website_news:2020300404

រដ្ឋមន្ត្រីការងារ ប្រាប់ឱ្យពលករ ដែលមានបញ្ហាជីវភាពប្រចាំថ្ងៃ ទាក់ទងទៅអាជ្ញាធរមូលដ្ឋាន

https://thmeythmey.com/ 29, Apr 2020 , 10:29 pm ដោយ: ឡាយ សុភាវតី

ភ្នំពេញ៖ ពលករដែលវិលត្រឡប់ពីក្រៅប្រទេស ត្រូវទាក់ទងទៅអាជ្ញាធរមូលដ្ឋាន បើសិនមានបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ នៅអំឡុងពេលរាតត្បាតជំងឺកូវី-១៩។ នេះបើតាមសេចក្ដីណែនាំរបស់ក្រសួងការងារ ចុះដោយរដ្ឋ មន្រី្តក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ថ្ងៃទី២៩ មេសា ឆ្នាំ២០២០។ ក្រសួងការងារ បានបញ្ជាក់ថា ពលករខ្មែរ ដែលវិលត្រឡប់មកកម្ពុជាវិញ ហើយមានបំណងចង់ធ្វើការងារ ត្រូវទាក់ទងទៅមន្ទីរការងារ និងមជ្ឈមណ្ឌលការងារ រាជធានី-ខេត្ត ដើម្បីទទួលបានព័ត៌មានពីការងារ។ ជាមួយគ្នាដែរ ក្រសួងបានបញ្ជាក់ដល់ពលករថា៖ «សូមចូលរួមជួយ ក្រុមគ្រួសារដើម្បីធ្វើស្រែចម្ការ ដាំដុះ និងរបរកសិកម្មផ្សេងទៀត ក្នុងអំឡុងពេលចាំស្វែងរកការងារថ្មីនៅក្នុងស្រុក ឬចង់វិលទៅក្រៅប្រទេសវិញ»។ ចំពោះពលករដែលត្រឡប់មកវិញហើយ មានបញ្ហាជីវភាពប្រចាំថ្ងៃ ត្រូវទាក់ទងទៅអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានសេវាអន្តរាគមន៍។ នេះជាការបញ្ជាក់របស់ក្រសួងការងារ។

សារព័ត៌មានថ្មីៗ មិនអាចសុំការបកស្រាយបន្ថែមពីលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ដើម្បីលម្អិតព័ត៌មាននេះបានឡើយ ។ រីឯ ពលករខ្មែរ ដែលកំពុងស្នាក់នៅនិងធ្វើការនៅបរទេស ក្រសួងការងារណែនាំឲ្យ អនុវត្តតាមច្បាប់ បទបញ្ជា និងវិធានការសុខភាពនានា របស់អាជ្ញាធរនៃប្រទេសដែលពលករកំពុងធ្វើការ។ ទន្ទឹមនឹងនេះ ពលករខ្មែរត្រូវអនុវត្តតាមការណែនាំ របស់ស្ថានឯកអគ្គរាជទូតឬអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេស ដែលពលករកំពុងធ្វើការ ឬធ្វើការទាក់ទងទៅជាបន្ទាន់ក្នុងករណីមានបញ្ហា៕

website_news/2020300404.txt · Last modified: 2020/04/30 14:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki