website_news:2020300604

ពលករខ្មែរនៅថៃជិត ១០០នាក់ ចូលរួមស្វែងយល់ពីសិទ្ធិសេរីភាពខ្លួនធ្វើការនៅប្រទេសថៃ

https://www.rfa.org/khmer/ ដោយ វ៉ែន សុមេធ 2020-06-29

ក្រុមពលករខ្មែរ ៧០នាក់ដែលធ្វើការងារនៅប្រទេសថៃ នាំគ្នាចូលរួមវគ្គបណ្ដុះបណ្ដាលស្វែងយល់អំពីសិទ្ធិសេរីភាពរបស់ពលករក្នុងពេលបំពេញការងារនៅប្រទេសថៃ នៅរសៀលថ្ងៃទី២៨ មិថុនា។ មន្ត្រីសង្គមស៊ីវិល យល់ថា វគ្គបណ្ដុះបណ្ដាលនេះជារឿងល្អ ធ្វើឱ្យពលករយល់ដឹងពីសិទ្ធិអំណាចរបស់ខ្លួន និងដើម្បីការពារកុំឱ្យថៅកែថៃកេងប្រវ័ញ្ចកម្លាំងពលកម្មពួកគាត់បានអំពើចិត្តទៀត។

តំណាងពលករខ្មែរម្នាក់ដែលបានចូលរួមអប់រំពីសិទ្ធការងារពលករ លោក ហម ចន្ថា ថ្លែងថា ការអប់រំនេះធ្វើឱ្យលោកយល់ដឹងពីសិទ្ធិសេរីភាពរបស់ពលករបានច្រើនជាងមុន ជាពិសេសបានស្គាល់ស្ថាប័នដែលពួកគាត់អាចប្ដឹងទាមទារអត្ថប្រយោជន៍ផ្សេងៗ នៅពេលដែលថៅកែរំលោភសិទ្ធិការងារ។ ពលកររូបនេះបន្តថា ពីមុនមកនៅពេលមានបញ្ហានៅកន្លែងធ្វើការពួកគាត់មិនហ៊ានតវ៉ាជាមួយថៅកែនោះទេ ពីព្រោះខ្លាចថៅកែបណ្ដេញចេញពីការងារ និងដកហូតលិខិតឆ្លងដែនពីពួកគាត់៖ «ដល់ពេលយើងដឹងច្បាប់ទម្លាប់អីចឹងយើងអត់មានការភ័យខ្លាចទេកាលពីមុនយើងអត់ដឹងគ្រាន់តែសម្លុត ឬគេធ្វើបាបហើយសូម្បីតែប៉ូលិសចាប់យើងអត់ខុសអីសោះគេវាយទាត់ធាក់យើងក៏មានដែរ ហើយយើងអត់ដឹងទៅពឹងអ្នកណាឱ្យយើងបានទេ។ ដល់ពេលឥឡូវហ្នឹងយើងបានដឹងពីសិទ្ធយើងអីចឹងគឺយើងអាចមានមេធាវីខាងអង្គការគេជួយយើងដល់អីចឹងយើងអាចប្ដឹងគេបាន»។

ចំណែកពលករខ្មែរធ្វើការសំណង់នៅខេត្តឈុនបូរី លោក សូ សាវឿន វិញ ប្រាប់ថា ក្រោយពីបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះមក លោកបានយល់ថា ប្រសិនបើពលករត្រូវបានថៅកែរំលោភសិទ្ធិការងារ គឺពួកគេអាចប្ដឹងទៅប៉ូលិសថៃ និងក្រសួងការងារថៃ ព្រមទាំងប្ដឹងទៅស្ថានទូចខ្មែរប្រចាំទីក្រុងបាងកកឱ្យជួយអន្តរាគមន៍ពួកគាត់បាន។ លោកបញ្ជាក់ថា លោកនឹងនាំយកចំណេះដឹងទាំងនេះទៅផ្សព្វផ្សាយបន្តដល់ពលករខ្មែរដែលធ្វើការជាមួយលោក ដើម្បីកុំឱ្យថៅកែជនជាតិថៃរំលោភបំពានសិទ្ធិមកលើពួកគាត់នៅថ្ងៃខាងមុខទៀត៖ «គេប្រាប់យើងថា យើងត្រូវមានសិទ្ធិសេរីភាព បើនៅកន្លែងធ្វើការមានការរំលោភសិទ្ធិការងារដូចជាថៅកែមិនបើកលុយឱ្យ ឬលិខិតឆ្លងដែនមានបញ្ហាអីអាចប្ដឹងទៅអង្គការឱ្យជួយបាន។ ប្រទេសគេគោរពសិទ្ធិប្រជាពលរដ្ឋដែរប៉ុន្តែកន្លងមកដោយសារពលករខ្លះមិនដឹងទៅទាក់ទងកន្លែងណាឱ្យជួយនិងមិនចេះភាសាថៃមិនដឹងនិយាយថា ម៉េច»។ វគ្គបណ្ដុះបណ្ដាលនេះរៀបចំដោយសហភាពការងារពលកររបស់ប្រទេសថៃ ធ្វើឡើងនៅខេត្តសមុទ្រប្រាកាន (Samut prakan) ជាប់ទីក្រុងបាងកក ដើម្បីអប់រំដល់ពលករខ្មែរឱ្យបានយល់ដឹងអំពីសិទ្ធិពលករដែលធ្វើការនៅប្រទេសថៃ។

មន្ត្រីអង្គការសង់ត្រាល់ (CENTRAL) ទទួលបន្ទុកផ្នែកពលករ លោក ឌី ថេហូយ៉ា មានប្រសាសន៍ថា ការអប់រំពីសិទ្ធិការងារនេះ ផ្ដល់ប្រយោជន៍ច្រើនដល់ពលករខ្មែរនៅក្រៅប្រទេស ធ្វើឱ្យពួកគេមានទីពឹងផ្នែកច្បាប់ ដើម្បីទាមទារសិទ្ធិសេរីភាពរបស់ខ្លួនក្នុងពេលដែលថៅកែរំលោភបំពានសិទ្ធិការងារមកលើពួកគាត់។ លោកបន្តថា ពលករខ្មែរធ្វើការនៅប្រទេសថៃប្រមាណ ៨០ភាគរយ មិនយល់ដឹងពីសិទ្ធិរបស់ខ្លួននោះទេ ទើបជារឿយៗពួកគេត្រូវបានថៅកែជនជាតិថៃ រំលោភបំពានលើសិទ្ធិការងារជាហូរហែ ដូចជាបើកប្រាក់ខែមិនទៀងទាត់ ធ្វើការច្រើនម៉ោងមិនបើកប្រាក់ឈ្នួលឱ្យ និងមិនផ្ដល់ប្រាក់អត្ថប្រយោជន៍ពេលពួកគេធ្វើការងារនៅថ្ងៃបុណ្យជាតិ និងថ្ងៃឈប់សម្រាកថ្ងៃសៅរ៍ និងថ្ងៃអាទិត្យជាដើម៖ «ហើយមួយទៀតគាត់នៅពេលដែលមានបញ្ហាគាត់អត់ដឹងទៅរកអ្នកណាឱ្យជួយគាត់បានទេ ព្រោះកាលណាគាត់បានចូលរួមវគ្គបណ្ដុះបណ្ដាលហ្នឹង គាត់អត់ដឹងថា ស្ថាប័នណាដែលពាក់ព័ន្ធហ្នឹងការការពារសិទ្ធិរបស់គាត់ទេ។ អីចឹងអាប្រយោជន៍ទាំងពីរ ទាំងបីនេះវាត្រូវបានបាត់ហើយត្រូវបានប្រឈមនឹងការរំលោភសិទ្ធិពួកគាត់»។

លោក ឌី ថេហូយ៉ា ជំរុញឱ្យពលករខ្មែរចូលរួមក្នុងកម្មវិធីបែបនេះឱ្យបានច្រើន ដើម្បីឱ្យមានបណ្ដាញ និងត្រូវចងក្រងគ្នាជាសហគមន៍ពលករ ដើម្បីការពារសិទ្ធិនិងប្រយោជន៍របស់ខ្លួន កុំឱ្យថៅកែថៃចេះតែកេងចំណេញកម្លាំងពលកម្មរបស់ពួកគេបន្តទៀត។ របាយការណ៍របស់អង្គការសង់ត្រាល់ឱ្យដឹងថា ពលករខ្មែរដែលធ្វើការនៅប្រទេសថៃ ទាំងស្របច្បាប់និងខុសច្បាប់ មានប្រមាណ ២លាននាក់៕

website_news/2020300604.txt · Last modified: 2020/06/30 14:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki