមួយគ្រឿងមកទទួលពលរដ្ឋរបស់ខ្លួន ដែលជាប់នៅកម្ពុជាចំនួន ១១១ នាក់ ទៅម៉ាឡេស៊ីវិញ។ ប៉ុន្តែគេនៅមិនទាន់ដឹងថា តើរដ្ឋាភិបាល កម្ពុជានឹងសម្របសម្រួលជាមួយអាជ្ញាធរម៉ាឡេស៊ី ដើម្បីបញ្ជូនពលករខ្មែរមកកម្ពុជាវិញដែរ ឬយ៉ាងណានោះទេ។

មាត្រា៣៣នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅនៅឯបរទេស ត្រូវបានរដ្ឋគាំពារ។ចំណែកមាត្រា៣៥ ចែងថា សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយដោយហ្មត់ចត់ដោយអង្គការរដ្ឋ៕

website_news/2020300319.txt · Last modified: 2020/03/30 14:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki