website_news:2020300705

រដ្ឋមន្ត្រីៈ គោលនយោបាយជាតិការពារកុមារ ជាយុទ្ធសាស្ត្រប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល កម្ពុជា

https://www.rasmeinews.com/ July 29, 2020, 11:29 AM

ដោយៈ មេសា/ភ្នំពេញៈ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និង ជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បី កុមារ មានប្រសាសន៍ខ្លឹមសារ នៃ គោលនយោបាយថ្មីក្នុងការការពារកុមារ ថា “ គោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ជាយុទ្ធសាស្ត្របង្ហាញអំពី ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលធ្លាប់អនុវត្តកន្លងមក និងចាំបាច់ត្រូវធ្វើការពង្រឹង និងពង្រីកបន្ថែមទៀត និងជាគោលនយោបាយជាតិដែលត្រូវបានរៀបចំឡើងជាលើកដំបូងសម្រាប់រយៈពេល១០ឆ្នាំ ២០១៩-២០២៨ ដែលអាចប្រមូលផ្តុំការវិនិយោគទៅលើកុមារ ទាំងស្មារតី ទាំងធនធាន ឱ្យមានលក្ខណៈជាប្រព័ន្ធគ្រប់ជ្រុងជ្រោយជាងមុន ដើម្បីឱ្យកុមារគ្រប់រូបមានឱកាសស្មើៗគ្នា និងក្លាយជាធនធានមនុស្សដែលអាចរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ “ ។ លោក វង សូត ថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ នៅទីស្តីការក្រសួងសង្គមកិច្ច នាព្រឹកថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២០ រៀបចំដោយ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បី កុមារ (ក.ជ.ក) ដោយមានការសហការគាំទ្រពី អង្គការភ្លែនអន្តរជាតិកម្ពុជា និង អង្គការឆាលហ្វាន់កម្ពុជា ។

ប្រព័ន្ធកិច្ចការពារកុមារ ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តនាថ្ងៃនេះ មានលក្ខណៈជាប្រព័ន្ធ៥ ចំណុចគឺ៖

១. ភាពចាំបាច់ក្នុងការវិនិយោគបន្ថែម លើមន្ត្រីសង្គមកិច្ចឬបុគ្គលិកសង្គមនៅថ្នាក់ក្រោមជាតិ ដើម្បីជំរុញសេវាការពារកុមារប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល សង្គតិភាព និងទាន់ពេលវេលាដល់កុមារ និងគ្រួសារនៅតាមសហគមន៍។

២. ការបន្តធានាឱ្យកុមារទទួលបាននូវសេវាផ្លូវច្បាប់ និងសមធម៌សង្គម តាមរយៈការផ្តល់នូវកញ្ចប់អប្បរមានៃសេវាសង្គមកិច្ចសម្រាប់កុមារ និងគ្រួសារដែលត្រូវការកិច្ចការពារ។

៣. ការឆ្លើយតបចំពោះគ្រោះមហន្តរាយ ដែលបណ្តាលឱ្យមានផលប៉ះពាល់ដល់កុមារ និងគ្រួសារកុមារ។

៤. ការបន្តប្រមូលផ្តុំ ពង្រឹង និងពង្រីកកម្មវិធីដែលមានស្រាប់សម្រាប់កិច្ចការពារកុមារ សំដៅបង្កើនប្រសិទ្ធភាព តម្លាភាព និងសង្គតិភាពឱ្យបានទូលំទូលាយ។

៥. ការធានានូវសង្គតិភាពនៃនីតិវិធី វិធានការ និងយន្តការដែលមានស្រាប់ក្នុងការដោះស្រាយបញ្ហារបស់កុមារ ដើម្បីបំពេញនូវតម្រូវការនិងធានាការពារកុមារ ប្រកបដោយបរិយាកាសគ្រួសារ សេចក្តីស្រឡាញ់ ការយកចិត្តទុកដាក់មានលក្ខណៈកុមារមេត្រី និងធានាឧត្តមប្រយោជន៍របស់កុមារ ។

ប្រព័ន្ធកិច្ចការពារកុមារ ក៏គឺជាបណ្តុំ នៃវិធានបង្កើតឡើងក្នុងគោលបំណងជំរុញ និងលើកកម្ពស់ការការពារកុមារពីការរំលោភបំពាន និងការកេងប្រវ័ញ្ចគ្រប់រូបភាព ហើយវិធានទាំងនេះមាន ៤ ចំណុច គឺ ៖

១- ក្របខណ្ឌច្បាប់និងគោលនយោបាយ , ២ -ការផ្តល់ជំនួយនិងសេវា , ៣ -ធនធានមនុស្សនិងហិរញ្ញវត្ថុ និង ៤ -ការផ្លាស់ប្តូរឥរិយាបថសង្គមក្នុងការប្រព្រឹត្តទៅលើកុមារ ដែលវិធានទាំងនេះត្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យសុខុមាលភាពសង្គម អប់រំសុខភាព សន្តិសុខ និងយុត្តិធម៌ ក្នុងការគាំទ្រដល់ការបង្ការទប់ស្កាត់និងឆ្លើយតប ដើម្បីការពារកុមារពីហានិភ័យផ្សេងៗ។

ក្របខណ្ឌគោលនយោបាយជាតិមួយនេះ ផ្អែកលើសសរស្តម្ភ៣ គឺ ៖ ១. ការបង្ការទប់ស្កាត់ , ២. ការអន្តរាគម និង ៣. ការផ្តល់សេវា និងការឆ្លើយតប ដែលយើងត្រូវបំពេញជាលក្ខណៈប្រព័ន្ធមួយ ។

លោកស្រី ញ៉េប សុភាព អគ្គលេខាធិការ នៃ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ បានលើកឡើងថា គោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ គឺជាគោលនយោបាយមួយដែលបានបង្ហាញយ៉ាងច្បាស់ ពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិ និងការការពារកុមារ ព្រមទាំងការដោះស្រាយបញ្ហាកុមារនៅកម្ពុជា ក្នុងនាមជាប្រទេសហត្ថលេខី នៃអនុសញ្ញាស្តីពីសិទ្ធិកុមារ ហើយជាពិសេសគោលនយោបាយនេះជាស្នាដៃតាក់តែងចងក្រងរួមគ្នាដោយ ក្រុមការងារអន្តរក្រសួង នៃគណៈកម្មការការពារកុមារថ្នាក់ជាតិ ។

គប្បីរំឭកថា ដើម្បីឈានមកដល់ថ្ងៃនេះដំណើរការ នៃការផ្តួចផ្តើមគំនិត និងចងក្រងគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារនេះ បានចាប់ផ្តើមកាលពី ៣ ឆ្នាំមុនពោលគឺក្នុងឆ្នាំ២០១៧ ហើយនាយិកាប្រចាំប្រទេស នៃ អង្គការភ្លែនអន្តរជាតិកម្ពុជា អ្នកស្រី គ្វីននេត វ៉ង មានប្រសាសន៍ថា ‌‌‌‌‌ អង្គការភ្លែនអន្តរជាតិកម្ពុជា អង្គការឆាលហ្វាន់ និងដៃគូរទាំងអស់ពិតជាមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមគាំទ្រក្នុងដំណើរការនៃ ការចងក្រងគោលនយោបាយជាតិដ៏មានសារសំខាន់នេះ ក៏ដូចជាបានចូលរួមផ្សព្វផ្សាយ និង ដាក់ឲ្យប្រើប្រាស់ ដើម្បី ធានាឱ្យកុមារគ្រប់រូបទទួលបាននូវសិទ្ធិ ស្មើៗគ្នា ដើម្បីសមធម៌ និង យុត្តិធម៌សង្គម ៕ Kh

website_news/2020300705.txt · Last modified: 2020/07/30 13:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki