website_news:2020300405

COVID-19៖ ពលករខ្មែរមកពីថៃ កំពុងប្រឈមការខ្វះខាត!

https://thmeythmey.com/ 29, Apr 2020 , 9:29 pm

ភ្នំពេញ៖ ពលករខ្មែរមកពីថៃខ្លះ កំពុងប្រឈមការខ្វះខាត ខណៈគ្មានការងារធ្វើនៅក្នុងអំឡុងពេលជំងឺកូវីដ១៩ រាតត្បាត។ ពួកគេខ្លះ ចាយវាយប្រចាំថ្ងៃទាំងក្បិតក្បៀត ឯខ្លះទៀតកំពុងពឹងអាស្រ័យលើសាច់ញាតិ ដើម្បីដោះស្រាយបញ្ហាជីវភាព។ ជិត១ខែហើយ ដែលលោក ភី សំប៉ាយ និងភរិយា បន្តស្នាក់នៅទីកំណើតខ្លួន ក្នុងស្រុកវ៉ារិន ខេត្តសៀមរាប ក្រោយត្រឡប់ពីធ្វើការងារនៅប្រទេសថៃ ។ មិនខុសពីពលករខ្មែរដទៃទៀតទេ លោក សំប៉ាយ និងភរិយា សម្រេចមកកម្ពុជាវិញនេះ ដោយសារភ័យខ្លាចការឆ្លងរីករាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃ ដែលកំពុងកើនឡើងជាបន្តបន្ទាប់។ មុនមកដល់កម្ពុជា ប្តីប្រពន្ធមួយគូនេះ ទទួលបានប្រាក់ខែចុងក្រោយ នៃការងារសំណង់ ជាង៧០០ដុល្លារ ប៉ុន្តែពួកគេបានផ្ញើប្រាក់មកអ្នកផ្ទះមុន អស់ជាង៤០០ដុល្លារ ដោយសល់៣០០ដុល្លារ ទុកសម្រាប់ថ្លៃធ្វើដំណើរមកស្រុកកំណើត។ ធ្វើដំណើរពីប្រទេសថៃមកដល់ព្រំដែនកម្ពុជា ពីរនាក់ប្តីប្រពន្ធនេះ បានចំណាយជិត២៥០ដុល្លារ លើការហូបចុក និងថ្លៃមធ្យោបាយដឹកជញ្ជូនពីមួយទៅមួយ ក្រោយថៃរឹតបន្តឹង ការចេញ-ចូល។

«ប្រាក់ក៏អស់ ការងារក៏គ្មានធ្វើ»។ វាជាបញ្ហាធំមួយទៀត របស់លោក ភី សំប៉ាយ និងភរិយា ដែលកំពុងអាស្រ័យជីវភាពលើឪពុកម្ដាយ និងសាច់ញាតិ ទម្រាំមានការងារវិញ។ លោក ភី សំប៉ាយ ដែលបានអនុវត្តកាតព្វកិច្ចចត្តាឡីស័ក១៤ថ្ងៃហើយនេះ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទដូច្នេះថា៖«រាល់ថ្ងៃនេះ សុំលុយម្ដាយក្មេកចាយ ហើយគាត់ឱ្យអង្ករហូបទៀត។ ខ្ញុំកំពុងខ្វះខាត ជួនកាលមានអីហូបហ្នឹង ជួនការបេះបន្លែជិតៗផ្ទះ ហើយពេលបានលុយពីម៉ែមក យកទិញត្រី១គីឡូមក ហូបព្រឹកល្ងាច បាន២ទៅ៣ថ្ងៃទៅ។ ខ្ញុំកំពុងរកការងារធ្វើដែរ តែមិនទាន់រកបាន មានតែទ្រាំខ្វះ ទ្រាំអត់ តាមដំណើរសិន មិនដឹងធ្វើយ៉ាងម៉េចទេ»។ បើតាមពលករសំណង់ ដែលទើបមកពីថៃរូបនេះ រាល់ថ្ងៃម្ដាយក្មេក ជាអ្នកផ្គត់ផ្គង និងចិញ្ចឹមមើលថែកូនស្រីរបស់លោក ដែលទើបមានអាយុ៦ឆ្នាំ។

មិនមែនមានតែប្តីប្រពន្ធលោក ភី សំប៉ោយ ទេ ដែលកំពុងជួបបញ្ហាខ្វះខាតនោះ ។លោក ប៉ុក សំណាង ដែលបម្រើការងារ៨ឆ្នាំនៅថៃ ក៏កំពុងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុក្នុងគ្រួសារ ក្រោយគ្មានការងារធ្វើ ខណៈដែលប្រពន្ធទើបសម្រាលកូនបាន៣ខែទៀត។ វាជាអម្រែកធ្ងន់មួយ សម្រាប់លោក ប៉ុក សំណាង។ កម្មករផ្នែកដំឡើងម៉ាស៊ីនកាត់ដេររោងចក្ររូបនេះ បាននិយាយដូច្នេះថា៖« ក្នុងគ្រួសារខ្ញុំ កំពុងភ័យខ្លាចអត់មានលុយ ព្រោះគ្មានការងារ។ រាល់ថ្ងៃទិញម្ហូបមិនឱ្យលើសពី១ម៉ឺនរៀលឡើយ ព្រោះលុយដែលសល់មកពីថៃជិតអស់ហើយ»។ បើតាមលោក សំណាង អ្វីដែលអាចធ្វើបានពេលនេះ គឺកាត់បន្ថយការចំណាយមិនចាំបាច់ ព្រោះគ្រួសារលោកកំពុងមានកូនតូចៗ។ « បើសិនមានកន្លែងការងារធ្វើការ ខ្ញុំនឹងចូលធ្វើភ្លាម ដើម្បីបានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ»។ នេះជាក្តីរំពឹងរបស់ពលករខ្មែរ ដែលទើបមកថៃ។

ដើមខែមេសានេះ ពលករខ្មែរជាង៨ម៉ឺននាក់ បានសម្រុកចូលមកកម្ពុជា ដោយសារបារម្ភពីការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃ។ ពលករទាំងនេះគ្មានអ្នកណាម្នាក់មានជំងឺកូវីដ១៩ ក្រោយក្រសួងសុខាភិបាល បានធ្វើតេស្តលើសំណាកពួកគេជាង៤០០នាក់ និងអនុវត្តវិធានការចត្តាឡីស័ក១៤ថ្ងៃលើពួកគេ។ ដ្បិតគ្មានជំងឺមែន ប៉ុន្តែបញ្ហាក្រពះ គឺជារឿងធំ។ សម្ដេច ស ខេង ដែលបានដឹងពីបញ្ហានេះ បានសង្កត់ធ្ងន់ថា ពលករជាង៨ម៉ឺននាក់ ភាគច្រើនអាចផ្គត់ផ្គង់ជីវភាពគ្រួសារ បានរយៈពេលខ្លីប៉ុណ្ណោះ។

ដើម្បីដោះស្រាយបញ្ហាជីវភាពនេះ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានស្នើឱ្យពលរដ្ឋទាំងអស់ ត្រូវដាំដុះបន្លែនៅតាមទីលំនៅរៀងៗខ្លួន ដើម្បីរកប្រាក់ចំណូលក្នុងគ្រួសារបន្ថែម ពិសេសត្រូវមានការអត់ធ្មត់ ចំពោះដំណាក់កាលដែលកម្ពុជាជួបប្រទះបញ្ហារីករាលដាលនៃជំងឺកូវីដ-១៩នេះ។

ត្រង់ចំណុចនេះ លោក មឿន តុលា ប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សនៃអង្គការ សង់ត្រាល់ បាននិយាយថា រដ្ឋាភិបាលគួរពិចារណាលើកត្តា២ រួមមាន ទី១ រដ្ឋគួរតែបញ្ចេញកញ្ចប់ថវិកាជាតិដែលបម្រុងទុក យកមកជួយពលរដ្ឋឱ្យប្រាកដថា ពួកគេមានស្បៀងអាហារហូបគ្រប់គ្រាន់ និងស្នាក់នៅបណ្ដោះអាសន្ន ទម្រាំពួកគេអាចត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ និងចុងក្រោយ គឺជួយដល់វិស័យឯកជន ជាពិសេសអាជីវកម្មខ្នាតតូចនិងមធ្យមតែម្ដង។ បើតាមលោក មឿន តុលា រដ្ឋាភិបាលគួរពិចារណា លើវិធីសាស្ត្រកាត់បន្ថយការចំណាយរបស់ពលរដ្ឋ ដូចជាការបញ្ចុះតម្លៃទឹក ភ្លើងជាដើមផងដែរ។

កន្លងមករដ្ឋាភិបាល ក៏បានដាក់ចេញវិធានការកាត់បន្ថយ និងលើកលែងពន្ធ ដល់សណ្ឋាគារ ផ្ទះសំណាក់ អាជីវកម្មទេសចរណ៍ រួមទាំងស្នើឱ្យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ជួយសម្រាលការលំបាកពលរដ្ឋតាមរយៈការពន្យាពេលសង ឬបញ្ចុះថ្លៃសងជាដើម។ មិនតែប៉ុណ្ណោះរដ្ឋាភិបាល ក៏បានជួយសម្រាលទុក្ខលំបាកកម្មករ ដែលគ្មានការងារធ្វើ នៅពេលរោងចក្រព្យួរ តាមរយៈការផ្ដល់ថវិកា៧០ដុល្លារ ដោយក្នុងនោះរដ្ឋឧបត្ថម្ភ៤០ដុល្លារ ហើយភាគីរោងចក្រចំណាយ៣០ដុល្លារលើកម្មករ។ល៕

website_news/2020300405.txt · Last modified: 2020/04/30 14:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki