website_news:2020301107

តម្រួតថៃ ឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន ៦ នាក់ តែងកាយជាព្រះសង្ឃដើរបិណ្ឌបាត

http://kampucheathmey.com/ November 28, 2020 Dy Bunnar

ជនជាតិខ្មែរចំនួន ៦ នាក់ ដែលមានគ្រងស្បង់ជីពរ ជាព្រះសង្ឃ ត្រូវបានកម្លាំងតម្រួតថៃ តាមស្រាវជ្រាវ ពេញមួយព្រឹក រហូតឈានដល់ការឃាត់ខ្លួន ខណៈដែលសង្ឃទាំងអស់នេះ កំពុងនិមន្តបិណ្ឌបាតនៅតាមតំបន់នានា ក្នុងក្រុងបាងកក ។ យោងតាមការផ្សាយរបស់សារព័ត៌មានថៃមួយបានបញ្ជាក់ថា ការឃាត់ខ្លួនសង្ឃទាំង ៦ អង្គនេះ គឺបានធ្វើឡើងកាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចព្រៃមួយកន្លែងក្បែរផ្លូវ បាងណាត្រាត ជិតផ្លូវចូលទៅព្រលានយន្តហោះ សុវណ្ណភូមិ កណ្តាលទីក្រុងបាងកក ប្រទេសថៃ។ ព័ត៌មានបានបន្តថា នៅមុនពេលឃាត់ខ្លួនគឺតម្រួតថៃបានតាមប្រមាញ់តាំងពីព្រឹក រហូតដល់ម៉ោង ១០ ទើបប្រទះឃើញព្រះសង្ឃទាំង ៦ អង្គ និមន្តចូលទៅតាមផ្លូវព្រលានយន្តហោះ ទើបសមត្ថកិច្ចថៃបានដេញរហូតដល់កន្លែងស្នាក់នៅរបស់ព្រះសង្ឃទាំងនោះតែម្តង គឺស្ថិតក្នុងព្រៃមួយកន្លែង ដោយនៅទីនោះមានសម្ភារៈមួយចំនួនដូចជា អង្រឹងនិង ខ្ទមសម្រាប់ស្នាក់នៅ មានសម្ភារៈចានឆ្នាំង និងស្បៀងអាហារមួយចំនួន ដូចជាត្រីខ កំប៉ុងជាដើម ។

ស្ថិតក្នុងស្បង់ជីពរដែលកំពុងគ្របដណ្តប់លើរាងកាយ តម្រួតថៃបានបញ្ជាអោយព្រះសង្ឃទាំងនោះសូត្រធ៌មទៅតាមទំនៀម ទំលាប់សាសនា ប៉ុន្តែមានតែមួយចំនួនតូចតែប៉ុណ្ណោះដែលចេះសូត្រ ដោយឡែកមួយចំនួនទៀតមិនមានចេះធ៌មអារ្យអ្វីនោះទេ ដោយគ្រាន់តែដើរៗតាមគេដើម្បីបិណ្ឌបាតយកបច្ច័យតែប៉ុណ្ណោះ ដែលជាសទ្ធាជ្រះថ្លារបស់ពលរដ្ឋ ។ បច្ចុប្បន្នព្រះសង្ឃក្លែងក្លាយទាំង ៦ អង្គ ត្រូវបានកម្លាំងតម្រួតបញ្ជូនទៅអោយខាងធម្មការផ្សឹក និងបញ្ជូនខ្លួនទៅតាមផ្លូវច្បាប់ ដោយសារបានលបឆ្លងដែនចូលទៅក្នុងទឹកដីថៃ ដោយគ្មានច្បាប់អនុញ្ញាត និងម៉្យាងទៀតបានតែងកាយបន្លំខ្លួនជាព្រះសង្ឃ ៕ អត្ថបទ៖ សោ និយមរ័ត្ន

website_news/2020301107.txt · Last modified: 2020/11/30 10:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki