website_news:2020300412

ពលរដ្ឋខ្មែរ រួមទាំងពលករ នៅប្រទេសថៃដែលអស់សុពលភាពទិដ្ឋាការស្នាក់នៅ ចាប់ពីថ្ងៃទី ២៦ ខែមីនានោះ ត្រូវបានអនុញ្ញាតឲ្យបន្តស្នាក់នៅដោយស្វ័យប្រវត្តិ

https://www.cen.com.kh/ April 30, 2020

ភ្នំពេញ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុគ្រោះបន្តឲ្យស្នាក់នៅ និងធ្វើការជាបណ្តោះអាសន្ន សម្រាប់បងប្អូនប្រជាពលរដ្ឋនិងពលករខ្មែរនៅប្រទេសថៃ ក្នុងស្ថានភាពនៃជំងឺកូវីដ-១៩។ គណៈរដ្ឋមន្ត្រីថៃ បានសម្រេចអនុគ្រោះបន្តសុពលភាពនៃការស្នាក់នៅសម្រាប់ជនបរទេស ដែលអាចសម្រួលដល់ពលរដ្ឋ សិស្ស-និស្សិត និងពលករខ្មែរនៅក្នុងប្រទេសថៃ ដូចតទៅ៖

–ពលរដ្ឋខ្មែរ រួមទាំងពលករ ដែលអស់សុពលភាពទិដ្ឋាការស្នាក់នៅ ចាប់ពីថ្ងៃទី២៦ ខែមីនានោះ ត្រូវបានអនុញ្ញាតឲ្យបន្តស្នាក់នៅដោយស្វ័យប្រវត្តិ រហូតដល់ថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ ២០២០ ដោយពុំមានការផាកពិន័យលើការស្នាក់នៅលើសកំណត់ ប៉ុន្តែ មិនអនុញ្ញាតឲ្យធ្វើការនោះទេ។

–ពលករខ្មែរដែលនិយោជកបានបញ្ជូនបញ្ជីឈ្មោះទៅក្រសួងឬមន្ទីរការងារក្រុង/ខេត្ត តាមប្រព័ន្ធអនឡាញ រួចរាល់ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ អាចបន្តធ្វើការជាបណ្តោះអាសន្ន រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។

–ប្រជាពលរដ្ឋខ្មែររួមទាំងពលករ ដែលត្រូវបង្ហាញខ្លួនក្នុងរយៈពេល៩០ថ្ងៃ ចន្លោះពីថ្ងៃទី២៦ ខែមីនា ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ មិនតម្រូវឲ្យទៅបង្ហាញខ្លួនទេ រហូតដល់មានការជូនដំណឹងជាថ្មី។

សូមស្វែងយល់បន្ថែមពីវិធានការនានារបស់ប្រទេសជាសមាជិកអាស៊ានដទៃទៀត ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ៕ ដោយ៖កូឡាប

website_news/2020300412.txt · Last modified: 2020/04/30 15:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki