website_news:2020300601

កូវីដ១៩៖ ថៃបានបញ្ជូនខ្មែរជាង២០០នាក់ត្រឡប់មកវិញ ក្រោយព្យាយាមឆ្លងដែនរកការងារនៅថៃ

http://www.rfi.fr/km/ ចុះផ្សាយនៅថ្ងៃ: 29/06/2020 - 08:52 ដោយ៖អេង គីមហុង

ពលរដ្ឋខ្មែរ១៣នាក់ ត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនត្រឡប់មកវិញ នៅថ្ងៃទី២៨ខែមិថុនា បន្ទាប់ពីពួកគេព្យាយាមឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ តាមច្រករបៀងមួយចំនួនស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ។ មន្ត្រីជំនាញបានឲ្យដឹងថា នៅគ្រប់ច្រកព្រំដែនឈមជាមួយថៃ ថៃបានចាប់បញ្ជូនពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ត្រឡប់មកវិញជាង២០០នាក់ហើយ រាប់ចាប់តាំងពីថៃបានប្រកាសបិទព្រំដែនជាមួយកម្ពុជា កាលពីថ្ងៃទី២៣ខែមីនាមក។លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២៩ខែមិថុនានេះថា ពលរដ្ឋខ្មែរនៅតែបន្តឆ្លងដែនដោយខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ ទោះបីជាថៃបានបិទព្រំដែនដោយបារម្ភពីជំងឺកូវីដ១៩ ក៏ដោយ។ មូលហេតុដែលពលរដ្ឋខ្មែរបន្តឆ្លង់ដែនដោយលួចលាក់ដើម្បី ទៅរកការងារធ្វើនៅប្រទេសថៃដោយសារមានការណែនាំពីមេខ្យល់។ មេខ្យល់ដែលអះអាងថា នៅប្រទេសថៃត្រូវការកម្លាំងពលកម្មពីកម្ពុជា។

ចំណែកអាជ្ញាធរខ្មែរដែលមានព្រំដែនជាប់ជាមួយប្រទេសថៃ ត្រូវរងចាំទទួលពលរដ្ឋខ្លួនឯងត្រឡប់មកវិញតាមច្រកព្រំដែនដែលឈមជាមួយថៃរួមមានៈ ច្រកអូបីជាន់ ច្រកអូស្មាច់ និងច្រកដូងជាដើម។ ប្រឈមបែបនេះលោកស្រី ជូ ប៊ុនអេង សុំចិត្តពលរដ្ឋខ្មែរនៅផ្ទះខ្លួនឯងមួយរយៈពេលសិនដោយកុំធ្វើការសម្រេចចិត្តដោយប្រថុយប្រថានទៅរកការងារធ្វើនៅប្រទេសថៃ ព្រោះដំណាក់កាលកូវីដ១៩ ថៃមិនទាន់ស្វាគមន៍ពលករចំណាក់ស្រុកនៅឡើយទេ។ ជុំវិញវិធានការទប់ស្កាត់នេះដែរ កាលពីខែមុន លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានដាក់បទបញ្ជាឲ្យសមត្ថកិច្ចតាមព្រំដែនបង្កើនការទប់ស្កាត់ពលរដ្ឋឆ្លងដែនខុសច្បាប់ និងតាមចាប់មេខ្យល់មកផ្តន្ទាទោសតាមច្បាប់។

បើតាមលោក ស ខេង នៅពេលច្រកព្រំដែនអន្តរជាតិបានបិទដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ប៉ុន្តែនៅតាមច្រករបៀងតូចៗ នៅមានមេខ្យល់លួចនាំមនុស្សឆ្លងដែនខុសច្បាប់។ ដូចនេះលោកបញ្ជាឲ្យសមត្ថកិច្ចតាមព្រំដែនត្រូវបង្កើនការរឹតបន្តឹង និងតាមចាប់មេខ្យល់មកផ្តន្ទាទោសតាមច្បាប់។

លោក ស៊ុម ចាន់គា មន្ត្រីអាដហុកប្រចាំខេត្តបន្ទាយមានជ័យមើលឃើញថា គេពិបាកនឹងទប់ស្កាត់លំហូរឆ្លង់ដែនដោយខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃទោះបីជាពលរដ្ឋខ្មែរដឹងថា ប្រឈមនឹងគ្រោះថ្នាក់និងការចាប់ចង់ក៏ដោយ។ នេះក៏ដោយសារកត្តាជីវភាពខ្វះខាតខ្លាំងអំឡុងពេលនៃវិបត្តកូវីដ១៩នេះ។

ប៉ុន្តែលោកស្រីជូន ប៊ុនអេង អះអាងថា យ៉ាងហោចណាស់ក្នុងចំណោមពលរដ្ឋខ្មែរជិតពាក់កណ្ដាល ក្នុងចំណោមមនុស្ស១០ម៉ឺននាក់ដែលសម្រុកមកពីថៃកាលពីអំឡុងខែមីនា ទទួលបានប្រាក់ឧបត្តម្ថពីរដ្ឋាភិបាលរួចហើយដែរ៕

website_news/2020300601.txt · Last modified: 2020/06/30 13:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki