website_news:2020300907

អាជ្ញាធរថៃចាប់ពលករខ្មែរ ៥នាក់លួចឆ្លងដែនខុសច្បាប់នៅតំបន់ព្រំដែនកម្ពុជា

https://www.rfa.org/khmer/ ដោយ ទីន ហ្សាការីយ៉ា 2020-09-29

អាជ្ញាធរថៃចាប់ពលករខ្មែរចំនួន៥នាក់ លួចឆ្លងដែនចូលទៅរកការងារធ្វើនៅប្រទេសថៃ ដោយខុសច្បាប់ នៅព្រឹកថ្ងៃទី២៩ កញ្ញា។ សារព័ត៌មាន ៧៧ខាវដិត (77Kaoded) របស់ថៃ ចុះផ្សាយនៅថ្ងៃទី២៩ កញ្ញាថា ពលករខ្មែរទាំង៥នាក់ រួមមានប្រុស ៤នាក់ និងស្រីម្នាក់ ដោយមានអាយុចន្លោះពី ២២ ដល់ ៣៧ឆ្នាំ និងមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ។ ពួកគេត្រូវបានទាហានឈុតខ្មែររបស់ថៃ ចាប់ខ្លួនក្នុងពេលធ្វើដំណើរនៅតំបន់ព្រំដែនក្នុងស្រុកតាផាយ៉ា (Taphya) ខេត្តស្រះកែវ (Srakao) ក្បែរច្រករបៀងព្រំដែនបឹងត្រកួន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ អាជ្ញាធរថៃបានបញ្ជូនពលករខ្មែរទាំងនោះទៅឃុំខ្លួននៅប៉ុស្តិ៍ប៉ូលិសស្រុកអារញ្ញ ដើម្បីចាត់វិធានការតាមច្បាប់។

ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ សុផល មានប្រសាសន៍ថា មួយរយៈនេះអាជ្ញាធរថៃបានដាក់កម្លាំងការពារយ៉ាងតឹងតែងនៅតំបន់ព្រំដែនកម្ពុជា និងថៃ ដើម្បីទប់ស្កាត់ពលករខ្មែរលួចឆ្លងដែនចូលទៅធ្វើការនៅប្រទេសថៃ ដោយខុសច្បាប់ ដោយសារព្រួយបារម្ភខ្លាចឆ្លង ជំងឺកូវីដ១៩។ លោកប្រាប់ថា ពលករខ្មែរភាគច្រើនដែលអាជ្ញាធរថៃចាប់ខ្លួនអំឡុងពេលការរាតត្បាតជំងឺកូវីដ១៩ ភាគច្រើន ពួកគេត្រូវអាជ្ញាធរថៃបញ្ជូនត្រឡប់មកកម្ពុជាវិញ។ លោកឱ្យដឹងថា បច្ចុប្បន្នមានពលករខ្មែរប្រមាណពី ៥០ ទៅជាង ១០០នាក់ក្នុងមួយថ្ងៃត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនត្រឡប់មកកម្ពុជាវិញ តាមច្រករបៀងព្រំដែនក្នុងខេត្តបន្ទាយមានជ័យ៕

website_news/2020300907.txt · Last modified: 2020/09/30 12:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki