website_news:2020301101

នារីខ្មែរ ៨ នាក់ ត្រូវបានសង្គ្រោះពីព្រំដែនវៀតណាម-ចិន ពេលមេខ្យល់កំពុងនាំឆ្លងដែន

https://www.postkhmer.com/ ឃុត សុភចរិយា | Publication date 27 November 2020 | 14:00 ICT

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសវៀតណាម កាលពីថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ បានសហការសម្របសម្រួលជាមួយអាជ្ញាខេត្តកាវបាង បញ្ជូននារីខ្មែរ ៨ រូប ត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីត្រូវបានចាញ់បោកមេខ្យល់លួចឆ្លងដែនទៅកាន់ប្រទេសចិន ដោយឆ្លងកាត់ប្រទេសវៀតណាម ដោយខុសច្បាប់។ យោងតាមសេចក្ដីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម ចុះថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបានកាលពីថ្ងៃទី ២៦ វិច្ឆិកា ថា នារីខ្មែរទាំង ៨ នាក់នោះ មានទីលំនៅក្នុងខេត្តកណ្ដាល កំពង់ចាម បន្ទាយមានជ័យ និងរាជធានីភ្នំពេញ។ ក្នុងចំណោមនារីទាំង ៨ នាក់ មាន ៤ នាក់ជាអនីតិជន។ សេចក្ដីជូនដំណឹងនោះបានបញ្ជាក់ថា៖ «ពួកនាងត្រូវបានឆបោកនាំពីកម្ពុជា» នៅថ្ងៃទី ២៥ ខែតុលា និងថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ តាមផ្លូវលំ ក្បែរច្រកទ្វារអន្តរជាតិ បាវិត-ម៉ុកបាយ ឆ្ពោះទៅព្រំដែនវៀតណាម-ចិន នៃខេត្តកាវបាង ហើយត្រូវបានអាជ្ញាធរខេត្តកាវបាង ជួយសង្គ្រោះបាននៅថ្ងៃទី ០៦ និង ថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅចំណុចព្រំដែនវៀតណាម-ចិន ដែលមានចម្ងាយប្រមាណ ៣៧០ គីឡូម៉ែត្រ ពីទីប្រជុំជននៃក្រុងហាណូយ។

ក្រោយពីមានកិច្ចអន្តរាគមន៍សម្របសម្រួលពីស្ថានអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម អាជ្ញាធរខេត្តកាវបាង នៅថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ បានសម្រេចបញ្ជូនពួកនាងតាមរថភ្លើងមកកាន់ទីក្រុងហូជីមិញ ដែលតាមគម្រោង នៅវេលាម៉ោង ៥:០០ ព្រឹក ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ ពួកនាងនឹងមកដល់ទីក្រុងហូជីមិញ ជាទីដែលមានស្ថានអគ្គកុងស៊ុលកម្ពុជា រង់ចាំដើម្បីសម្របសម្រួលការធ្វើដំណើរបន្តទៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ។ យ៉ាងណាក៏ដោយ នៅក្នុងសេចក្ដីជូនដំណឹងនោះ ស្ថានអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម មិនបានបញ្ជាក់ឲ្យច្បាស់អំពីទិសដៅពិតប្រាកដរបស់ពួកនាងដែលត្រូវទៅនោះទេ ហើយក៏មិនបានបញ្ជាក់ពីមូលហេតុ ដែលនាំឲ្យពួកនាងត្រូវបានគេបោកបញ្ឆោតពីកម្ពុជានោះដែរ។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានប្រាប់ ភ្នំពេញ ប៉ុស្ តិ៍ថា គោលបំណងរបស់ក្រុមនារីរងគ្រោះ គឺទៅប្រទេសចិន ដោយឆ្លងកាត់ប្រទេសវៀតណាម។ លោកបានបន្តថា នៅពេលនេះអគ្គកុងស៊ុលកម្ពុជាប្រចាំក្រុងហូជីមិញ នឺងសហការជាមួយអាជ្ញាធរវៀតណាម ជួយសម្រួលស្ត្រីរងគ្រោះ ដើម្បីឆ្លងកាត់ព្រំដែនមកកម្ពុជាវិញ ដោយមានមន្ត្រីសង្គមកិច្ចខេត្តស្វាយរៀងចាំទទួលនៅច្រកព្រំដែន និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល។

អ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រៃ្តយនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា នៅថ្ងៃទី ២៦ ខែវិច្ឆិកាថា ជាទូទៅជនរងគ្រោះដែលត្រូវបានចាញ់បោកមេខ្យល់នាំពីកម្ពុជាទៅកាន់ប្រទេសវៀតណាម គោលដៅរបស់ពួកគេភាគច្រើន គឺទៅប្រទេសចិន។ ចំណែកមូលហេតុ គឺក្រុមជនរងគ្រោះ ជឿលង់ការបញ្ឆោតរបស់ក្រុមមេខ្យល់ តាមរយៈរូបភាពរៀបអាពាហ៍ពិពាហ៍ក្លែងក្លាយ និងការធានាផ្ដល់ការងារធ្វើនៅតាមផ្ទះ ដែលមានប្រាក់ខែខ្ពស់ជាដើម។ អ្នកស្រីបានបញ្ជាក់ថា៖ «យោងតាមរបាយការណ៍នៃការសិក្សាស្រាវជ្រាវ ជនរងគ្រោះជាស្ត្រីកម្ពុជា ៦០ នាក់ ក្នុងមួយឆ្នាំ ត្រូវបានរកឃើញថា ចាញ់បោកមេខ្យល់នាំយកទៅលក់នៅប្រទេសចិន ហើយត្រូវបានអគ្គកុងស៊ុលកម្ពុជា ប្រចាំប្រទេសចិន សហការជាមួយអាជ្ញាធរចិន ជួយអន្តរាគមន៍បញ្ចូនមកកាន់កម្ពុជាវិញ»។

ចំពោះករណីនារីខ្មែរទាំង ៨ នាក់ ដែលត្រូវបានចាញ់បោកមេខ្យល់នាំពីកម្ពុជាទៅកាន់ព្រំដែនវៀតណាម-ចិន នៃខេត្តកាវបាង និងដែលត្រូវបានបញ្ជូនត្រឡប់មកដល់ច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ នៅព្រៃថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ នោះ ក្រុមការងាររបស់អ្នកស្រី កំពុងសហការជាមួយសមត្ថកិច្ចជំនាញនៃលេខាធិការដ្ឋានគណៈកម្មាប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តស្វាយរៀង មន្ត្រីជំនាញពីក្រសួងសង្គមកិច្ច ក្រសួងសុខាភិបាល និងសមត្ថកិច្ចនគរបាលប្រចាំច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ ដើម្បីទទួលពួកនាងយកទៅធ្វើចត្តាឡីស័ក្ដិ ១៤ ថ្ងៃ។ អ្នកស្រីបញ្ជាក់ថា៖ «នៅពេលពួកគាត់មកដល់មន្ទីរសុខាភិបាល នឹងដាក់ឲ្យធ្វើចត្តាឡីស័ក ១៤ ថ្ងៃសិន។ ក្រោយពីបញ្ចប់ការធ្វើចត្តាឡីស័ក្តិ ទើបក្រុមការងារយើងខ្ញុំ អាចដំណើរការសាកសួរពួកនាង នូវព័ត៌មានផ្សេងៗមួយចំនួនបាន»៕

website_news/2020301101.txt · Last modified: 2020/11/30 10:29 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki