website_news:2020300903

ការលួចឆ្លងដែនដោយខុសច្បាប់ បានបន្ថែមទម្ងន់លើវិបត្តិកូវីដ១៩

http://btv.com.kh/ 29/09/2020

សៀមរាប ៖ លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានបង្ហាញកង្វល់ថា វាជាទម្ងន់បន្ថែមលើដំណោះស្រាយ ខណៈពេលដែលពលរដ្ឋខ្មែរមួយចំនួន នៅតែលួចឆ្លងដែន នៅក្នុងអន្តរកាល នៃវិបត្តិកូវីត១៩នេះ។ នៅក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប កាលពីថ្ងៃទី២៨ ខែកញ្ញា ម្សិលមិញ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានបញ្ជាក់ថា មកដល់ពេលនេះ ក្រុមការងារជំនាញបានរកឃើញថា ប្រជាពលរដ្ឋខេត្តសៀមរាប ដែលបានធ្វើ ចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេស ចំនួនជាង៥ម៉ឺននាក់ ក្នុងនេះការធ្វើចំណាកស្រុកដោយស្របច្បាប់ មានចំនួនតែជាង ២ម៉ឺននាក់ ហើយការធ្វើចំណូលស្រុកមកវិញ មានចំនួនជាងបីម៉ឺននាក់។ ក្រុមអ្នកចំណូលស្រុកទាំងនេះ មានមួយចំនួន បានព្យាយាមឆ្លងដែនត្រឡប់ទៅវិញ ដោយផ្សងនឹងគ្រោះថ្នាក់ជាច្រើន ដោយសារតែការ ចាញ់ឧបាយកលមេខ្យល់ ដែលទាំងនោះ គឺជាក្តីកង្វល់មួយ។ លោកស្រី បានបន្ថែមថា មូលហេតុមួយចំនួន នៃការលួចឆ្លងដែនជាថ្មី របស់ពលរដ្ឋខ្មែរទាំងនោះ ក្រៅពីការអូសទាញ ក៏មានមួយចំនួនដែរ ជាពលករស្របច្បាប់ បានធ្វើចំណូលស្រុកមកវិញដោយខុសច្បាប់ នៅពេលដែលព្រំដែនត្រូវបានបិទ។ ការឆ្លងដែនក្នុងពេលដែលច្រកព្រំដែនត្រូវបានបិទ វាជាករណី ខុសច្បាប់រួចទៅហើយ ប៉ុន្តែវាក៏កំពុងឋិតក្នុងវិបត្តិកូវីដ១៩ថែមទៀត ដែលទាំងអស់នេះ បានក្លាយជាបន្ទុក ដ៏ធ្ងន់ធ្ងរសម្រាប់ការរកដំណោះស្រាយ។

លោកស្រី យូ សុភាព បានបញ្ជាក់ថា យ៉ាងណាក៏ដោយ ឆ្លើយតបទៅនឹងបញ្ហាទាំងនេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស បានសហការជាមួយរដ្ឋបាលខេត្ត រៀបចំកម្លាំងទទួលពលរដ្ឋ ខ្មែរ ដែលបានធ្វើចំណូលស្រុកវិញ ប្រចាំការនៅតាមបណ្តាច្រកទ្វារព្រំដែន ដូចជា ប៉ោយប៉ែត ម៉ាឡៃ និង អូរបីជាន់ ជាដើម ជាមួយនឹងការអនុវត្តតាមវិធានសុវត្ថិភាព ដែលដាក់ចេញដោយក្រសួងសុខាភិបាល ធ្វើ ចត្តាឡីស័ក ឧបត្ថម្ភអាហារ ដឹកជញ្ជូនទៅកាន់មូលដ្ឋាន តាមដានសុខភាព បង្ការទប់ស្កាត់រលកទី២ ចូល ក្នុងសហគមន៍៕ អត្ថបទ៖ ងឹន គឹមឡេង

website_news/2020300903.txt · Last modified: 2020/09/30 12:03 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki