website_news:2020300703

ក្រសួងមហាផ្ទៃ ពង្រឹងប្រសិទ្ធភាពការងារ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅកម្ពុជា ដើម្បីឆ្លើយតបនឹងការវាយតម្លៃ របស់អាមេរិក

https://www.cen.com.kh/ July 29, 2020

ភ្នំពេញ៖ ការប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស ក្រសួងមហាផ្ទៃ ក៏ដូចជាក្រសួងស្ថាប័ន្ធពាក់ព័ន្ធ រួមទាំងអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គឺមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការដោះស្រាយបញ្ហានេះ។ ក្រសួងមហាផ្ទៃ ក៏ពង្រឹងប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា ដើម្បីឆ្លើយតបនឹងការវាយតម្លៃរបស់សហរដ្ឋអាមេរិក។

ទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សា ក្នុងការពង្រឹងប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ដើម្បីឆ្លើយតបនឹងការវាយតម្លៃរបស់សហរដ្ឋអាមេរិក ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងលោក ជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) ដោយមានការអញ្ជើញចូលរួមពី អគ្គលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយដ្ឋានពាក់ព័ន្ធ ព្រមទាំងអង្គភាពនានា ជាច្រើនផងដែរ។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) មានប្រសាសន៍ថា នាពេលកន្លងមក រាជរដ្ឋាភិបាលកម្ពុជា តាម រយៈគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអនុវត្តយ៉ាងសកម្មក្នុងកិច្ចការប្រយុទ្ធប្រឆាំងអំពើជួយដូរមនុស្ស ប៉ុន្តែទោះជាយ៉ាងនេះក្តី ដោយមានការវិវឌ្ឍក្នុងសង្គមនាពេលបច្ចុប្បន្ន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានកំណត់នូវផែនការបន្តសម្រាប់អនុវត្ត ក្នុងការពង្រឹងយុទ្ធនាការសកម្មភាពនេះបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាបន្តកាត់បន្ថយ និងឈានទៅលុបបំបាត់អំពើជួញដូរមនុស្សនេះ។

ជាងនេះទៀត ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ទាក់ទងទៅនឹងការប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្សនេះ ក្រសួងមហាផ្ទៃ ក៏ដូចជាក្រសួងស្ថាប័ន្ធពាក់ព័ន្ធ រួមទាំងអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គឺមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការដោះស្រាយបញ្ហានេះ។ ហេតុដូចនេះហើយ នៅក្នុងកិច្ចប្រជុំនាថ្ងៃនេះ គឺក្នុងន័យដើម្បី ពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តកិច្ចការងារ និងការរៀបចំរបាយការណ៍ ឲ្យឆ្លើយតបទៅនឹងសកម្មភាពជាក់ស្តែង ដោយបង្ហាញពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ទៅលើការគាំទ្រ និងចូលរួមប្រយុទ្ធប្រឆាំង និងអំពើជួញដូរមនុស្សនេះផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សក់ សេដ្ឋា ក៏បានវាយតម្លៃខ្ពស់ចំពោះលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) និងសហការី ព្រមជាមួយកងកម្លាំងនគរបាល ដែលបានខិតខំប្រឹងប្រែង ក្នុងកិច្ចការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ ឯកឧត្តម បានបន្តថា ចំពោះកិច្ចការនេះ ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងក្នុងក្របខ័ណ្ឌជាតិ ក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដូច្នេះហើយទើបរៀបចំឱ្យមានកិច្ចប្រជុំនេះឡើង ដើម្បីប្រមូលធាតុចូល ព្រមទាំងគំនិតសំខាន់ៗ ជារួមក្នុងការពង្រឹងភាពច្បាស់លាស់ ទៅលើការអនុវត្តសកម្មភាពនានា ពាក់ព័ន្ធទៅនឹងការប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស ក្នុងការឆ្លើយតបទៅនឹងការវាយតម្លៃរបស់សហរដ្ឋអាមេរិក។ ជាមួយគ្នានេះដែរ កិច្ចប្រជុំនេះ ក៏នឹងពិនិត្យលើវិធានការនានា ដើម្បីអនុវត្តនៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ ឱ្យមានកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមជាងនេះទៀត៕ ដោយ៖បញ្ញាស័ក្តិ

website_news/2020300703.txt · Last modified: 2020/07/30 13:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki